ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ មិនមានការកាត់បន្ថយថ្នាំពេទ្យពេលសមាជិក ប.ស.ស ឈឺទៅបើកថ្នាំនោះទេ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងនៅព្រឹកថ្ងៃទី ០៥ កុម្ភៈ នេះថា មិនមានការកាត់បន្ថយថ្នាំពេទ្យនៅពេលសមាជិក ប.ស.ស មានជំងឺទៅបើកថ្នាំនៅតាមមូលដ្ឋានសុខាភិបាលនោះទេ។

ការអះអាងរបស់អ្នកនាំពាក្យនេះឆ្លើយតបទៅនឹងការលើកឡើងរបស់សមាជិក ប.ស.ស មួយចំនួន ពិសេសអ្នកជំងឺរ៉ាំរ៉ៃដែលបានលើកឡើងថា បន្ទាប់ពី ប.ស.ស បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព និងសង្គតិភាពរួចមក គ្រូពេទ្យព្យាបាលនៅតាមមន្ទីរពេទ្យជាដៃគូជាមួយ ប.ស.ស បានកាត់បន្ថយថ្នាំព្យាបាលដែលរាល់ដងបើកឱ្យ ៦ ទៅ ៧ មុខ តែលើកនេះបើកឱ្យតែ ៣ មុខ ហើយតម្រូវឱ្យអ្នកជំងឺទិញថ្នាំបន្ថែមដោយខ្លួនឯង។

លោក កត្តា អ៊ន បានបញ្ជាក់ថា «មិនមានការបន្ថយថ្នាំ និងមិនព្យាបាលជំងឺនោះទេ។ បងប្អូនជាសមាជិក ប.ស.ស ដែលមានជំងឺ ទៅបើកថ្នាំ និងព្យាបាលជំងឺដដែល នឹងមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រូពេទ្យ»។

កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ ប.ស.ស បានចេញសេចក្តីណែនាំស្តីពីការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព និងសង្គតិភាព។

លោក កត្តា អ៊ន បានបញ្ជាក់បន្ថែមទៀតថា សេចក្តីណែនាំរបស់ ប.ស.ស នេះគឺចង់ឱ្យមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស បំពេញការងារ និងបែបបទក្នុងការទទួលពិនិត្យព្យាបាលជំងឺសមាជិក ប.ស.ស កាន់តែមានការទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព តម្លាភាព សង្គតិភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះសុខភាពពលរដ្ឋ ជៀសវាងការមិនពេញចិត្ត ឬ បញ្ហាមិនប្រក្រតីណាមួយកើតឡើង។

លោក កត្តា អ៊ន បានបន្តទៀតថា បច្ចុប្បន្ន ប.ស.ស មានមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស ចំនួន ១,៥៩៥ មូលដ្ឋាន ក្នុងនោះ មូលដ្ឋានសុខាភិបាលឯកជនមានចំនួន ១៦៣ មូលដ្ឋាន។
លោក កត្តា អ៊ន លើកឡើងទៀតថា ការកើនឡើង នៃមូលដ្ឋានសុខាភិបាលនេះ ដើម្បីជួយសម្រួលដល់សមាជិក ប.ស.ស ក្នុងការទៅពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ និងឆ្លើយតបទៅនឹងចំនួនសមាជិក ប.ស.ស មានការកើនឡើងជាបន្តបន្ទាប់ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃ ប.ស.ស។
លោក កត្តា អ៊ន បន្តទៀតថា គិតត្រឹមសប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ ប.ស.ស មានសមាជិកកើនឡើងដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥ ៥៩៣ នាក់ , បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារចំនួន ១ ៦០៣ ៤៨២ នាក់ , បុគ្គលស្វ័យនិយោជន៍ ចំនួន ៥២៣ ០១៣ នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១៦៣ ៤៣៨ នាក់។
លោក កត្តា អ៊ន បានអំពាវនាវដល់មូលដ្ឋានសុខាភិបាលដៃគូជាមួយ ប.ស.ស ទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យបានរហ័ស ច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


