ព័ត៌មានជាតិ
កម្ពុជា-ចិន សាទរចំពោះការរីកចម្រើនទំហំពាណិជ្ជកម្ម វិនិយោគ និងវិស័យទេសចរណ៍ទ្វេភាគី
នៅចំពោះមុខលោក Wang Zhimin សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះប្រទេសចិន ដែលតែងតែគោរព និងផ្តល់តម្លៃដល់ប្រទេសកម្ពុជា ទោះបីជាប្រទេសតូច។ ជាមួយគ្នានេះ ភាគីទាំងពីរសាទរចំពោះការរីកចម្រើនទំហំពាណិជ្ជកម្ម វិនិយោគ និងវិស័យទេសចរណ៍ទ្វេភាគី។

នាឱកាសអនុញ្ញាតជូនលោក Wang Zhimin និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ សង្ឃឹមថាទស្សនកិច្ចការងាររបស់ភាគីចិននាពេលនេះ នឹងពង្រឹងឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅថែមមួយកម្រិតទៀតនូវទំនាក់ទំនងកម្ពុជា-ចិន។
ក្រោមក្របខណ្ឌទ្វេភាគី សម្តេចតេជោ បានចែករំលែកទស្សនវិស័យសម្តេច សំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ទំនាក់ទំនងប្រជាជននិងប្រជាជន និងសេដ្ឋកិច្ចជាដើម។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះមិត្តចិន ដែលតែងតែគោរព និងផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រទេសយើងទាំងពីរបើទោះបីជាកម្ពុជាជាប្រទេសតូច ហើយចិនជាប្រទេសធំក្តី។
សម្តេចតេជោ បានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសយើងទាំងពីរបានដើរដល់ដំណាក់កាលថ្មី ដូចដែលបានសបញ្ជាក់នៅក្នុងទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជាកន្លងទៅថ្មីៗនេះ។ សម្តេចតេជោ៖« បានសង្កត់ធ្ងន់ថា លទ្ធផលនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នាពេលកន្លងទៅ បានបន្តកសាងគ្រឹះយ៉ាងរឹងមាំ និងជាផែនទីចង្អុលផ្លូវនៃទំនាក់ទំនងរយៈពេលវែងសម្រាប់របស់យើងទាំងពីរផងដែរ»។

សម្តេចតេជោ បានបន្តចែករំលែកនូវសភាពការណ៍ និងបញ្ហាប្រឈមសកល ដែលទាមទារឱ្យយើងមានសាមគ្គីភាព ដើម្បីជម្នះការលំបាកនានា ដែលកើតឡើងតាមរយៈការអនុវត្តដោយឯកតោភាគី។ សម្តេចតេជោ បានបន្តថ្លែងថា សភាពការណ៍ប្រឈមសកលនេះ ក៏ជាកាលានុវត្តភាពតម្រូវឱ្យកម្ពុជា-ចិន និងចិន-អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សំដៅត្រៀមរៀបចំខ្លួនពង្រឹងពហុភាគីនិយម និងលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ។
នាឱកាសជំនួបនេះ លោ Wang Zhimin បានគូសបញ្ជាក់ថា ការបន្តផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់កម្រិតរវាងប្រទេសយើងទាំងពីរ បានបន្តពូនជ្រុំមិត្តភាពដែកថែបចិន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខានាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលថ្មីៗនេះ។ លោកបានថ្លែងថា សភាតំណាងប្រជាជនចិន តែងបន្តរក្សាទំនាក់ទំនងល្អជាមួយរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា ស្របតាមចក្ខុវិស័យនៃអតីតថ្នាក់ដឹកនាំប្រទេសយើងទាំងពីរ ជាមួយនឹងមនោសញ្ចេតនាស៊ីជម្រៅ និងជិតស្និត។

លោក Wang Zhimin បានសង្កត់ធ្ងន់ថា៖« បច្ចុប្បន្នកម្រិតនៃទំនាក់ទំនងចិន-កម្ពុជា បានឈានឡើងជាបន្តបន្ទាប់ហើយនឹងនាំមកនូវប្រយោជន៍ជាច្រើនដល់ប្រជាជនយើងទាំងពីរ ក្នុងការកសាងជោគវាសនារួម ដែលនឹងក្លាយជាកម្លាំងចលករ និងសុខដុមរមនារវាងប្រទេសយើងទាំងពីរ ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិរបស់យើង»។
ភាគីចិន ក៏បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីរវាងថ្នាក់ដឹកនាំជាច្រើនជំនាន់ និងមកដល់ដំណាក់កាលថ្មីមួយកាន់តែស៊ីជម្រៅ និងបានសាទរចំពោះការកើតឡើងជាបន្តបន្ទាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគចិននៅកម្ពុជា ហើយកំណើននៃវិស័យទេសចរណ៍ ក៏នឹងជំរុញការកើនឡើងនូវវិស័យដទៃទៀតផងដែរ។
ជាមួយគ្នានេះ តាមរយៈលោក Wang Zhimin, សម្តេចតេជោ បានអញ្ជើញលោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជន សាធារណរដ្ឋប្រជាមានិតចិនមកទស្សនកិច្ចនៅកម្ពុជា នាពេលសមស្របណាមួយខាងមុខផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


