ព័ត៌មានជាតិ
សម្ដេចតេជោ៖ បុគ្គល លី សាម៉េត យកឈ្មោះខ្ញុំដើរបោកលុយគេរាប់សិបលានដុល្លារ, សម្ដេចប្រាប់ឱ្យអ្នកចាញ់បោក ប្ដឹងបុគ្គល លី សាម៉េត
សម្ដេចតេជោ ហ៊ុន សែន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ បានឱ្យដឹងថា បុគ្គល លី សាម៉េត ដែលមានឈ្មោះក្រៅហៅថា គ្រូមា បានយកឈ្មោះរបស់សម្ដេច ដើរបោកលុយគេរាប់សិបម៉ឺនដុល្លារ ទាំងដែលសម្ដេចមិនដឹងអ្វីសោះ។

សម្ដេចតេជោ សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ៖«លី សាម៉េតតែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំ ក្នុងពេលណាក៏បាន ក្នុងពេលដែលលី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែមុខទៅខាងណាផង»។
បើតាមការទម្លាយរបស់សម្ដេចតេជោ នៅឆ្នាំ២០២២ បុគ្គល លី សាម៉េត បានបោកលុយលើឈ្មោះសុខ ឡេង ក្នុងទំហំទឹកប្រាក់១០លានដុល្លារ ដោយបុគ្គល លី សាម៉េត ប្រាប់ថាយកមកថវិកានោះទៅឲ្យសម្ដេចតេជោ ប៉ុន្តែតែពេលដែល បុគ្គល សុខ ឡេង សួរដេញដោលពីលុយទាំងនោះ តាមរយៈលោកស្រី ទ្រី សុខា ទើបសម្ដេចតេជោដឹងថាបុគ្គល លី សាម៉េត យកឈ្មោះសម្ដេចដើរបោកលុយគេ។ ក្រោយសម្ដេចដឹងរឿងនេះ បុគ្គល លី សាម៉េត បានប្រគល់ថវិកាឲ្យបុគ្គល សុខ ឡេង វិញទាំងអស់។ ហើយកាលណោះ បុគ្គល លី សាម៉េត ត្រូវបាននាំទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់ឱ្យបុគ្គល សុខ ឡេង នៅស្នងការនគរបាលក្រុងភ្នំពេញ។
សម្ដេចតេជោ ឱ្យដឹងដូច្នេះ៖«ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារថាយកមកឱ្យខ្ញុំតែពេល សុខ ឡេង ផ្តាំឱ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹងក៏ទាមទារពី លី សាម៉េត ប្រគល់ឱ្យ សុខ ឡេង វិញទាំងអស់ដោយ ពេលនោះយកលី សាម៉េតទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។»។

ក្រោយមកបុគ្គល លី សាម៉េត បានបោកប្រាស់បុគ្គល មួង ឃីម បន្ថែមទៀត។ ក្រោយពីសម្ដេចបានដឹងរឿងនេះ សម្ដេច បានប្រាប់ទៅបុគ្គល លី សាម៉េត ឲ្យសងលុយទៅបុគ្គល មួង ឃីមចំនួន២៣មុឺនដុល្លារ។
ដោយឡែក ថ្ងៃនេះសម្ដេចតេជោ អះអាងថា លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានរាយការណ៍ជូនសម្ដេចថា បុគ្គល លី សាម៉េត បានយកប្រាក់ពីខ្លួនចំនួន៣០មុឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។
ជុំវិញករណី លោក លី សាម៉េត យកឈ្មោះសម្ដេចដើរបោកប្រាស់ថវិកាអ្នកដទៃ សម្ដេចតេជោ សង្ស័យថា អាចនៅមានមនុស្សច្រើនទៀតដែលចាញ់បោកបុគ្គល លី សាម៉េត ក្រោមរូបភាពយកឈ្មោះសម្ដេចទៅប្រើ។ តាមសម្ដេចតេជោ ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង សម្ដេចតេជោ បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការ ដើម្បីចេញដីការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោកបុគ្គល លី សាម៉េត ទាំងអស់។
សម្ដេចតេជោ បានប្រាប់ឱ្យអ្នកចាញ់បោកបុគ្គល លី សាម៉េត ទាំងអស់ដាក់ពាក្យប្តឹង ឬទាមទារសំណងទៅកាន់មេធាវីរបស់សម្តេចតេជោ។ សម្ដេចតេជោ ណែនាំឱ្យលោក គី តិច ប្រធានមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ រៀបចំមេធាវីសម្តេចតេជោ ចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។ជាមួយគ្នានេះ សម្ដេចស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលបុគ្គល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់។
តាមសំណេរលើទំព័រហ្វេសប៊ុក សម្ដេចតេជោ អះអាងថា រយៈពេលដែលសម្ដេចធ្លាប់កាន់តំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ សម្ដេចធ្លាប់ចុះហត្ថលេខាតែងតាំង និងតំឡើងស័ក្ដិមន្ត្រីរាប់មុឺននាក់ទាំងសុីវិល និងកងកម្លាំងប្រដាប់អាវុធសម្ដេចមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថាតាមការស្នើសុំ ឬតាមសំណូកណាមួយនោះឡើយ។ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយ សម្ដេចមានតែជួយអ្នកដែលសម្ដេចបានតែងតាំងទាំងនោះទៀត ដើម្បីឲ្យមន្ត្រីទាំងនោះមានមធ្យោបាយធ្វើការ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


