ព័ត៌មានជាតិ
សិស្ស១៥នាក់ មកពីខេត្តចំនួន៥ ទទួលបានការបណ្តុះបណ្តាលជំនាញទន់ និងរឹងដើម្បីមានសមត្ថភាពអាចជួយទៅសហគមន៍ខ្លួន
សិស្សចាប់ពីថ្នាក់ទី១០ ដល់ទី១២ ចំនួន១៥នាក់ដែលបានមកពីវិទ្យាល័យនៃខេត្តចំនួន៥ មានឱកាសទទួលបានការបណ្តុះបណ្តាលលើជំនាញទន់ និងជំនាញរឹង ពីគម្រោង “Sala Enrichment Program 2024” រយៈពេល៦ខែ ដែលអាចឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំគម្រោង និងដោះស្រាយបញ្ហានៅសាលារៀន និងសហគមន៍របស់ខ្លួនពាក់ព័ន្ធនឹងការអប់រំ។

ក្នុងឱកាសពិធីបើកជាផ្លូវការនៃគម្រោង “Sala Enrichment Program 2024” ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ លាភ នាយក សាលា ថេក ឌីជីថល បានលើកឡើងថា សិស្សទាំង១៥នាក់នោះ ត្រូវបានជ្រើសរើសមកពីខេត្តដូចជា ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដោយជ្រើសយកសិស្សចំនួន៣នាក់ ក្នុងមួយខេត្ត។ លោក រំពឹងថា សិស្សទាំង១៥រូបនោះ បានជំរុញ និងលើកទឹកចិត្តដល់សិស្ស១០០០នាក់ផ្សេងទៀតបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបាន។

លោក សុខ លាភ បញ្ជាក់ថា កន្លងមក សាលា បានចូលរួមចំណែកក្នុងការលើកកម្ពស់ការអប់រំជាច្រើន តាមរយៈការរៀបចំគម្រោងផ្សេងៗដូចជា ការពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យប្រចាំឆ្នាំ ការចុះផ្ទាល់ទៅសាលារៀនដែលនៅតាមតំបន់ដាច់ស្រយាលដើម្បីរៀបចំកម្មវិធីចែករំលែកដល់សិស្សានុសិស្សពាក់ព័ន្ធនឹងការបន្តការសិក្សា និងកម្មវិធីផ្សេងទៀតនៅភ្នំពេញ ដើម្បីអាចឱ្យពួកគេស្វែងរកក្តីស្រមៃ និងចាប់យកអាជីពថ្ងៃអនាគតកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា ការចូលរួមចំណែករបស់យុវជនគឺពិតជាសំខាន់ណាស់ក្នុងគ្រប់សកម្មភាពទាំងអស់ ជាពិសេស គឺការចូលរួមរបស់យុវជនក្នុងគម្រោងនេះ ជួយឱ្យពួកគេអាចទទួលបានការបណ្តុះបណ្តាលឈានទៅរកការរៀបចំគម្រោងដោយខ្លួនឯង និងដោះស្រាយបញ្ហានានាដែលកើតមាននៅសហគមន៍បាន។ លោក ម៉ិល ផនសីហា បានលើកទឹកចិត្តឱ្យយុវជនទាំង១៥នាក់ដែលទទួលបានការបណ្តុះបណ្តាលនេះ ត្រូវយកចិត្តទុកដាក់ មានការមោះមុត ប្តេជ្ញាចិត្តខ្ពស់ និងមានការចូលរួមឱ្យបានខ្លាំងក្លា។ ក្នុងន័យនេះ លោកចង់មានន័យថា យុវជនត្រូវមានការតាំងចិត្តខ្ពស់ និងដាក់ចិត្តដាក់កាយក្នុងការក្រេបយកចំណេះដឹងពីវគ្គបណ្តុះបណ្តាល ដើម្បីអាចរៀបចំគម្រោងឆ្លើយតបនឹងតម្រូវការពាក់ព័ន្ធនឹងវិស័យអប់រំនៅក្នុងសហគមន៍ដែលគេរស់នៅបាន។ លោក បានណែនាំឱ្យយុវជនទាំង១៥ ចាប់ផ្តើមគិតពីចំណុចតូចៗនៅជុំវិញខ្លួនមកដោះស្រាយបានហើយ ពោល គឺមិនចាំបាច់ត្រូវគិតពីបញ្ហាធំដែលពិបាកដោះស្រាយនោះទេ។

បើនិយាយពីបញ្ហាដែលក្រុមនីមួយៗនឹងលើកយកមកដោញស្រាយមានដូចជា ក្រុមយុវជនទូតសុឆន្ទៈដែលមកពីខេត្តស្ទឹងត្រែង យល់ថា កត្តាគ្រួសារ ជាបញ្ហាចម្បងដែលត្រូវដោះស្រាយក្នុងសហគមន៍ខ្លួន ព្រោះពួកគេមើលឃើញថា បញ្ហាសេដ្ឋកិច្ច អំពើហិង្សា ការលែងលះពីម្តាយឪពុក ជាដើមហេតុធ្វើឱ្យសិស្សមួយចំនួនមិនអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ បន្ថែមពីនេះ ក្រុមសិស្សមកពីខេត្តស្ទឹងត្រែង ប្តេជ្ញាចិត្តថានឹងខំប្រឹងធ្វើគម្រោងនេះឱ្យអស់ពីសមត្ថភាពដើម្បីសាលា និងសហគមន៍ខ្លួន។ ចំពោះ យុវជនតំណាងខេត្តក្រចេះ ជ្រើសរើសបញ្ហាដែលសិស្សបោះបង់ការសិក្សាកម្រិតថ្នាក់វិទ្យាល័យ លើកយកមកដោះស្រាយ ព្រោះពួកគេយល់ថាកត្តាដែលនាំឱ្យសិស្សបោះបង់ការសិក្សាចោលក្នុងកម្រិតនេះ បណ្តាលមកពីខ្លួនឯង មិត្តភក្តិ គ្រួសារ និងមធ្យោបាយធ្វើដំណើរជាដើម។

ចំណែក យុវជនទូតសុឆន្ទៈដែលតំណាងខេត្តសៀមរាប បានលើកយកកត្តា ខ្លួនឯង មកដោះស្រាយ ព្រោះក្រុមពួកគេយល់ថា អ្នកដទៃតែងមានឥទ្ធិពលមកលើចិត្តខ្លួនឯងប្រសិនជាពួកគេមិនអាចគ្រប់គ្រង ឬសម្រេចចិត្តរឿងអ្វីមួយដោយខ្លួនឯងបាននោះ ដូចនេះ ប្រសិនជាសិស្សានុសិស្សដទៃ មានគំនិតក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯង នោះមិនធ្វើឱ្យមានផលប៉ះពាល់ដល់ការសិក្សាឡើយ។ រីឯ ក្រុមតំណាងពីខេត្តបាត់ដំបង មើលឃើញថា បញ្ហាដែលសហគមន៍គេជួបប្រទះ គឺការខ្វះខាតហរិញ្ញវត្ថុសម្រាប់សិក្សា ជាហេតុធ្វើឱ្យមានករណីបោះបង់ការសិក្សា។ សម្រាប់ក្រុមតំណាងពីខេត្តកំពង់ចាមវិញ បញ្ហាដែលពួកគេមើលឃើញថាកើតមានលើសហគមន៍របស់ពួកគេ គឺការរើសមុខជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា។
សូមជម្រាបថា ក្រុមយុវជនទូតសុឆន្ទៈតំណាងទាំង៥ខេត្ត បង្ហាញពីក្តីរំភើបដែលពួកគេមានឱកាសជួយដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ខ្លួន ព្រមទាំងបានប្តេជ្ញាដូចគ្នាថា នឹងខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការចាប់យកចំណេះដឹងពីអ្នកជំនាញក្នុងការបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ដើម្បីអាចរៀបចំគម្រោង និងដោះស្រាយបញ្ហាដែលពួកគេមានកង្វល់ក្នុងសហគមន៍រស់នៅរបស់ខ្លួន បានល្អប្រសើរ។
យ៉ាងណាមិញ គម្រោងខាងលើត្រូវបានរៀបចំដោយ សាលា ថេក ឌីជីថល ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕
រូបភាពពី៖ សាលា ថេក ឌីជីថល
ដោយ៖ អុន ស្រីមាន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន