ព័ត៌មានជាតិ
៥ ឆ្នាំ មន្ទីរពេទ្យព្រះអង្គឌួង វះកាត់កុមារ គ-ថ្លង់ ពីកំណើត និងជំងឺផ្សេងៗ បានជាង ៥០ នាក់ ដោយជោគជ័យ
ក្នុងរយៈពេល ៥ ឆ្នាំ មន្ទីរពេទ្យព្រះអង្គឌួង បានធ្វើការវះកាត់កុមារ គ-ថ្លង់ ពីកំណើត និងដោយសារជំងឺផ្សេងៗ បានជាង ៥០ នាក់ ដោយជោគជ័យ ១០០% ដែលអាចឱ្យកុមារស្ដាប់ឮ និងនិយាយបានធម្មតា ដើម្បីឲ្យពួកគេទទួលបាននូវជីវិតថ្មី និងមានសិទ្ធិរស់នៅបានពេញលេញនៅក្នុងសង្គម។

ថ្លែងបើកកម្មវិធីខួប ៥ ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលមន្ទីរពេទ្យព្រះអង្គឌួង KT និង Severance នៃក្តីសង្ឃឹម នៅព្រឹកថ្ងៃទី ០៦ កញ្ញានេះ លោកសាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា កាលពី ៥ ឆ្នាំមុន យើងបានចាប់ផ្តើមវះកាត់កុមារគថ្លង់ និងការស្តារនីតិសម្បទាសម្រាប់កុមារគថ្លង់ បន្ទាប់ពីវះកាត់រួច ដើម្បីនាំនូវក្តីសង្ឃឹម និងការព្យាបាលដល់កុមារគថ្លង់ពីកំណើតតាមរយៈការលះបង់របស់បុគ្គលិកការគាំទ្ររបស់អាណាព្យាបាល និងការសហការជាមួយដៃគូរបស់យើង គឺ KT និងមន្ទីរពេទ្យ Severance នៅប្រទេសកូរ៉េ។
លោកសាស្ត្រាចារ្យរង លូ លីឃាង បានបន្តថា ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ឆ្នាំ ២០២៤ នេះ មន្ទីរពេទ្យបានសហការជាមួយដៃគូបានធ្វើការវះកាត់កុមារ គ-ថ្លង់ ពីកំណើត និងដោយសារជំងឺផ្សេងៗ បានចំនួន ៥១ នាក់ ស្មើនឹង ៦៥ ត្រចៀក ដោយអ្នកខ្លះវះកាត់ត្រចៀកមួយចំហៀង និងកុមារខ្លះទៀត វះកាត់ត្រចៀកសងខាង ជាពិសេសក្រោយការវះកាត់ គឺពួកគាត់ទទួលជោគជ័យ១០០% ក្នុងនោះអាចស្ដាប់ឮ និងនិយាយបានធម្មតា។

លោកសាស្ត្រាចារ្យរង លូ លីឃាង បានបន្តទៀតថា ការវះកាត់កុមារមានជំងឺគ ថ្លង់នេះគឺធ្វើឡើងតាមរយៈម៉ាស៊ីនដែលមានបច្ចេកវិទ្យាថ្មីទំនើបដែលអាចឱ្យអ្នកជំងឺមានលទ្ធភាពស្ដាប់ឮ និយាយបាន និងអាចប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅបានដូចមនុស្សធម្មតា ពិសេសកុមារអាចចូលរៀនបានផងដែរ ខណៈមុនវះកាត់ពួកគេធ្វើទំនាក់ទំនងគ្នាតាមរយៈភាសាកាយវិការតែប៉ុណ្ណោះខណៈមន្ទីរពេទ្យព្រះអង្គឌួង គឺជាមន្ទីរពេទ្យតែមួយគត់នៅប្រទេសកម្ពុជាដែលមានសេវាវះកាត់ អ្នកជំងឺគ-ថ្លង់ពីកំណើត និងដោយសារជំងឺផ្សេងៗ។
លោកសាស្ត្រាចារ្យរង លូ លីឃាង បានបន្ថែមទៀតថា ទន្ទឹមនឹងការវះកាត់ក៏មានការបង្រៀនអ្នកជំងឺឱ្យចេញអានចេះនិយាយ និងមានបង្ហាញនូវរបស់របរអ្វីមួយដើម្បីឲ្យកុមារបានស្គាល់ និងនិយាយពីវត្ថុទាំងនោះបានច្បាស់។ ការបង្រៀននេះមានរយៈពេល ៦ ខែ សម្រាប់កុមារដែលមានភាពវ័យឆ្លាតអាចឆាប់ចាប់បាន និងរយៈពេល ១ ឆ្នាំ សម្រាប់កុមារដែលមិនសូវចេះនិយាយ។ ប៉ុន្តែអាណាព្យាបាល ឬ ឪពុកម្ដាយ ក៏ជួយបង្ហាត់ឱ្យកូនៗ របស់ខ្លួនឱ្យហាត់រៀននិយាយនៅផ្ទះនូវពាក្យអ្វីមួយដែលគ្រូបានដាក់ពីសាលាទៅដើម្បីឲ្យអណ្តាតរបស់កុមារគ្រលាស់បានលឿន និងឆាប់ចេះនិយាយ និងនិយាយបានច្បាស់ល្អ។

លោកនាយកមន្ទីរពេទ្យព្រះអង្គឌួង បានបញ្ជាក់ថា «ការប្រារព្ធខួបនេះមិនមែនគ្រាន់តែជាការប្រារព្ធពិធីខួបឡើយតែក៏ជាការអបអរសាទរជីវិតថ្មីរបស់កុមារដែលបានយកឈ្នះលើឧបសគ្គនិងមានអនាគតដ៏ភ្លឺស្វាង។ កុមារគ្រប់រូបដែលអាចស្ដាប់ឮពិភពលោកកាន់តែច្បាស់ ហើយមាតាបិតាគ្រប់រូបបានឃើញពីវឌ្ឍនភាពរបស់កូនៗ របស់ខ្លួន និងបុគ្គលិកគ្រប់រូបដែលបានចូលរួមកិច្ចការនេះគឺជាសក្ខីភាពយ៉ាងពិតប្រាកដ»។
លោកនាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ KT និងមន្ទីរពេទ្យSeverance ដែលបានផ្តល់ទាំងអ្នកជំនាញទាំងធនធានក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យ នៃមជ្ឈមណ្ឌលនេះ។ យើងរួមគ្នាមិនត្រឹមតែជាកន្លែងមួយប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញា នៃក្តីសង្ឃឹមសម្រាប់គ្រួសារជាច្រើនផងដែរ ហើយសូមឱ្យមជ្ឈមណ្ឌលនេះបន្តរីកចម្រើន និងបន្តជាកន្លែងមួយដែលផ្តល់ក្តីសង្ឃឹមដ៏ភ្លឺស្វាងសម្រាប់កុមារគថ្លង់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


