ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ នៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់
កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ លោក អ៊ុន ចាន់ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អមដំណើរដោយ លោកអភិបាលរងខេត្ត និងសហការីជាច្រើននាក់ បានចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់។
បើតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាមបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៩ កញ្ញា ទឹកទន្លេមេគង្គ បានស្រក ០,៤០ ម៉ែត្រ ស្ថិតនៅកម្ពស់ ១៣,៨៨ ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលម្ង៉ៃ។ ទោះយ៉ាងណា កម្ពស់ទឹកជំនន់ នាឆ្នាំនេះ បានធ្វើឲ្យប៉ះពាល់បាក់ច្រាំងទន្លេ ប្រវែង ១០.៤៤៧ ម៉ែត្រ ក្នុងស្រុក ចំនួន ៥ នៃខេត្តកំពង់ចាម លិចផ្លូវថ្នល់ ប្រវែង ៣៧.៣២៣ ម៉ែត្រ ក្នុងនោះ ផ្លូវដីប្រវែង ២២.៤៨៩ ម៉ែត្រ បេតុងប្រវែង ១៤.៣២០ ម៉ែត្រ ផ្លូវកៅស៊ូ ២៦០ ម៉ែត្រ។ លិចស្ពាន ០២ កន្លែង សាលារៀន ១៣ កន្លែង វត្តអារាម ០៧ វត្ត ផ្ទះសម្បែង ២៦ ខ្នង។ ប៉ះពាល់ផលដំណាំស្រូវ ២.៩២៥,៩០ ហិតា ពោត ចំនួន ២៣៨,៤០ ហិតា ដំណាំផ្សេងៗ សរុបចំនួន ៥២៧,០៩ ហិតា។ ករណីលង់ទឹកមាន ០៣ ករណី ស្លាប់មនុស្ស ០៣ នាក់។ ដោយឡែក ក្នុងចំណោមឃុំទាំង ០៩ របស់ស្រុកកំពង់សៀម មានឃុំលិចលង់ទឹក ចំនួន ០៧ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ៦៥២ គ្រួសារ ខូចខាតដំណាំពោត ៣៧២ ហិតា ស្រូវ ២.០៩៥ ហិតា ដំណាំរួមផ្សំ ០៦ ហិតា ផ្លូវបេតុង ១២ ម៉ែត្រ បាក់ស្រុតច្រាំងប្រវែង ៥.៩៩៤ ម៉ែត្រ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ចំពោះ ស្រុកស្ទឹងត្រង់ វិញ មានឃុំចំនួន ០៧ ក្នុងចំណោមឃុំទាំង ១២ ទទួលរងផលប៉ះពាល់ទឹកជំនន់ ដែលមានប្រជាពលរដ្ឋ ចំនួន ២.៧៩៣ គ្រួសារ ប៉ះពាល់វិស័យកសិកម្ម ចំនួន ៦៥៩,៦៣ ហិតា និងដំណាំរួមផ្សំផ្សេងៗ ទៀត ចំនួន ៥៣,៥០ ហិតា ផងដែរ។
នាឱកាសនោះ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា នាប៉ុន្មានថ្ងៃនេះ ទឹកជំនន់ទន្លេមេគង្គ បានហក់ឡើងកម្ពស់ ១៤.៣០ ម៉ែត្រ បណ្ដាលឲ្យប៉ះពាល់ដល់ស្រុក នៃខេត្តកំពង់ចាម ចំនួន ៥ នៅតាមបណ្ដោយដងទន្លេមេគង្គ គឺ ៖ ស្រុកស្ទឹងត្រង់ កំពង់សៀម កងមាស កោះសូទិន និងស្រុកស្រីសន្ធរ។
ទោះមកដល់ពេលនេះស្ថានភាពទឹកបានស្រកបន្តិចហើយក្ដី លោកអភិបាលខេត្ត បានដាក់វិធានការដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ឲ្យបន្តការយកចិត្តទុកដាក់ខ្ពស់ ៖ ទី១.តាមដានស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់។ ទី២.អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះសិក្សាលម្អិតទៅលើផលប៉ះពាល់ និងទំហំ នៃការខូចខាតនានា ដើម្បី រាយការណ៍ជូនថ្នាក់ដឹកនាំ។ និងទី៣.ត្រូវធ្វើរបាយការណ៍ នៃទំហំខូចខាតនៅតាមបណ្ដាស្រុក ដែលទទួលរងផលប៉ះពាល់ ឲ្យបានលឿនបំផុត ដើម្បីស្នើសុំជួយអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងមហាផ្ទៃ ផងដែរ។
សូមជម្រាបដែរថា នាឱកាសដែល លោកអភិបាលខេត្តកំពង់ចាម និងសហការី អមដំណើរ ចុះបំពេញបេសកកម្មនៅក្នុងភូមិសាស្ត្រស្រុកទាំង ២ ខាងលើនេះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានអញ្ជើញជួប និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែកជូនពលរដ្ឋ ១ គ្រួសារ រស់នៅភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ដែលទទួលរងគ្រោះ ដោយសារទឹកហូរ បណ្ដាលឲ្យរលើងផ្ទះហូរតាមទឹក។
ជាមួយនោះ លោក អ៊ុន ចាន់ដា ក៏បន្តដំណើរចុះពិនិត្យដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋដែលទទួលរងការលិចលង់ស្ថិតនៅភូមិត្នោតទន្សាយ និងអញ្ជើញសំណេះសំណាល ចែកអំណោយកាកបាទក្រហមជូនប្រជាពលរដ្ឋ ចំនួន ០៦ គ្រួសារ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ស្ថិតនៅអូរប្រាំ នៃឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។
ដោយឡែកដើម្បីស្វែងយល់អំពីស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោកអភិបាលខេត្ត និងសហការី អមដំណើរ ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកលិចផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិព្រែកសង្កែ និងបន្តដំណើរពិនិត្យមើលស្រូវលិចទឹក ស្ថិតនៅភូមិដីលើ ក្នុងឃុំពាមកោះស្នា នៃស្រុកស្ទឹងត្រង់ ផងដែរ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព