Connect with us

ព័ត៌មានជាតិ

កម្ពុជាបញ្ជាក់ជាថ្មីពីការមិនជ្រៀតជ្រែកផ្ទៃក្នុងរបស់ចិនលើបញ្ហាតៃវ៉ាន់ ហុងកុង

បានផុស

នៅ

​ដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋរបស់​លោកប្រធានាធិបតី ស៊ី ជីនពីង ​នៅរាជធានីភ្នំពេញ កម្ពុជានៅតែបញ្ជាក់ពីការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនលើបញ្ហាតៃវ៉ាន់ និងហុងកុង ដោយកម្ពុជាប្រកាន់ខ្ជាប់ចំពោះគោលនយោបាយ «ចិនមួយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិនមួយ និងចាត់ទុកថា តៃវ៉ាន់ ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ កម្ពុជាប្រឆាំងចំពោះការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ»។ នេះជាសម្រង់ខ្លឹមសារចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរ​ទស្សនកិច្ច​​របស់​លោក ស៊ី ជីនពីង ​ប្រធានាធិបតី​ចិន​នៅ​កម្ពុជា ដែលលោកបានចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ កម្ពុជា និងចិន បានទទួលស្គាល់ពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង និងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ។ ភាគីទាំងពីរ បានបង្ហាញពីបំណងរួម ក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរ ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ រួមទាំងរវាងក្រសួង ការបរទេស និងក្រសួងការពារជាតិផងដែរ។  

ក្រសួងការបរទេស បញ្ជាក់ថា ភាគីទាំងពីរបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលបច្ចុប្បន្ន ក្នុងការជំរុញទំនាក់ទំនងយ៉ាងស្អិតរមួត និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។ ខណៈភាគីទាំងពីរ ក៏បានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នា។

ភាគីទាំងពីរ ក៏ប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដីនៃប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ។

ជាការឆ្លើយតបនឹងកម្ពុជា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជាក្នុងការជ្រើសរើស ដោយឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម