ព័ត៌មានជាតិ
រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី
បន្ទាប់ពីឆ្លងកាត់ការប្រកួត៣ថ្ងៃរួចមក នៅរសៀលថ្ងៃទី២៩ ខែធ្នូ ម្សិលមិញនេះ គណៈកម្មការមេប្រយោគ និងគណៈកម្មការគ្រប់គ្រង និងបច្ចេកទេសនៃការប្រកួតខ្លែងខ្មែររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញម្ចាស់ជ័យលាភីនៃការប្រកួតខ្លែងឯក និងខ្លែងសេរីរវាងផ្នែកឯកជន និងរដ្ឋ។ ជ័យលាភីខ្លែងឯកមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុក លេខ១បានទៅលើ«ខ្លែងជ័យឯកកណ្តាលវេហាស៍»របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល លេខ២ បានទៅលើ«ខ្លែងសម្រស់បន្ទាយបស្រី»របស់រដ្ឋបាលស្រុកបន្ទាយស្រី ខណៈលេខ៣ បានទៅលើ«ខ្លែងពោធិសាត់មានជ័យបារមីសួគ៌ាលោក»របស់មន្ទីរវប្បធម៌ ខេត្តពោធិ៍សាត់។

សម្រាប់ជ័យលាភីខ្លែងឯកផ្នែកឯកជនវិញ គឺលេខ១បានទៅលើ«ខ្លែង ផែនសិល្បៈ និងកីឡា»របស់ក្រុមការងារយុវជនផែនសិល្បៈ និងកីឡានៃយុវជនគណបក្សខេត្តសៀមរាប លេខ២ បានទៅលើ«ខ្លែងផ្ការីកគ្រប់រដូវ»របស់ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ខេត្តស្វាយរៀង និងលេខ៣ បានទៅលើ«ខ្លែងធនញ្ជ័យ»របស់ខេត្តសៀមរាប។ ដោយឡែក ខ្លែងសេរីមកពីរដ្ឋបាលក្រុងស្រុក គឺជ័យលាភីលេខ១បានទៅ«ខ្លែងស្តេចរាត្រី»មកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប លេខ២ បានទៅ«ខ្លែងក្រុឌមាសធិបតីសែនជ័យ» របស់កងរាជអាវុធហត្ថខេត្តសៀមរាប និងជ័យលាភីលេខ៣ បានទៅ«ខ្លែងស្នងការនគរបាលខេត្តសៀមរាប»របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ជ័យលាភីខ្លែងសេរីផ្នែកឯកជន លេខ១បានទៅលើ«ខ្លែងនាគរាជក្បាល៥»មកពីស្រុកកៀនស្វាយ ខេត្តកណ្ដាល លេខ២ គឺ«ខ្លែងសំពៅហង្ស»របស់ខេត្តកណ្ដាល និងលេខ៣បានទៅលើ«ខ្លែងប្រយុទ្ធអន្តរជាតិ»មកពីខេត្តសៀមរាប។

នៅក្នុងពិធីបិទព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ឆ្នាំ២០២៤ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់លោក លី សារី អភិបាលរងខេត្ត បានថ្លែងអំណរគុណ និងការកោតសរសើរគ្រប់ភាគីចូលរួមទាំងអស់ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្ត និងធនធានចូលរួមប្រកួតប្រកបដោយភាពសប្បាយរីករាយក្នុងការរៀបចំពិធីព្រឹត្តិការណ៍បុណ្យខ្លែងឯកខ្មែរ និងខ្លែងសេរីលើកទី១ឆ្នាំ២០២៤ ខេត្តសៀមរាប។ លោកថា ទាំងនេះ គឺជាប្រភពនៃការលើកទឹកចិត្តដ៏ធំធេង ក៏ដូចជា ការជួយសម្រាលបន្ទុកដល់គណៈកម្មការរៀបចំព្រឹត្តិការណ៍បុណ្យខ្លែង ក៏ដូចជា ប្រតិភូខ្លែងបានមួយកម្រិតថែមទៀត។

លោកអភិបាលរងខេត្តមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរនាពេលនេះ គឺផ្អែកតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប និងស្របតាមយុទ្ធនាការ“ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤” ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាល ទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំមួយរូបពោរពេញទៅភាពប៉ិនប្រសប់ និងមានចក្ខុវិស័យវែងឆ្ងាយ។
លោក លី សារី បានលើកឡើងថា៖ «ពិតណាស់ ការរៀបចំពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងឯកសេរី លើកទី១ ខេត្តសៀមរាប ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍វប្បធម៌ជាតិ ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត និងមានចរិកជាបេតិកភណ្ឌរបស់ជាតិ មានតម្លៃសម្រាប់ទ្រទ្រង់ព្រលឹង និងអត្តសញ្ញាណរបស់ជាតិ តាមរយៈការលើកកម្ពស់តម្លៃវប្បធម៌សង្គមកម្ពុជា។ ឧត្តមភាពនៃវប្បធម៌ និងការផ្សព្វផ្សាយព្រឹត្តការណ៍នេះ នឹងបង្កើននូវភាពទាក់ទាញថ្មីថែមទៀតដល់ភ្ញៀវទេសជាតិ និងអន្តរជាតិ ចូលមកទស្សនាខេត្តសៀមរាប និងសិក្សាឈ្វេងយល់អំពីកម្ពុជាកាន់តែច្រើនទៀតក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ»។

គួរបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរីនេះ មានភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនា មានចំនួនប្រមាណជា២ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តសៀមរាប៕
ដោយ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


