ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះអង្គឌួង ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យសុខភាពភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃជូនពលរដ្ឋជាង ២ ០០០ នាក់ នៅខេត្តកំពង់ចាម
មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដោយមានការគាំទ្រពីមូលនិធិហ្វ្រេដហូឡូ (The Fred Hollow Foundation) អង្គការ One Sight Essilor Luxottica Foundation និង Bloomberg Philanthropies កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦ បានរៀបចំកម្មវិធីពិនិត្យសុខភាពភ្នែក និងវះកាត់ភ្នែក ព្រមទាំងផ្តល់វ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណជាង ២ ០០០ នាក់ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រីសន្ធរ ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង។

លោកសាស្ត្រាចារ្យរង លូ លីឃាង បានមានប្រសាសន៍ថា ការចុះពិនិត្យសុខភាពភ្នែកនាពេលនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពភ្នែករបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ព្រោះថា សុខភាពភ្នែកមានសារសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃ។ ដូចនេះការទៅពិនិត្យភ្នែកឱ្យបានទៀងទាត់ យ៉ាងហោចណាស់ ១ ឆ្នាំម្តង ទោះបីជាភ្នែកមិនមានបញ្ហាក៏ដោយ និងការព្យាបាលភ្នែកឱ្យបានត្រឹមត្រូវ និងសុក្រឹតដោយក្រុមគ្រូពេទ្យជំនាញ នឹងជួយធ្វើឱ្យភ្នែករបស់ពលរដ្ឋមានសុខភាពល្អ។

លោកសាស្ត្រាចារ្យរង លូ លីឃាង បានបន្តថា ការចុះពិនិត្យភ្នែកនេះ មន្ទីរពេទ្យសហការជាមួយអង្គការ ហ្វ្រេដហូឡូ និង មូលនិធិ វ័ន សាញ ក្នុងនោះ មូលនិធិ វ័ន សាញ ចែកវ៉ែនតាជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅពេលគ្រូពេទ្យជំនាញពិនិត្យឃើញថា មានបញ្ហាគំហើញដែលតម្រូវឱ្យពាក់វ៉ែនតា ដើម្បីធ្វើឱ្យភ្នែកបានល្អប្រសើរ។ចំពោះប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកឡើងបាយ ឬតម្រូវឱ្យការវះកាត់ភ្នែកអញ្ជើញទៅមន្ទីរពេទ្យព្រះអង្គឌួងឱ្យបានលឿនបំផុត ហើយការវះកាត់គឺមិនគិតថ្លៃទេ ដោយអង្គការហ្វ្រេដហូឡូជាអ្នកជួយឧបត្ថម្ភ។

លោកនាយកមន្ទីរពេទ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរស្រុក មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំ កម្មវិធីដ៏មានអត្ថន័យនេះ ក៏សូមថ្លែងអំណរគុណចំពោះអង្គការ One Sight Essilor Luxottica Foundation, Bloomberg និងមូលនិធិ Fred Hollows Cambodia ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។

លោក គង់ នាត តំណាងអង្គការ Fred Hollows Foundation Cambodia បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក អញ្ជើញទៅជួបជាមួយគ្រូពេទ្យមានជំនាញឯកទេសត្រឹមត្រូវ ហើយសូមកុំជឿការផ្សព្វផ្សាយតាមបណ្តាញសង្គមមិនមានប្រភពច្បាស់លាស់។ ជាមួយគ្នានេះ ប្រសិនបើពលរដ្ឋមានប័ណ្ណមូលនិធិសមធម៌ ប័ណ្ណ ប.ស.ស. មានលទ្ធភាព ឬមិនមានលទ្ធភាពក្តី សូមមេត្តាទៅឲ្យដល់ជួបជាមួយក្រុមគ្រូពេទ្យជំនាញ ឬក៏ទៅដល់មនី្ទរពេទ្យ ដើម្បីយើងធ្វើការពិនិត្យ ព្យាបាលជំងឺភ្នែកក្នុងមនី្ទរពេទ្យបង្អែកស្រីសន្ធរ ឬទៅមនី្ទរពេទ្យព្រះអង្គឌួងក៏បាន។

លោកស្រីសាស្រ្តាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការង នៃមនី្ទរពេទ្យព្រះអង្គឌួង បានបង្ហាញនូវសេចកី្តសប្បាយរីករាយយ៉ាងខ្លាំងដែលបានឃើញប្រជាពលរដ្ឋជាច្រើន អញ្ជើញមកទទួលការពិនិត្យសុខភាពភ្នែក ក៏ដូចជាទទួលវ៉ែនតា និងថ្នាំបន្តក់ភ្នែកត្រឡប់ទៅគេហដ្ឋានរៀងៗ ខ្លួនវិញ។

ក្នុងនោះ ក្រុមគ្រូពេទ្យជំនាញ បានផ្តល់សេវាអ្នកជំងឺសរុបចំនួន ២ ១២៨ នាក់ ស្រី ១ ៣៤៨ នាក់ , អ្នកជំងឺទទួលវ៉ែនតាមានចំនួន ១ ៧៨៤ នាក់ ស្រី ១ ១១៩ នាក់ , អ្នកជំងឺបញ្ជូន ១៨៩ នាក់ ស្រី ១២៧ នាក់ និងអ្នកជំងឺវះកាត់ ១៤ នាក់ ស្រី ៩ នាក់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


