ព័ត៌មានជាតិ
បង្ក្រាបកាន់តែខ្លាំងបទល្មើសកាន់តែកើតឡើងនៅក្នុងរដូវបិទការនេសាទ
មន្រ្តីការពារធនធានធម្មជាតិ បានឱ្យដឹងថា បទល្មើសនេសាទណររ៉ាវមងក្រឡាញឹក ត្រូវបានគេលួចដាក់ព្រោងព្រាតនៅក្នុងភូមិសាស្រ្ត ភូមិក្បាលតោល និងភូមិពាក់កន្ទេល ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំខេត្តបាត់ដំបង។ ក្នុងរដូវត្រីពង ដែលជារដូវបិទនេសាទ បើទោះជាមានការបង្រ្កាបជាហូហែរកន្លងមកក៏ដោយ នៅតែកើតមានព្រោងព្រាតនូវបទល្មើសនេសាទ ដោយមិនមានការថមថយឡើយ តើនេះបណ្ដាលមកពីកត្តាអ្វី ជាការឃុបឃិតប្រព្រឹត្តអំពើពុករលួយ ឬក៏ជាការធូររលុងរបស់មន្ត្រីជំនាញ?

មន្រ្តីអង្គការកាអភិវឌ្ឍន៍ និងការពារធនធានធម្មជាតិ ដែលឈរថតវីដេអូនៅទីតាំងបទល្មើសផ្ទាល់ ហើយផុសលើផេករបស់ខ្លួនបានលើកឡើងថា បទល្មើសដែលកើតឡើងព្រោងព្រាតនេះ គឺប្រហែលជាមានការឃុបឃិតគ្នា បើមិនដូច្នេះទេអ្នកប្រព្រឹត្តិមិនអាចហ៊ានមកដាក់ដោយសេរី ក្នុងរដូវបិទនេសាទនេះដូច្នេះទេ។ ប្រសិនបើមិនមានការបង្រ្កាប និងនៅតែមានការឃុបឃិតគ្នា ក្នុងរដូវបិទនេសាទទេ នឹងធ្វើឱ្យហិនហោច មច្ឆាជាតិអស់ជាមិនខាន។ មន្រ្តីការពារធនធានធម្មជាតិបានបន្ថែមថា ទីតាំងបទល្មើសខ្លះក្រុមលោកចុះទៅអប់រំផ្ទាល់ ហើយប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។
ទាក់ទងករណីខាងលើនេះ លោក ពុំ ចិន មេឃុំកោះជីវាំង ស្រុកឯកភ្នំ បានបញ្ជាក់ថា អាជ្ញាធរមិនបានឃុបឃិតដូចការលើកឡើងខាងលើនោះទេ គឺតែងតែសហការជាមួយមន្រ្តីជលផលសហគមន៍ កងកម្លាំងបង្រ្កាបជាបន្តបន្ទាប់ ប៉ុន្តែលោកទទួលស្គាល់ថាបទល្មើសនៅតែមានដោយសារតែក្រុមល្មើសលួចដាក់។ លោកបញ្ជាក់ថា ទីតាំងខាងលើនេះមានប្រហែល២០០ ទៅ ៣០០ម៉ែត្រ និងមាននៅកន្លែងផ្សេងទៀត លក្ខណៈតូចតាច ក្រោយពីទទួលព័ត៌មាននេះ អាជ្ញាធរបានសហការជាមួយ មន្រ្តីខ័ណ្ឌរដ្ឋបាលជល និងបានធ្វើការចុះបង្រ្កាបហើយ។

បើតាមរបាយការណ៍របស់មន្រ្តីជលផល បានឱ្យដឹងថា នៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៤ លោក ឡេង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលព្រែកទាល់ ដឹកនាំមន្ត្រីសង្កាត់ក្បាលតោល និងសហគមន៍នេសាទក្បាលតោល បានចូលរួមសហការជាមួយ កម្លាំងអធិការដ្ឋានខាងត្បូងបឹងទន្លេសាប ដែលមានកាណូតស្មាច់ចំនួន ០៤គ្រឿង មនុស្សសរុបចំនួន ១៥នាក់ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបង្រ្កាបបានចំនួន ៣ទីតាំង។
សូមបញ្ជាក់ថា ទីតាំងបទល្មើសដែលបង្រ្កាបបានខាងលើនោះ មានចំនុចខាងលិចក្បាលក្របី,នៅចំនុចចែងពាក់កន្ទេលនិងនៅចំនុចអាច្រកែង(អតិតឡូតិ៍នេសាទលេខ០១) ដោយកាប់បំផ្លាញរបាំងសាច់មងសរុប ១ ៧៥០ ម៉ែត្រ បង្គោល ២៧០បង្គោល ឡុកចាប់ត្រីចំនួន៦ និង ត្រីចំនួន ៤០គីឡូក្រាម ត្រូវបានប្រលែងចូលបឹងទន្លេសាបវិញ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


