សេដ្ឋកិច្ច
រដ្ឋ និងវិស័យឯកជនកម្ពុជា-ចិន ជួបសន្ទនា សំដៅជំរុញពាណិជ្ជកម្ម និងវិនិយោគ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៥ បានដឹកនាំកិច្ចសន្ទនាលើកទី១ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនចិនចំនួន ៨០ មកពីសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា ថ្នាក់ដឹកនាំតំណាងអន្តរក្រសួងស្ថាប័នជាសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា កិច្ចសន្ទនានេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនចិនដែលកំពុងវិនិយោគនៅកម្ពុជា អាចលើកឡើងពីបញ្ហាប្រឈមនានា ក្នុងគោលដៅស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកសាងទំនុកចិត្តពីសហគមន៍ធុរកិច្ចចិន។
លោក ស៊ុន ចាន់ថុល បន្ថែមថា កិច្ចសន្ទនានេះនឹងរៀបចំជាប្រចាំរៀងរាល់ប្រាំមួយខែម្តង ដើម្បីតាមដានការដោះស្រាយបញ្ហាប្រឈម ដោយគូសបញ្ជាក់ថាប្រទេសចិនគឺជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា ការសហការរៀបចំកិច្ចសន្ទនានេះ ក្នុងគោលដៅរួមពិនិត្យ និងពិភាក្សាអំពីការចូលរួមកែលម្អធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកវត្តមានសហគ្រាសចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា កិច្ចសន្ទនានេះមានសារៈសំខាន់ព្រោះអាចជួយវិនិយោគិនដោះស្រាយឧបសគ្គនានា ខណៈដែលការវិនិយោគរបស់ចិនបានបង្កើតការងារជាង ១លានកន្លែង កំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជាជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត។

អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល លើប្រធានបទមួយចំនួន ក្នុងវិស័យពន្ធដារ គយ ភស្តុភារកម្ម ថាមពល កសិកម្ម កសិ-ឧស្សាហកម្ម និងការងារ ដោយស្មារតីស្វែងរកដំណោះស្រាយឈ្នះឈ្នះ ដើម្បីធានាបរិយាកាសវិនិយោគដែលមានភាពសុខដុមរមនា និងមានទំនុកចិត្តសម្រាប់វិនិយោគិនចិន។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជាបានចុះបញ្ជីវិនិយោគលើគម្រោងចំនួន ៦៣០ ដែលមានទុនវិនិយោគចំនួន ១០ពាន់លានដុល្លារ កើនឡើង ៤៥% ក្នុងនោះប្រភពទុនវិនិយោគមកពីប្រទេសចិនមានចំណែកប្រមាណ ៥៤,២៥% ឈរនៅលំដាប់កំពូលលេខ១ នៃការវិនិយោគនៅកម្ពុជា៕


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


