Connect with us

ព័ត៌មានជាតិ

បណ្ឌិត ជា សិរី៖ «ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា​ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ​ទទួលស្គាល់ ថា​បានបង្កើនការផ្តល់សេវហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជា​ទូទាំងប្រទេស»

បានផុស

នៅ

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា ចាប់តាំងពីកម្ពុជាបានធ្វើការអភិវឌ្ឍន៍នូវប្រព័ន្ធទូទាត់តាមបច្ចេកវិទ្យាគឺប្រព័ន្ធ«បាគង» ដោយបាន​បង្កើនការផ្តល់សេវហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជា​ទូទាំងប្រទេស ជាពិសេសដល់តំបន់ដាច់ស្រយាល ដែលរួមចំណែកកាត់បន្ថយចំណាយ​ និងហានិភ័យក្នុងប្រតិបត្តិការទូទាត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកស្រីបណ្ឌិតធ្វើឡើង ក្នុងវេទិកាតុមូលស្តីពី «ប្រព័ន្ធទូទាត់ឆ្លងដែន៖ ពីការដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ពន័្ធ រហូតដល់ការប្រើប្រាស់ដោយរលូនរបស់អតិថិជន» ​នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី ខណៈដែលលោកស្រីបណ្ឌិតត្រូវបានអញ្ជើញចូលរួមជាវាគ្មិន។

វេទិកានេះត្រូវបានរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយធនាគារកណ្តាលអុីតាលី និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS)​ ដោយថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តម Masato Kanda ប្រធាន ADB និង ឯកឧត្តម Fabio Panetta ទេសាភិបាលធនាគារកណ្តាលអ៊ីតាលី​ និងសុន្ទរកថាបិទដោយ ឯកឧត្តម Chang Yong Rhee ទេសាភិបាលធនាគារកណ្តាលកូរ៉េ។

លោកជំទាវ​ ទេសាភិបាល បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ និងការពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់កម្ពុជាជាមួយប្រទេសក្នុងតំបន់​និងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិ​។

លោកស្រីបណ្ឌិតបានលើកឡើងថា​ ៖«ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា​ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិ​ទទួលស្គាល់ថា​បានបង្កើនការផ្តល់សេវហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជា​ទូទាំងប្រទេស ជាពិសេសដល់តំបន់ដាច់ស្រយាល ដែលរួមចំណែកកាត់បន្ថយចំណាយ​ និងហានិភ័យក្នុងប្រតិបត្តិការទូទាត់​ ក៏ដូចជាជំរុញការទូទាត់ឱ្យមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់»។

ជាមួយគ្នានោះដែរ សម្រាប់ប្រព័ន្ធទូទាត់កម្ពុជា ក៏បានជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ​ ដោយបង្កើនភាពងាយស្រួល និងលទ្ធភាពក្នុងការទូទាត់ជាមួយប្រទេសដែលកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន​ជាមួយ។ ​  នេះបើយោងតាមលោកស្រីបណ្ឌិត ជា សិរី។

លោក Fabio Panetta លោកបានលើកឡើងអំពីសារៈសំខាន់នៃប្រព័ន្ធទូទាត់ជាតិ និងការភ្ជាប់ប្រព័ន្ធទូទាត់ជាតិជាមួយប្រទេសដទៃ ជាពិសេសក្នុងបរិបទមួយដែលគេកំពុងយក ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ជាឧបករណ៍ភូមិសាស្រ្តនយោបាយ។

លោកបានបន្ថែមថា៖ ​«​ប្រព័ន្ធទូទាត់ នៅពេលដែលមានដំណើការល្អ មិនមានអ្នកណាចាប់អារម្មណ៍ទេ ប៉ុន្តែបើមានបញ្ហានោះក៏មិនអាចមិនចាប់អារម្មណ៍បានដែរ។ ប្រព័ន្ធទូទាត់មិនត្រឹមគ្រាន់តែធ្វើការផ្ទេរសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចធ្វើឱ្យមនុស្ស អាជីវកម្ម និងសេដ្ឋកិច្ចទាំងមូលមានចលនា»។

លោកស្រីបណ្ឌិត ជា សិរីបានសរសេរនៅក្នុងបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា៖«ក្នុងវេទិការនោះ ខ្ញុំក៏បានចែករំលែកអំពីបទពិសោធន៍របស់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់របស់ខ្លួន ជាពិសេសការតភ្ជាប់ប្រព័ន្ធទូទាត់នេះជាមួយប្រទេសជិតខាង»។

យោងតាម ​ រហូតមកដល់បច្ចុប្បន្ននេះ ចំនួន QR code សម្រាប់ទូទាត់ប្រាក់ ដែលបានស្នើ និងអនុញ្ញាតឱ្យដាក់នៅតាមបញ្ជទូទាត់ និងហាងទំនិញកើនដល់ជាង១,៥លានហើយ ខណៈការទូទាត់ឆ្លងដែនតាម KHQR Code ក៏បានពង្រីកកាន់តែទូលំទូលាយទៅកាន់បណ្តាប្រទេសនានានៅក្នុងតំបន់។

គិតមកទល់បច្ចុប្បន្ន កម្ពុជាបានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសថៃ ឡាវ ម៉ាឡេស៊ី វៀតណាម ចិន និងបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ដែលអនុញ្ញាតឱ្យអ្នកប្រកបមុខរបរក្រៅប្រព័ន្ធទទួលបានផលប្រយោជន៍ តាមរយៈការទូទាត់ទំនិញនិងសេវាដោយប្រើ KHQR Code។

គួរបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធទូទាត់នេះ បានចូលរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងសម្រួលដល់ប្រតិបត្តិការទូទាត់ សម្រាប់សហគ្រាស អាជីវកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយចំណាយ ស្របតាមយុទ្ធសាស្ត្រជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជថលរបស់រាជរដ្ឋាភិបាលឆ្នាំ២០២១-២០៣៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម