ព័ត៌មានជាតិ
ចិនបណ្តាក់ទុនវិនិយោគបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យ ឧបករណ៍ពិសេសនៅកម្ពុជា
វិនិយោគិនចិនបានបណ្តាក់ទុនវិនិយោគបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសនៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ឧបករណ៍ពិសេសទាំងនេះជាប្រចាំ។

ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលរបស់ក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី យ៉ានជីវយ័ន ជាមជ្ឈមណ្ឌលត្រួតពិនិត្យ និងធ្វើតេស្តឧបករណ៍ពិសេស ដើម្បីធានាសុវត្ថិភាពដល់កម្មករនិយោជិតនៅកម្ពុជាកាលពីថ្ងៃទី៣១មីនា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា ការកើនឡើងនូវឧស្សាហូបនីយកម្ម ក៏ដូចជាការរីកដុះដាលនៃវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា បានធ្វើឱ្យការប្រើប្រាស់ឧបករណ៍ពិសេស ដូចជាឡចំហាយ ធុងសម្ពាធ ជណ្ដើរយន្ត គ្រឿងចក្រលើកស្ទូចទម្ងន់ជាដើម មានការកើនឡើងយ៉ាងគំហុក។ ក្នុងបរិការណ៍នេះ ការត្រួតពិនិត្យ និងការធ្វើតេស្តឧបករណ៍ពិសេសនេះឱ្យបានទៀងទាត់ពិតជាមានសារៈសំខាន់ណាស់
ជាពិសេសក្នុងការការពារអាយុជីវិតអ្នកដែលប្រើប្រាស់ឧបករណ៍ទាំងនេះជាប្រចាំ។

លោកបន្តថា មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសនេះ ជាសមិទ្ធផលថ្មីមួយរបស់កម្ពុជាដោយមជ្ឈមណ្ឌលនេះនឹងក្លាយជាផ្នែកដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីរបស់វិស័យឧស្សាហកម្ម អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធក្នុងការធានាបានថា ឧបករណ៍ពិសេសដែលត្រូវបានប្រើប្រាស់ គឺស្របតាមស្តង់ដារអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់។ លោកសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគបន្ថែមលើការនាំយកនូវបច្ចេកវិទ្យាចុងក្រោយមកកាន់កម្ពុជា, បណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញបច្ចេកទេស ដល់និយោជិតខ្មែរ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះលោកក៏សូមលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយពីបទពិសោធន៍ល្អៗ និងជោគជ័យក្នុងការវិនិយោគនៅកម្ពុជាទៅកាន់វិនិយោគិនផ្សេងៗទៀតដើម្បីរួមចំណែកជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ។
លោក ហឺ ជីងវៃ ប្រធានមជ្ឈមណ្ឌលតេហ្សុងស៊ីប៉ី ជាស៊ឺយ៉ានជីវយ័ន បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលមាសនៃការអភិវឌ្ឍឧស្សាហកម្មយ៉ាងឆាប់រហ័ស។ ជាមួយនឹងការចាប់ផ្ដើមគម្រោងនេះ
ឧបករណ៍ពិសេសដូចជា ឡចំហាយ ធុងសម្ពាធ និងគ្រឿងចក្រលើកទម្ងន់ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើង។ បច្ចុប្បន្នប្រព័ន្ធចុះបញ្ជី និងឧបករណ៍ធ្វើតេស្តនៅកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើឱ្យប្រសើរឡើង ខណៈដែលកង្វះខាតធនធានមនុស្សជំនាញផ្នែកត្រួតពិនិត្យ និងប្រព័ន្ធស្តង់ដារត្រួតពិនិត្យនៅតែស្ថិតក្នុងការកសាង។

លោក អាយ ស៊ិនហ៊្វូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលីហ្វូតគ្រុបបានមានប្រសាសន៍ថា ការបង្កើតមជ្ឈមណ្ឌលនេះ
គឺធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីទប់ស្កាត់គ្រោះថ្នាក់ឱ្យបានពីដើមហេតុតាមរយៈការធ្វើតេស្ដឧបករណ៍ពិសេសឱ្យបានហ្មត់ចត់ និងបណ្ដុះបណ្ដាលបុគ្គលិកប្រតិបត្តិការឱ្យមានជំនាញ ត្រឹមត្រូវ។ ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់នូវហានិភ័យ ហើយធានាសុវត្ថិភាពក្នុងវិស័យឧស្សាហកម្ម និងជួយជំរុញសេដ្ឋកិច្ចអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរុងរឿង៕
អត្ថបទ៖ សំអឿន





-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


