Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាសអាសន្ន នៅខេត្ត ចំនួន៥ ដោយសារបាក់ដីភ្នំ និងទឹកជំនន់ ហូរបុកយ៉ាងគំហុក

បានផុស

នៅ

ខេត្តថៃចំនួន៥ ត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន ដោយសារគ្រោះបំណាក់ដី និងទឹកជំនន់ហូរបុកយ៉ាងគំហុក ដល់ចុងសប្តាហ៍។

(រូប៖ The Nation)

សារព័ត៌មាន The Nation បានដកស្រង់សេចក្តីប្រកាសរបស់ នាយកដ្ឋានធនធានរ៉ែថៃ ដែលព្រមានកាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ថា ខេត្តភាគខាងត្បូងចំនួន៥ គឺ Phang Nga, Ranong, Krabi, Phuket និង Satun ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឃ្លាំមើលគ្រោះមហន្តរាយធម្មជាតិ និងប្រកាសអាសន្ន ដោយសារតែឥទ្ធិពលព្យុះ ដែលនឹងបង្កឲ្យបាក់ដីភ្នំ និងទឹកជំនន់រហ័ស។

ក្នុងសេចក្តីប្រកាសនោះ, ខេត្តទាំង៥ នឹងជួបប្រទះព្យុះភ្លៀងដ៏ខ្លាំងក្លា ដែលនឹងបង្អុរទឹកភ្លៀង ក្នុងកម្រិតលើស ១០០មិល្លីម៉ែត្រ សម្រាប់រយៈពេល ២៤ម៉ោង។ 

ដោយសារតែឥទ្ធិពលដ៏ខ្លាំងនេះហើយ តំបន់ជាច្រើន នៅតាមបណ្តាខេត្តខាងលើ នឹងកើតមានបាតុភូតខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ ផ្គររន្ទះ ថែមទាំងបាក់ដីភ្នំ ទៀតផង។

(រូប៖ The Nation)

ឲ្យតែនិយាយពីគ្រោះធម្មជាតិនៅភាគខាងត្បូង, ប្រជាជនថៃ នៅមិនទាន់បាត់ភាពឈឺចាប់ឡើយ ​ចំពោះសោកនាដកម្មទឹកជំនន់នៅទីនោះ កាលពីចុងឆ្នាំ២០២៥ ដែលផ្តាច់ជីវិត មនុស្សរាប់រយនាក់ ជាពិសេសក្នុងក្រុង Hat Yai។

តួលេខក្រៅផ្លូវការ នៃមនុស្សស្លាប់ ដោយគ្រោះទឹកជំនន់ដ៏សាហាវនោះ មានប្រមាណ ១៨០នាក់ ក្នុងខេត្ត Songkhla ជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ។

សម្រាប់ការខូចខាតវិញ ការវាយតម្លៃបឋម បានរកឃើញថ្លៃខាតបង់ ក្នុងទំហំទឹកប្រាក់ប្រមាណ ១ ២០០លានបាត ក្នុងនោះរួមមានការខូចខាតអគារ ៧៥៩លានបាត, ឧបករណ៍/គ្រឿងបរិក្ខារ ៣៧១លានបាត និងសម្ភារៈ ៥លានបាត។

បន្ថែមពីលើការបាត់បាត់ជីវិតមនុស្ស និងការខូចខាតទាំងអស់នេះហើយ ពលរដ្ឋថៃជាង ២០០នាក់ ដល់ថ្នាក់កើតជំងឺផ្លូវចិត្តទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម