ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ សិស្ស-និស្សិតនគរបាល ទទួលបានរបបថែទាំសុខភាពពី ប.ស.ស
មន្ត្រីជាន់ខ្ពស់ បេឡាសន្តិសុខសង្គម(ប.ស.ស.) បានអះអាងថា សិស្ស និងនិស្សិតនគរបាល ទទួលបានរបបថែទាំសុខភាពពីប.ស.ស.តែសាមីខ្លួនប៉ុណ្ណោះ។ ចំណែកកូន និងក្រុមគ្រួសារ មិនទទួលបានទេ។

ក្នុងឱកាសផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជូនដល់សិស្សនគរបាល នៃវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី ១៩ នៃសាលានគរបាលជាតិភូមិភាគ ១ ខេត្តស្ទឹងត្រែង ប្រមាណជា ១៥០ រូប កាលពីថ្ងៃទី ២៥ កុម្ភៈ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តថា ការផ្ដល់ការថែទាំសុខភាពជូនដល់និស្សិតនគរបាល និងសិស្សនគរបាលនេះ ផ្ដើមចេញពីរាជរដ្ឋាភិបាលដែលបានដាក់ចេញអនុក្រឹត្យលេខ ៣០៤ អនក្រ.បក ស្ដីពីការពង្រីកវិសាលភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់សិស្សនគរបាល និងនិស្សិតនគរបាល ហើយនេះក៏ជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខុមាលភាពរបស់សិស្ស និស្សិតនគរបាល ដែលអនាគតជាកម្លាំងការពារសន្ដិសុខជាតិ ដែលនៅពេលឈឺថ្កាត់ មាតុភាព ឬគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ ដោយទទួលបានការព្យាបាលទាន់ពេលវេលា ការពារបាននូវការចំណាយផ្ទាល់ខ្លួនដើម្បីព្យាបាលអំឡុងពេលកំពុងសិក្សានេះផងដែរ។

លោកបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្ថែមទៀតថា ការផ្ដល់ជូននេះ បច្ចុប្បន្នផ្ដល់ជូនចំពោះតែសាមីខ្លួនដែលជាសិស្ស និស្សិតនគរបាលប៉ុណ្ណោះ ប៉ុន្ដែនៅពេលដែលសិស្ស និស្សិតនគរបាលទាំងអស់បញ្ចប់ការសិក្សាដោយជោគជ័យ ហើយក្លាយជាមន្ដ្រីរាជការពេញសិទ្ធិ រាជរដ្ឋាភិបាល ក៏មានគោលនយោបាយផ្ដល់ជូនការគាំពារសុខភាពមួយនេះដល់ ប្ដី ឬប្រពន្ធ និងកូនៗ ក្នុងបន្ទុកផងដែរ ដែលរាល់បន្ទុកចំណាយបង់ភាគទានជាបន្ទុករបស់រាជរដ្ឋាភិបាលទាំងស្រុង។

លោកវរសេនីយ៍ឯក អៃ នរ៉ា នាយកសាលានគរបាលជាតិភូមិភាគ ១ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានយ៉ាងសកម្ម និងរៀបចំបទបង្ហាញយ៉ាងលម្អិត និងមានសារៈសំខាន់នេះឡើង ដើម្បីឱ្យថ្នាក់ដឹកនាំ និងសិស្សនគរបាល នៃវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី ១៩ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍របស់ខ្លួនដែលទទួលបានពី ប.ស.ស។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមសប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ ប.ស.ស. មានសមាជិកកើនឡើងដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥ ៥៩៣ នាក់, បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារចំនួន ១ ៦០៣ ៤៨២ នាក់, បុគ្គលស្វ័យនិយោជន៍ចំនួន ៥២៣ ០១៣ នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ១៦៣ ៤៣៨ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


