Connect with us

ព័ត៌មានជាតិ

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

បានផុស

នៅ

តបនឹងការផ្សាយរបស់បុគ្គល ហេង សិទ្ធី, អង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ បានចេញមកច្រានចោលរាល់ការចោទប្រកាន់នានាមកលើប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា។ អង្គភាពទាំងនោះ ចាត់ទុកការផ្សាយរបស់បុគ្គល ហេង សិទ្ធី ជាអំពើញុះញង់ឱ្យមានការរើសអើង បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងក្រសួងមហាផ្ទៃ និងបង្កើតជាព័ត៌មានក្លែងក្លាយ ក្នុងចេតនាបំផ្លាញកិត្តិយសថ្នាក់ដឹកនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមដែលមានគណនីឈ្មោះ «Sithy Heng» បានផ្សព្វផ្សាយថា ខ្លួនបានត្រៀមដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដោយបានភ្ជាប់នូវខ្លឹមសារចោទប្រកាន់ទៅលើលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឱ្យខ្លួនក្នុងពេលបំពេញការងារ។ ជុំវិញការផ្សាយនេះ អង្គភាពដែលស្ថិតក្រោមឱវាទលោក ស សុខា ប្រកាសច្រានចោល​ និងអះអាងថា ជារឿងមិនពិតនោះឡើយ។

អង្គភាពដែលចេញមុខមកបញ្ជាក់ រួមមាន​ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានភស្ភុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សានីតិកម្ម និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ជាដើម។

យោងតាមសេចក្ដីបំភ្លឺ ជាបន្តបន្ទាប់របស់អង្គភាពទាំងនេះ បានបញ្ជាក់ថា ខ្លឹមសារដែលបានផ្សព្វផ្សាយជាសាធារណៈនេះ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់លោក ស សុខា និងអង្គភាពសាធារណៈ ដែលបានខិតខំដឹកនាំ បំពេញកិច្ចការងារតាមតួនាទី ភារកិច្ច ប្រកបដោយមនសិការស្នេហាជាតិ និងបម្រើប្រជាជនដោយស្មោះស្ម័គ្រ។

សេចក្ដីបំភ្លឺ បន្តថា ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាលោក ស សុខា បានខិតខំបំពេញកិច្ចការងារប្រកបដោយឆន្ទៈខ្ពស់បំផុត ក្នុងតួនាទីជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែចូលរួមពង្រឹង លើកកម្ពស់សមត្ថភាពមន្ត្រី រាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ឱ្យខិតខំបំពេញភារកិច្ច ស្របតាមតួនាទី ភារកិច្ចកាន់តែល្អប្រសើរជូនពលរដ្ឋគ្រប់រូបប្រកបដោយប្រសិទ្ធភាពខ្ពស់។

លើសពីនេះ លោក ស សុខា តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មន្ត្រីក្រោមឱវាទគ្រប់រូប ប្រកបដោយទឹកចិត្តគោរពស្រលាញ់រាប់អាន តាមរយៈការលើកទឹកចិត្ត ការជួយឧបត្ថម្ភគាំទ្រនានា តាមលទ្ធភាព ជំរុញការបង្កើតសកម្មភាពកីឡា និងសកម្មភាពការងារសង្គមផ្សេងៗសំដៅបង្កើននូវចំណងមិត្តភាព សាមគ្គីភាពផ្ទៃក្នុង កាន់តែល្អប្រសើរឡើងថែមទៀត។

ក្នុងន័យនេះ អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ចាត់ទុកថា ការលើកឡើងរបស់បុគ្គល ហេង សិទ្ធី គឺជាអំពើញុះញង់ឱ្យមានការរើសអើងជាសាធារណៈ បំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុងក្រសួងមហាផ្ទៃ និងសកម្មភាពបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាបំផ្លិចបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ព្រមទាំងប៉ុនប៉ងបង្កើតមាតិកាអវិជ្ជមានរបស់កម្ពុជា ដាក់ចូលក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន គេចវេះពីដំណើរការស្រាវជ្រាវស៊ើបអង្កេតតាមនីតិវិធីច្បាប់របស់តុលាការ។

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងថ្កោលទោសជាសាធារណៈចំពោះទង្វើអសីលធម៌ ទុច្ចរិត នៃការផ្សព្វផ្សាយរបស់បុគ្គល ហេង សិទ្ធី និងបានសំណូមពរឱ្យប្រព័ន្ធផ្សព្វផ្សាយ សាធារណជន កុំចែករំលែកនូវមាតិកាក្លែងក្លាយដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រទេសកម្ពុជានៅក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ព្រមទាំងស្នើដល់ស្ថាប័នអនុវត្តច្បាប់ ចាត់វិធានការចំពោះបុគ្គល់ និងបក្ខពួកឱ្យបានឆាប់រហ័សបំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម