ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យបន្តពង្រឹងការងារប្រឆាំងការសម្អាតប្រាក់ ខណៈកម្ពុជាលែងជាប់បញ្ជីប្រផេះ
ប្រមុខក្រសួងមហាផ្ទៃ បានណែនាំឱ្យក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងមហាផ្ទៃបន្តរក្សាស្ថានភាពឱ្យបានល្អ និងរិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀតដើម្បីពង្រឹងការងារ ខណៈកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់។

ក្នុងពិធីប្រកាសសេចក្ដីសម្រេច និងស្ដាប់វឌ្ឍនភាពការងារពាក់ព័ន្ធនឹងកិច្ចការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ ឱ្យថ្នាក់ដឹកនាំក្រុមការងារ បន្តរួមគ្នាថែរក្សាស្ថានភាពល្អនៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ខិតខំពង្រឹងគុណភាពធនធានមនុស្ស និងរិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពក្នុងការងារប្រឆាំងការសម្អាតប្រាក់ ដែលកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។
ភ្ជាប់នឹងការណែនាំនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានរម្លឹកនូវមរតកស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ពោលគឺនៅចុងនីតិកាលទី៦ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ បានខិតខំដោះស្រាយការងារជាក់ស្ដែងជាច្រើន រហូតឈានដល់ការដកកម្ពុជាចេញពីបញ្ជីប្រផេះលើការងារប្រឆាំងការសម្អាតប្រាក់។

ជាការកត់សម្គាល់ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានប្រកាសដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខាង លាងលុយកខ្វក់ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ អង្គការហ្វាតនេះ ធ្លាប់ដាក់កម្ពុជាឱ្យស្ថិតក្នុងបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ អស់រយៈពេល ៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩។

បើទោះបីជាកម្ពុជា ត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះក៏ដោយ ក៏ប៉ុន្តែលោក ស សុខា បានជំរុញឱ្យក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្របខណ្ឌក្រសួងមហាផ្ទៃបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីផ្លាស់ប្ដូរបទពិសោធ និងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងវិធីសាស្រ្តថ្មីៗក្នុងការស្រាវជ្រាវ និងស៊ើបអង្កេត។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមការងារនេះរៀបចំសិក្ខាសាលាផ្សព្វផ្សាយឱ្យបានច្បាស់លាស់ជាមួយស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងត្រៀមសហការជាមួយអគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីជ្រើសរើសអ្នកមានសមត្ថភាពនៅឆ្នាំខាងមុខ ឱ្យចូលបំពេញការងារផងដែរ។

សូមជម្រាបថា នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតីពិធីប្រកាសសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) និងស្តាប់របាយការណ៍ពីវឌ្ឍនភាពការងារ និងលទ្ធផលការងារស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
សមាសភាពក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) សម្រាប់សហការជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា មានចំនួន១៧រូប ដែលក្នុងនោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធាន ៨រូប ហើយមានលេខាធិការដ្ឋាន ជាសេនាធិការ ដឹកនាំដោយឧត្តមសេនីយ៍ឯក ឌី វិជ្ជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


