Connect with us

ព័ត៌មានជាតិ

ស្ថានីយចែកចាយទឹកស្អាត២៩ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងស្រុកចំនួន៥នៃខេត្តបន្ទាយមានជ័យ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោក ឆាយ ឬទ្ធិសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយទឹកស្អាតសហគមន៍ចំនួន២៩ បិទបញ្ចប់នូវបញ្ហាខ្វះខាតទឹកប្រើប្រាស់ក្នុងស្រុកស្វាយចេក ភ្នំស្រុក មង្គលបូរី ព្រះនេត្រព្រះ និង ថ្មពួក នៅខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ។ ស្ថានីយទឹកស្អាតទាំង២៩នេះគាំទ្រថវិកាសាងសង់ដោយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកជាតិរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជាលោក Janes Ginting មានប្រសាសន៍ថាការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លុវការនាថ្ងៃនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់អង្គការទស្សនៈពិភពលោកចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការបង្កើនសមត្ថភាពរបស់សហគមន៍ទាំងអស់នៅកម្ពុជា មិនត្រឹមតែដោះស្រាយតម្រូវការទឹកបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ពង្រឹងភាពធន់ទ្រាំ និងសុខភាពប្រជាជនកម្ពុជាគ្រប់ៗគ្នាផងដែរ។

លោកថា៖ «ថ្ងៃនេះយើងអបអរសាទរសមិទ្ធិផលដ៏អស្ចារ្យមួយក្នុងបេសកកម្មរបស់យើង ដើម្បីធានាថាប្រជាជនកម្ពុជាទទួលបានទឹកស្អាតប្រើប្រាស់ និងមានសុវត្ថិភាពសម្រាប់គ្រប់ៗគ្នា»។

ថ្លែងក្នុងឱកាសនោះរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោក ឆាយ ឬទ្ធិសែន បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធដែលបានជួយឱ្យសម្រេចបាននូវសមិទ្ធផលនេះ។ លោកបានបន្ថែមថាស្ថានីយ​ទឹកស្អាតនេះនឹងជួយធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរ ជាពិសេសការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅ ដោយប្រជាពលរដ្ឋនៅតំបន់ជនបទ មានទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ និងបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកទទួលទានទឹកមានសុវត្ថិភាព និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។

គួរឱ្យដឹងដែរថាការកែលំអប្រព័ន្ធទឹកដំបូងធ្វើឡើងនៅក្នុងឆ្នាំ២០១៥ រហូតឈានដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទឹកស្អាតចំនួន ២៩ទីតាំង ក្នុងឆ្នាំ ២០២៥ ក្នុងស្រុកទាំង៥ ដែលមានគ្រួសារទទួលផលចំនួន ១៤ ៩៥១ គ្រួសារ។

តាមរបាយការណ៍របស់អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ស្ថានភាពប្រើប្រាស់ទឹកស្អាតនៅទូទាំងខេត្តបន្ទាយមានជ័យមានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតចំនួន ២៩ក្រុមហ៊ុន និងមានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតចំនួន ១៣៨ ២៥៨គ្រួសារ ស្មើនឹង ៦៨,៦៥% រីឯស្ថានីយផលិតទឹកផឹកមានចំនួន ១៧០ ក្នុងនោះ សហគមន៍មានចំនួន ៣៤ និងឯកជនមានចំនួន ១៣៦។ ជារួមសរុបទាំងបណ្តាញចែកចាយទឹកតាមបំពង់ ទាំង ស្ថានីយផលិតទឹកផឹក បានគ្របដណ្តប់លើ ១៤៧ ៦៣៧គ្រួសារ ស្មើនឹងអត្រាប្រើប្រាស់ទឹកស្អាត ៧៣%។

រាជរដ្ឋាភិបាលមានចក្ខុវិស័យក្នុងការជំរុញអាត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០ ដែលស្របនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ ស្រពគ្នាជាមួយកម្ពុជាឈានក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម