ព័ត៌មានជាតិ
កម្ពុជា មានសាលារៀនជិត ២ ម៉ឺនសាលា និង សិស្ស-និស្សិតជាង ៤០ ម៉ឺននាក់ នៅទូទាំងប្រទេស
ក្នុងឆ្នាំសិក្សា ២០២៤- ២០២៥ នេះ នៅទូទាំងប្រទេស មានសាលារៀនរដ្ឋ និងឯកជន ប្រមាណជិត ២ ម៉ឺនសាលា ដែលមានសិស្ស និងនិស្សិត ប្រមាណជាង ៤០ ម៉ឺននាក់ ក្នុងនោះ សាលារៀនរដ្ឋមានប្រមាណជាង ១ ម៉ឺន ៣ ពាន់សាលា ខណៈសាលារៀនឯកជនមានជាង ២ ពាន់ ២ រយសាលាប៉ុណ្ណោះ។

នៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ កុម្ភៈ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្នុងទិដ្ឋភាព នៃការដោះស្រាយសំណូមពររៀនសូត្ររបស់សិស្ស និស្សិត និងយុវជនកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ ការផ្តល់គ្រូបង្រៀន និងការគាំទ្រគ្រប់រូបភាព។ ជាក់ស្តែង ក្នុងឆ្នាំសិក្សា ២០២៤- ២០២៥ ចំនួនសាលារៀននៅទូទាំងប្រទេសសរុប ១៩.៥៩១ ក្នុងនោះ សាលារៀនសាធារណៈមាន ១៣.៩៤៨ សាលា សាលារៀនឯកជន ២.២៩៥ សាលា និងមត្តេយ្យសិក្សាសហគមន៍ ៣.៣៤៨ កន្លែង។ គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៩៤ កន្លែង ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៧៩ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ១១៥។ សិស្ស និងនិស្សិត សរុប ៤.១៧១.៩៦២ នាក់ ក្នុងនោះ កុមារតូចទទួលបានសេវាអប់រំគ្រប់រូបភាព ៤២៥.៥៣៩ នាក់ ស្រី ៤៩.៨% និងអត្រាចូលរៀនកុមារអាយុ ៥ ឆ្នាំ កើនឡើងពី ៦៥.៤% នៅឆ្នាំសិក្សា ២០២៣-២០២៤ ដល់ ៧១.៤% នៅឆ្នាំសិក្សា ២០២៤-២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ចំណែកសិស្សបឋមសិក្សាសរុប ២.២៦១.២១៦ នាក់ ស្រី ៤៨% និងអត្រាពិត នៃការសិក្សាកើនឡើងពី ៩៩.៦% នៅឆ្នាំសិក្សា ២០២៣-២០២៤ ដល់ ១០២.៣% នៅឆ្នាំសិក្សា ២០២៤-២០២៥។ សិស្សមធ្យមសិក្សាបឋមភូមិសរុប ៧១២.២៩៨ នាក់ ស្រី ៥២.១% និងអត្រារួម នៃការសិក្សាកើនឡើងពី ៦៥.៥% នៅឆ្នាំសិក្សា ២០២៣-២០២៤ ដល់ ៧៥.២% នៅឆ្នាំសិក្សា ២០២៤-២០២៥។ សិស្សមធ្យមសិក្សាទុតិយភូមិសរុប ៤៥៦.៨០៤ នាក់ ស្រី ៥៥.៦% និងអត្រារួម នៃការសិក្សាកើនឡើងពី ៣៩.៣% នៅឆ្នាំសិក្សា ២០២៣-២០២៤ ដល់ ៤៤.៣% ឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងនោះ សិស្សមធ្យមសិក្សាចំណេះទូទៅ និងបច្ចេកទេស ៣.៨៤០ នាក់ ស្រី ៣៣.៦%។ និស្សិតឧត្តមសិក្សាសរុប ៣១៦.១០៥នាក់ ស្រី ៥២.៥% និងអត្រារួម នៃការសិក្សា (អាយុ១៨-២២ ឆ្នាំ) កើនឡើងពី ១៧.៩% នៅឆ្នាំសិក្សា ២០២២-២០២៣ ដល់ ១៩.០៨% នៅឆ្នាំសិក្សា ២០២៣-២០២៤។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា រីឯអ្នកសិក្សាដែលបានទទួលការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីសរុប ៥០.០៥៣ នាក់ ស្រី ៥២.៤% ក្នុងនោះ អ្នកចូលរៀនកម្មវិធីអក្ខរកម្មអប់រំក្រៅប្រព័ន្ធ ១៧.៥៧៥ នាក់ ស្រី ៦២.៣% អ្នកសិក្សាជំនាញមុខរបរងាយៗ សរុប ១២.១២២ នាក់ ស្រី ៦៣.៥% អ្នកសិក្សាកម្មវិធីសមមូលបឋមសិក្សា និងមធ្យមសិក្សាសរុប ៨.១៥៧ នាក់ ស្រី ៣៩.៩% និងអ្នកសិក្សាបំពេញវិជ្ជាបឋមភូមិសរុប ៨១២ នាក់ ស្រី ២៦.៧% និងមធ្យមសិក្សាទុតិយភូមិបំពេញវិជ្ជាសរុប ២.១០៧ នាក់ ស្រី ៣០.៧%៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


