ព័ត៌មានអន្ដរជាតិ
BBC ផ្សាយពីភាពរងគ្រោះរបស់កម្ពុជាដែលត្រូវថៃឈ្លានពាន
យោងតាមរបាយការណ៍របស់ BBC នៅថ្ងៃទី០៩ខែសីហា បានផ្សាយថាអ្នកភូមិកម្ពុជានៅតាមបណ្ដោយព្រំដែនបានរងទុក្ខនិងបាត់បង់ផ្ទះសម្បែងក្នុងភាពតានតឹងព្រំដែនជាមួយប្រទេសថៃ ខណៈដែលភាគីថៃបានប្រើបន្លាលួសព័ទ្ធយកដីសហគមន៍កម្ពុជាក្បែរព្រំដែន បើទោះបីជាមានបទឈប់បាញ់ក៏ដោយ។ ខាងក្រោមនេះគឺជាអត្ថបទសង្ខេបដែលដកស្រង់ចេញពីការផ្សាយរបស់ BBC ៖

BBC បានចុះទៅតំបន់ព្រំដែននៃប្រទេសកម្ពុជា ដោយបានជួបប្រជាជនភៀសសឹក និងបានឃើញការខូចខាតមួយចំនួនដែលបន្សល់ទុកដោយការបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកពីភាគីថៃរយៈពេលប្រាំថ្ងៃ។ នៅក្នុងភូមិជោគជ័យ អ្នកស្រុកនិយាយថា ទាហានថៃបានបង្ខំពួកគេឱ្យចាកចេញពីផ្ទះសម្បែង និងស្រែចម្ការកាលពីថ្ងៃទី១៣ ខែសីហា ជាកន្លែងដែលប្រជាជនកម្ពុជាបានរស់នៅ និងធ្វើការជាច្រើនទសវត្សរ៍មកហើយ ដោយទាហានថៃទុកពេលតែប៉ុន្មាននាទីប៉ុណ្ណោះដើម្បីប្រមូលរបស់របរ។ អ្នកភូមិម្នាក់ឈ្មោះ Huis Malis បានប្រាប់ BBC ថា «ខ្ញុំបានសួរទាហានថៃថាតើខ្ញុំអាចត្រលប់ទៅយកឆ្នាំងបាយរបស់ខ្ញុំវិញបានទេ ពួកគេបានឱ្យពេលខ្ញុំត្រឹមតែ ២០ នាទីប៉ុណ្ណោះ»។
ភាពតានតឹងប្រវត្តិសាស្ត្រលើប្រាសាទនៅតែជាបញ្ហាស្នូល ជាពិសេសប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលវាយប្រហារពីភាគីថៃ។ ក្នុងនោះមានជណ្ដើរបុរាណចំនួនពីររងការខូចខាត ជញ្ជាំងមានស្នាមប្រេះ និងរណ្ដៅពីគ្រាប់កាំភ្លើងនៅតាមតំបន់ប្រាសាទ។ អ្នកជាតិនិយមថៃនៅតែមិនទទួលយកសេចក្តីសម្រេចឆ្នាំ ១៩៦២ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលបានទទួលស្គាល់ប្រាសាទព្រះវិហារនៅលើទឹកដីកម្ពុជា ព្រោះរដ្ឋាភិបាលថៃមុនៗមិនបានជំទាស់នឹងផែនទីដែលគូរដោយបារាំងដែលដាក់នៅទីនោះ។ ប៉ុន្តែ ICJ មិនបានគ្រប់គ្រងលើតំបន់ជម្លោះផ្សេងទៀតនៅតំបន់ព្រំដែននោះទេ ដោយបន្សល់ទុកគ្រាប់ពូជនៃជម្លោះមកដល់នាពេលបច្ចុប្បន្ននេះ។

បើតាមមន្ត្រីកម្ពុជាបានរាយការណ៍ពីទីតាំងបំផ្ទុះជាង ១៤០ និងបានព្រមានពីគ្រាប់មិនទាន់ផ្ទុះ ដែលយោធាថៃបានទទួលស្គាល់ថាបានប្រើប្រាស់ពិតមែន។ ទោះយ៉ាងណាថៃបដិសេធការបាញ់ប្រហារទៅលើប្រាសាទ ជំនួសវិញដោយថោទកម្ពុជាបានដាក់ពង្រាយទាហាន និងសព្វាវុធនៅក្នុងបរិវេណប្រាសាទ ខណៈអ្នកយកព័ត៌មាន BBC មិនបានឃើញភស្តុតាងនៃរឿងនេះទេ។
លើសពីនេះ ព្រំដែនកម្ពុជា-ថៃត្រូវបានបិទបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវកាលពីខែកក្កដាដែលបានបង្កវិបត្តិសេដ្ឋកិច្ចគឺធ្ងន់ធ្ងរ។ តាមការសម្ភាសរបស់BBCជាមួយ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី (Oum Reatrey) ប៉ាន់ប្រមាណថា ខាតបង់ចំណូលគយ ១លានដុល្លារក្នុងមួយថ្ងៃពីការបិទផ្លូវពាណិជ្ជកម្ម។ ពាណិជ្ជកម្មឆ្លងព្រំដែនរាប់ពាន់លានដុល្លារត្រូវបានរំខាន ពលករខ្មែររាប់ពាន់នាក់បានត្រឡប់ទៅផ្ទះវិញ ដោយសារភ័យខ្លាចជម្លោះរវាងប្រទេសទាំងពីរ។ ខណៈបើទោះជាមិនមានព័ត៌មានផ្លូវការពីការខាតបង់ប្រទេសថៃ ប៉ុន្តែនៅក្នុងជម្លោះនេះប្រទេសថៃក៏ទំនងជាចំណាយច្រើននិងខាតបង់ផ្នែកសេដ្ឋកិច្ចក៏ច្រើនខ្លាំងដែរ។

ទន្ទឹមនឹងនោះ គ្រួសារខ្មែរដែលផ្លាស់ទីលំនៅប្រមាណ ៥ ពាន់គ្រួសារ បន្តរស់នៅក្នុងជំរុំបណ្ដោះអាសន្នក្រោមតង់ដោយមានមិនមានអនាម័យល្អ និងខ្វះខាតស្បៀងអាហារ។ ទោះបីនៅទូទាំងព្រំដែនក្នុងប្រទេសថៃ លក្ខខណ្ឌសម្រាប់ជនភៀសខ្លួនមានភាពប្រសើរជាងមុន ហើយប្រជាជនភាគច្រើនបានត្រឡប់ទៅផ្ទះវិញក្នុងរយៈពេលប៉ុន្មានថ្ងៃនៃបទឈប់បាញ់ ប៉ុន្តែនៅភាគីកម្ពុជា ប្រជាជនជាច្រើនដែលរស់នៅក្បែរព្រំដែន និងនៅតែមានការភ័យខ្លាចខ្លាំងក្នុងការវិលត្រឡប់ទៅផ្ទះវិញ។ ស្ត្រីម្នាក់បាននិយាយថា៖ «ដោយសារខ្ញុំរស់នៅជិតព្រំដែន ខ្ញុំមិនហ៊ានត្រឡប់ទៅវិញទេ»។ គ្រាប់បែកមិនទាន់ផ្ទុះ និងពាក្យចចាមអារ៉ាមអំពីឧស្ម័នពុល ឬការវាយប្រហារថ្មីដោយប្រទេសថៃ ធ្វើឱ្យប្រជាជនកម្ពុជាកាន់តែព្រួយបារម្ភ។
នៅឯជំរុំភៀសសឹកកម្ពុជា មានផ្លាកសញ្ញាដែលគូរដោយដៃសរសេរថា «កម្ពុជាត្រូវការសន្តិភាព» ដែលបានឆ្លុះបញ្ចាំងពីមនោសញ្ចេតនារបស់ប្រជាជនកម្ពុជាពិតជាចង់បានសន្តិភាព។
កម្ពុជាបានអំពាវនាវទៅអង្គការយូណេស្កូជុំវិញការខូចខាតប្រាសាទព្រះវិហារ ហើយអំពាវនាវឲ្យមានការដោះលែងទាហានកម្ពុជា១៨នាក់ដែលថៃចាប់ជាចំណាប់ខ្មាំងក្រោយបទឈប់បាញ់។ ខណៈថៃនៅតែចោទទាហានកម្ពុជាថាដាក់គ្រាប់មីននៅតាមព្រំដែនដែលបានធ្វើឲ្យទាហានថៃរងរបួស និងធ្វើឲ្យប៉ះពាល់ដល់បទឈប់បាញ់ ទោះបីកម្ពុជាបដិសេដមិនបានធ្វើក៏ដោយ។

ទោះបីជាមានជម្លោះទាំងនេះក៏ដោយ ក៏មន្ត្រីកម្ពុជាបានប្រាប់ BBC ថាប្រជាជនកម្ពុជាចង់បញ្ចប់ជម្លោះ និងកសាងទំនាក់ទំនងឡើងវិញជាមួយប្រទេសថៃ។ ប៉ុន្តែការថប់បារម្ភនៅតែមានព្រោះប្រទេសកម្ពុជាដែលក្រីក្រជាង និងតូចជាង មានការភ័យខ្លាចថាត្រូវបានឈ្លានពានដោយប្រទេសថៃជិតខាងដ៏ធំរបស់ខ្លួន។ ដូចដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា (Suos Yara) មានប្រសាសន៍ថា៖ «ស្រមោចមិនអាចវាយប្រហារដំរីបានទេ»។ ដូច្នេះតើប្រទេសតូចដូចកម្ពុជាអាចបញ្ឆេះបញ្ហានេះដោយរបៀបណា?

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


