Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការ៖ ការងារស្ម័គ្រចិត្ត ជាការចែករំលែកក្ដីស្រឡាញ់ដល់សហគមន៍ មិនមែនចាត់ទុកជាការងារសម្រាប់អ្នកទំនេរទេ

បានផុស

នៅ

លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការងារស្ម័គ្រចិត្ត មិនគួរត្រូវបានចាត់ទុកថា ជាការងារសម្រាប់មនុស្សទំនេរ ឬគ្មានការងារធ្វើនោះទេ ប៉ុន្តែជាការចូលរួមរបស់មនុស្សដែលចេះគ្រប់គ្រងពេលវេលារបស់ខ្លួន ដើម្បីចែករំលែកក្ដីស្រឡាញ់ និងបម្រើសហគមន៍។ បន្ថែមពីនេះ លោកថា ទឹកចិត្ត និងការលះបង់របស់អ្នកស្ម័គ្រចិត្ត ត្រូវបានចាត់ទុកថា មានតម្លៃយ៉ាងធំធេង និងមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិ។ នេះ បើតាមការផ្សព្វផ្សាយរបស់ក្រសួងអប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសនាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជននៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិដល់យុវជនស្ម័គ្រចិត្តនៃកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២៦» រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប ដែលមានភាគីពាក់ព័ន្ធចូលរួម សរុបជាង ៧០០ នាក់។

ក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងអប់រំ បានថ្លែងថា៖ «ការងារស្ម័គ្រចិត្តមិនត្រូវចាត់ទុកថាជាការងារសម្រាប់មនុស្សដែលទំនេរគ្មានការងារធ្វើនោះឡើយ ប៉ុន្តែជារឿងរបស់មនុស្សដែលចេះចាត់ចែងពេលវេលាដ៏មានតម្លៃរបស់គេ ដើម្បីផ្ដល់ក្ដីស្រឡាញ់ដល់សហគមន៍ និងសង្គមជាតិ។ ចំណែកឯទឹកចិត្តអ្នកស្ម័គ្រចិត្ត គឺមិនអាចកាត់ថ្លៃបានឡើយ។ ការលះបង់ពេលវេលា និងកម្លាំងកាយចិត្តដើម្បីសហគមន៍ គឺជាអំពើដ៏ឧត្តុង្គឧត្តមបំផុត»។ លោកបញ្ជាក់បន្ថែមថា ការងារស្ម័គ្រចិត្ត គឺជាចលនាដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិ ដែលត្រូវបានមហាសន្និបាតនៃអង្គការសហប្រជាជាតិ អនុម័តនៅឆ្នាំ១៩៨៥ ដោយកំណត់យកថ្ងៃទី០៥ ខែធ្នូ ដើម្បីប្រារព្ធ «ទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិ» ជារៀងរាល់ឆ្នាំ។

លោកក៏បានបន្ថែមទៀតថា គុណតម្លៃមហាសាលនៃការងារស្ម័គ្រចិត្តគឺស្ថិតនៅត្រង់ «ការផ្ដល់ឱ្យដោយមិនរំពឹងផលតបស្នងជាប្រាក់កាស ប៉ុន្តែទទួលបានមកវិញនូវការផ្លាស់ប្ដូរជីវិតបុគ្គលស្ម័គ្រចិត្ត និងសង្គមឱ្យកាន់តែប្រសើរ» ដែលរួមមាន គុណតម្លៃចំពោះបុគ្គល, គុណតម្លៃចំពោះសហគមន៍ និងសង្គមជាតិ, គុណតម្លៃចំពោះអាជីពការងារ និងគុណតម្លៃផ្នែកសីលធម៌ និងមនុស្សធម៌។

ក្រសួងអប់រំ បានឱ្យដឹងថា កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឬហៅកាត់ថា (ស.ស.ខ) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩។ ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់ឆ្នាំ២០២៥ កម្មវិធីនេះបានពង្រីកការអនុវត្តនៅទូទាំង ២៥ រាជធានី-ខេត្ត ដោយរយៈពេល ៧ ឆ្នាំកន្លងមក កម្មវិធីបានបណ្ដុះបណ្ដាលយុវជនស្ម័គ្រចិត្តចំនួន ៣,១៩០ នាក់ និងបានអនុវត្តគម្រោងសហគមន៍ចំនួន ៥៣៨ គម្រោង។ ក្នុងឆ្នាំ២០២៦ នេះ កម្មវិធី ស.ស.ខ មានអ្នកស្ម័គ្រចិត្តបង្គោលរាជធានី-ខេត្តចំនួន ១១៥ នាក់ និងយុវជនស្ម័គ្រចិត្តសរុបចំនួន ៦២៩ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម