Connect with us

ព័ត៌មានជាតិ

ត្រីមាសទី ១ ឆ្នាំនេះ រដ្ឋ ចំណាយថវិកាជាង ៧ លានដុល្លារ ដល់ សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និង កូនអាយុ ២ ឆ្នាំ

បានផុស

នៅ

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៤ មេសា នេះថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ នេះ រាជរដ្ឋាភិបាលតាមរយៈ ប.ស.ស បានចំណាយថវិកាចំនួន ២៩,២៨៧.២៨ លានរៀល ស្មើនឹងប្រមាណ ៧.៣ លានដុល្លារ ដល់ សមាជិក ប.ស.ស ជាស្រី្តមានផ្ទៃពោះមានចំនួន ៦៦ ០១៧ នាក់ និង កូនអាយុក្រោម ២ ឆ្នាំ ចំនួន ១០១ ១១៣ នាក់។ ប៉ុន្តែបើគិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៦ នេះ កម្មវិធីឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស ជាស្រី្តមានផ្ទៃពោះបានផ្តល់ដល់ម្តាយចំនួន ៧៦២ ៧៦៨ នាក់ និង កូនអាយុក្រោម ២ ឆ្នាំ ចំនួន ៨៣៣ ២៣៦ នាក់ ដោយបានចំណាយថវិកាអស់សរុបចំនួន ៤៣៩,២៥១.៤៤ លានរៀល ស្មើនឹងប្រមាណ ១០៩.៨ លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត បានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនសមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ទាំងមុនសម្រាល ពេលសម្រាល និង ក្រោយសម្រាល រួមមាន 👉 សមាជិក ប.ស.ស ជាមន្ដ្រីរាជការ ជាស្រ្ដីមានផ្ទៃពោះក្នុងក្របខណ្ឌមុខងារសាធារណៈ ដែលបម្រើការងារ នៅតាមក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ និង ថ្នាក់ក្រោម ជាតិដែលស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីសហលក្ខន្ដិកៈ មន្រ្ដីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។ 👉 សមាជិក ប.ស.ស ជាមន្រ្ដីកម្មសិក្សា និង មន្ដ្រីជាប់កិច្ចសន្យាដែលបម្រើការ ងារនៅតាមក្រសួង-ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានការទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ។ 👉 សមាជិក ប.ស.ស ជាស្រ្ដីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ ដែលជាមន្ដ្រីនគរបាលជាតិ និង មន្ដ្រីពន្ធនាគារ។ 👉 សមាជិក ប.ស.ស ជាស្រ្តីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ នៃក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់ និង ស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ ជាកម្មការិនី។

លោកបណ្ឌិត បានបន្ថែមថា ក្នុងនោះ មុនពេលសម្រាលកូន កម្មករ-និយោជិត ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ១ លាន ២ សែនរៀល និង កូនភ្លោះ ៣ ទទួលបាន ១ លាន ៦ សែនរៀល និង ទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។ ក្រោយពេលសម្រាលកូន កម្មករជាស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។

លោកបណ្ឌិត បានបន្ថែមទៀតថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និង ទារក ព្រមទាំងរួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃរហូតដល់កូនមានអាយុ ២ ឆ្នាំ៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម