ព័ត៌មានជាតិ
ត្រឹមខែឧសភា មានយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ជាង ១២ ម៉ឺននាក់ ចុះឈ្មោះរៀនជំនាញដោយឥតគិតថ្លៃ
គិតត្រឹមខែឧសភា ឆ្នាំ ២០២៥ នេះ កម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល មានអ្នកស្នើចុះឈ្មោះចូលរៀនប្រមាណជាង ១២ ម៉ឺននាក់ ក្នុងនោះ អ្នកកំពុងសិក្សា និងបញ្ចប់ការសិក្សា ៧ ម៉ឺននាក់។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី ១១ មិថុនា នេះថា គិតត្រឹមខែឧសភា ឆ្នាំ ២០២៥ នេះ មានអ្នកស្នើចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល ចំនួន ១២១ ០០០ នាក់។ ក្នុងនោះ អ្នកកំពុងសិក្សា និងបញ្ចប់ការសិក្សាចំនួន ៧ ម៉ឺននាក់ អ្នកមានការងារធ្វើ ១៨ ០០០ នាក់ ក្នុងនោះ យុវជនក្រីក្រ និងងាយរងហានិភ័យ ៧ ៧០០ នាក់ និងអ្នករង់ចាំចូលសិក្សាចំនួន ១០ ០០០ នាក់។

កម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។ ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចូលរៀនកម្មវិធីនេះ មិនត្រឹមតែឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ២៨ ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃពេលកំពុងសិក្សា ៤ ខែ ទៀតផង។ រីឯយុវជនមកពីគ្រួសារទូទៅ ក៏អាចចូលសិក្សាដោយឥតគិតថ្លៃដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនោះទេ។

លោកបានបន្តថា កំណើន នៃការចុះឈ្មោះចូលរៀននេះគឺល្អគួរឱ្យកត់សម្គាល់ផងដែរ ដោយសារតែរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារបានបង្កើតម៉ោងសិក្សាល្អមែនទែនដែលមានភាពបត់បែនខ្ពស់ទៅដល់អ្នកសិក្សាទាំងអស់។

លោកបានបន្ថែមថា «ការដែលប្រជាពលរដ្ឋ កម្មករ-និយោជិត មានឱកាសក្នុងការសិក្សាជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះ យើងមិនអាចបំភ្លេចបានទេនូវសុខសន្តិភាព និងស្ថិរភាពដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ បន្តការពារ និងយកចិត្តទុកដាក់ ហើយការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសនេះ ក៏ជាលទ្ធផលដ៏ល្អ នៃការទាក់ទាញទាក់ម៉ូយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល សម្តេច បានដើរទាក់ម៉ូយរយៈពេលជាង ១៩ ខែកន្លងមកនេះ ហើយបង្កើតឱ្យមានការវិនិយោគពីរោងចក្រជាច្រើនពីដៃគូបរទេសជាច្រើនដែលមកដល់ពេលនេះមានរោងចក្រសហគ្រាសកើនឡើងជាង ៤៥ ០០០ កន្លែង ហើយកើនឡើង ៦០០ រោងចក្រ គិតត្រឹមថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ។ អីចឹងវាជាមនុញ្ញផលមួយដែលហូរចេញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយក្រសួងការងារ ក៏បានដាក់ចេញនូវការបណ្តុះបណ្តាលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញរបស់ សម្តេចផ្ទាល់ តែម្តង ធ្វើឱ្យទទួលបាននូវជោគជ័យលើការងារបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ»។

លោក ស៊ុន មេសា បានអំពាវនាវដល់កម្មករ-កម្មការិនី ពិសេសប្រជាពលរដ្ឋដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កំពុងមានការងារធ្វើហើយ សូមឆ្លៀតពេលក្នុងថ្ងៃសៅរ៍ ឬអាទិត្យពេលយប់ មកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសបន្ថែមនៅតាមគ្រប់វិទ្យាស្ថានទាំងនៅទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ មាន ៨ វិទ្យាស្ថាន ដើម្បីអាចទទួលបាននូវចំណេះដឹង និងជំនាញថ្មីៗ បន្ថែម ដែលស្របទៅនឹងសេដ្ឋកិច្ច និងសង្គមត្រូវការ ហើយពលរដ្ឋអាចមានឱកាស និងមានជម្រើសការងារថ្មីៗ ទទួលបានប្រាក់ខែខ្ពស់ជាងមុន ធ្វើឱ្យជីវភាពកាន់តែប្រសើរមួយកម្រិតបន្ថែមទៀត៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


