ព័ត៌មានជាតិ
ប្រវត្តិភ្នំទ្រុងមាន់ ទ្រុងទា និង លោកយាយសក់ក្រអូបនៅភ្នំសំពៅ មានរឿងព្រេងពាក់ព័ន្ធក្រពើអាធន
បច្ចុប្បន្នរូបសំណាកលោកយាយសក់ក្រអូប ដែលបានកសាងឡើងនៅលើភ្នំទ្រុងទាតាំងពីឆ្នាំ ១៩៩០ កាន់តែមានភាពល្បីសុះសាយអំពីបារមីរបស់លោកយាយ ដោយសារតែពលរដ្ឋបែរបន់ប្រាថ្នាអ្វីតែងតែសម្រេចដូចបំណង។
ដោយឡែកនៅលើភ្នំទ្រុងទា ក៏មានកសាងព្រះវិហារនាឆ្នាំ ១៩៩៥ ដែលកាលពីមុនមានតែខ្ទមស្បូវសម្រាប់ព្រះសង្ឃគង់ ហើយវត្តទ្រុងមាន់នេះបានកសាងនៅលើភ្នំទ្រុងទា ដោយម្ចាស់ភ្នំដែលមានមហិទ្ធិឫទ្ធិនិងបារមីខ្លាំងពូកែគឺរូបសំណាកលោកយាយសក់ក្រអូប ហើយភ្នំនេះស្ថិតក្នុងភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ដែលមានចម្ងាយប្រមាណ ១៣ គីឡូម៉ែត្រពីទីរួម ខេត្តបាត់ដំបង តាមបណ្ដោយផ្លូវជាតិលេខ ៥៧។

បើតាមប្រវត្តិនៅក្នុងរឿងព្រេងបុរាណខ្មែរ ពាក់ព័ន្ធនឹងភ្នំទ្រុងមាន់ទ្រុងទានេះ គឺដើមឡើយមានក្សត្រមួយអង្គ ដែលគ្រងលើប្រទេសកម្ពុជា ព្រះនាម រាជកុល បានគួចប្រតិព័ទ្ធស្រឡាញ់នារីស្រុកស្រែម្នាក់ ដែលមានឈ្មោះ សុវណ្ណមសា ហើយនារីម្នាក់នេះក៏ធ្លាប់បានរើសពងអ្វីម្យ៉ាងយកមកទុក ប៉ុន្តែនៅពេលញាស់មក បានក្លាយទៅជាកូនក្រពើ ដែលនាងតែងហៅវាថា ” អាធន ” ហើយសត្វក្រពើមួយក្បាលនេះតែងតែស្ដាប់បង្គាប់នាងជានិច្ច។
ក្រោយពីស្ដេច រាជកុល បានពិចារណាថាខ្លួនមិនគួរណាយកនារីស្រុកស្រែ ដែលជារាស្ត្រសាមញ្ញមកធ្វើជាអគ្គមហេសី រួចមក ព្រះអង្គក៏តាមស្រាវជ្រាវរកនារីណាដែលមានឋានៈខ្ពង់ខ្ពស់ដើម្បីឲ្យស័ក្តសម ក៏ទទួលបានដំណឹងថា មាននារីម្នាក់ឈ្មោះ នាងរំសាយសក់ ដែលត្រូវជាកូនស្រីរបស់ស្ដេចមួយអង្គនៅស្រុកចន្ទបុរី ហើយនាងរំសាយសក់គឺមានសក់ទិព្វចង់ប្រាថ្នាអ្វីក៏បានដែរ រាល់ពេលដែលនាងច្បូតសក់ម្ដងៗ ទើបព្រះវររាជមាតាបិតា បានទាក់ទងសាកសួរ និងរៀបបណ្ណាការចូលស្ដីដណ្ដឹង ដោយប្រើអស់អាមាត្យមន្ត្រីរៀបចំសំពៅ ដើម្បីដឹកបណ្ណាការទាំងនេះទៅកាន់ស្រុកចន្ទបុរី ដែលមន្ត្រីហែរហមទាំងនោះ ក៏មានកងទ័ពខ្លាំងពូកែទៅជាមួយផងដូចជា លោកតាគ្រាម លោកតាង៉ែនជាដើម។


ដំណឹងនេះក៏បានឮទៅដល់នាង សុវណ្ណមសា ហើយនាងមានកំហឹងផ្ទុះឡើងទើបប្រើអាធនឱ្យទៅគាល់សំពៅ ដើម្បីឲ្យក្រឡាប់មិនអាចឱ្យស្ដេចរាជកុល ធ្វើដំណើរទៅជួបនាងរំសាយសក់បានឡើយ។ នៅពេលនោះពួកអាម៉ាតភ័យស្លន់ស្លោ នៅពេលដែលក្រឡេកឃើញក្រពើដ៏ធំមហិមា ទើបនាំគ្នាបោះផ្លែត្រឡាច ល្ពៅ មាន់ទាទាំងទ្រុងៗ ទៅឱ្យអាធនស៊ី តែវាមិនស៊ីនោះឡើយ។ ឯស្ដេចរាជកុលក៏បានលើកដៃប្រណមបែរបន់ សុំឱ្យគ្រោះចង្រៃនេះចេញឲ្យឆ្ងាយ។ ពាក្យបែរបន់នេះ បានឮដល់ព្រះឥន្ទ្រាធិរាជ និងឮដល់នាងរំសាយសក់ ទើបនៅពេលនោះដែលនាងរំសាយសក់ច្បូតសក់សុំឲ្យទឹកសមុទ្រ រីងហួតហែង នៅពេលនោះហើយដែលអាធនមុននឹងស្លាប់វារើបម្រាស់បោកកន្ទុយ និងដកដង្ហើមខ្លាំងៗទើបដាច់ខ្យល់តែម្ដង។
ជុំវិញរឿងព្រេងបុរាណនេះ រហូតមកទល់បច្ចុប្បន្នគេសង្កេតឃើញថា អាធនបានក្លាយទៅជាភ្នំក្រពើមួយយ៉ាងធំ ហើយការបោកកន្ទុយនិងដកដង្ហើមខ្លាំងៗ បានក្លាយទៅជាបឹងទាំងពីរ គឺបឹងកន្ទុយក្រពើ និងបឹងច្រមុះក្រពើ ដោយឡែកក្តោងរបស់សំពៅបានសណ្ដកចេញនិងក្លាយជាភ្នំក្តោង រីឯសំពៅក៏បានក្លាយទៅជាភ្នំសំពៅ ប៉ុន្តែភ្នំនេះផ្អៀងបន្តិចដោយសាររលកធំៗបោកបក់។ ឯទ្រុងមាន់ទ្រុងទាដែលពួកអាមាត្យបោះឲ្យសត្វក្រពើស៊ី ក៏បានក្លាយទៅជាភ្នំទ្រុងមាន់ទ្រុងទា។ដោយឡែកពួកមន្ត្រីធំៗ ក៏បានក្លាយទៅជាភ្នំតាគ្រាម និងភ្នំតាង៉ែន មកដល់សព្វថ្ងៃនេះ។

ព្រះចៅអធិការវត្តទ្រុងមាន់ ដែលកសាងនៅលើភ្នំទ្រង់ទា ព្រះនាម គឹម ម៉េងហួ មានព្រះជន្ម ៣៧ វស្សាមានសង្ឃដីកាថា ព្រះអង្គបានមកគង់នៅទីអារាមនេះមានរយៈពេលជាង ១០ ឆ្នាំហើយ ដែលបច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន ១៣ អង្គ ដោយនៅទីនេះព្រះអង្គចេះតែកសាងបន្តិចម្ដងៗដើម្បីឲ្យទីអារាមធំទូលាយ ងាយស្រួលក្នុងការធ្វើបុណ្យទានម្ដងៗ។ ដោយឡែកសម្រាប់រូបសំណាកម្ចាស់ភ្នំដែលមានឈ្មោះថា “លោកយាយ សក់ក្រអូប” គឺមានប្រជាពលរដ្ឋតែងតែទៅបែរបន់ជាញឹកញាប់ ដើម្បីសុំលាភសុំជ័យ ទៅតាមបំណងប្រាថ្នារបស់ពួកគាត់ ហើយបច្ចុប្បន្ននេះនៅក្នុងទីអារាមក៏មានការខ្វះខាតខ្លះៗដែរ ទៅលើចង្ហាន់ និងអង្ករជាដើម៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


