Connect with us

ចរាចរណ៍

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និង ចែកមួកសុវត្ថិភាពជូនពលរដ្ឋ 

បានផុស

នៅ

នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦ នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ដឹកនាំដោយ លោក លី សារី អភិបាលរងខេត្តសៀមរាប បានចុះធ្វើការណែនាំ អប់រំ ផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចែកជូនខិតបណ្ណ សៀវភៅច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ខិត្តបណ្ណជំនួយស្មារតី ក្នុងក្រុងសៀមរាប ព្រមទាំងចែកមួកការពារសុវត្ថិភាពដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុន ហ្គែនប៊ឺក ចំនួន ១ ០០០ មួក ជូនដល់ប្រជាពលរដ្ឋ និង អ្នកបើកបរម៉ូតូមិនបានពាក់មួក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សារី បានឲ្យដឹងថា ការចុះអប់រំផ្សព្វផ្សាយ នាពេលនេះ ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងឡាយឲ្យយល់ដឹងអំពីផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ និង ត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យ នៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និង ជំរុញការអនុវត្តច្បាប់ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។

លោក លី សារី ក៏បានណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរនៅលើដងផ្លូវឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ , បើកបរគោរពស្លាកសញ្ញា , គំនូសសញ្ញា , ភ្លើងសញ្ញាចរាចរណ៍ , ពាក់មួកសុវត្ថិភាព , ខ្សែក្រវាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ។ លោកបន្ថែមថា ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និង អ្នកដទៃ។

លោកអភិបាលរងខេត្ត បានបន្តថា យុទ្ធនាការចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ គឺជាសកម្មភាពសង្គមដ៏សំខាន់មួយ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និង លើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍នៅកម្ពុជា។ សកម្មភាពទាំងនេះ មានគោលដៅសំខាន់ក្នុងការការពារអាយុជីវិត និង កាត់បន្ថយការរងរបួសក្បាលធ្ងន់ធ្ងរនៅពេលមានគ្រោះថ្នាក់ចរាចរណ៍។

ដោយឡែក លោក ឆែម ពេ តំណាងក្រុមហ៊ុន Ganzberg (ហ្គែនប៊ឺក) បានឲ្យដឹងដែរថា ក្រុមហ៊ុន Ganzberg (ហ្គែនប៊ឺក) មានយុទ្ធនាការចែកមួកការពារសុវត្ថិភាពចំនួន ១ ម៉ឺនមួក ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ ការចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋ គឺជាផ្នែកមួយ នៃការចូលរួមចំណែកផ្សព្វផ្សាយពីសារៈសំខាន់ នៃការពាក់មួកសុវត្ថិភាពអំឡុងពេលបើកបរ និង ធ្វើដំណើរទាំងជិត និង ឆ្ងាយ។ ក្នុងការផ្តល់មួកសុវត្ថិភាពនេះ មានគោលបំណងបញ្ជ្រាប និង លើកកម្ពស់ចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋ កាត់បន្ថយហានិភ័យគ្រោះថ្នាក់ នេះគឺជាសកម្មភាពសង្គមដ៏សកម្មមួយរបស់ក្រុមហ៊ុនក្នុងការជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ផងដែរ៕
អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម