Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា ទៅម៉ាឡេស៊ី ដើម្បីជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន

បានផុស

នៅ

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកក្កដានេះ បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ រៀបចំឡើងនៅទីក្រុងគូឡាឡាំពួ ដោយម្ចាស់ផ្ទះ គឺប្រទេសម៉ាឡេស៊ី នឹងប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមមូលបទ៖ «បរិយាបន្ន និងចីរភាព» ដោយកិច្ចប្រជុំ នឹងពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងការពង្រឹងមជ្ឈភាពអាស៊ាននៅចំពោះមុខស្ថានការណ៍តំបន់ និងពិភពលោកកាន់តែមានភាពស្មុគស្មាញ។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកអាស៊ាន នឹងផ្លាស់ប្តូរទស្សនៈជាមួយសមភាគីជាដៃគូសន្ទនាលើកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ និងលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់ និងផលប្រយោជន៍រួម។

ចំពោះវត្តមានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅម៉ាឡេស៊ី ក្រៅពីចូលរួមកិច្ចប្រជុំខាងលើនេះ លោក ក៏គ្រោងនឹងមានជំនួបទ្វេភាគីជាមួយសមភាគីបរទេសមួយចំនួន ដើម្បីពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេស៊ី នាពេលនេះ ត្រូវបានរៀបចំឡើងចំពេលកម្ពុជា និងថៃ ដែលជាប្រទេសនៃសមាជិកអាស៊ានទាំងពីរនេះកំពុងមានជម្លោះព្រំដែនដ៏ក្តៅគគុក។ តែយ៉ាងណាមិញ ក្នុងកិច្ចប្រជុំនៃក្របខណ្ឌអាស៊ានេះត្រូវបានគេរំពឹងថា បញ្ហាដែលបាននិងកំពុងកើតមានឡើងរវាងកម្ពុជានិងថៃ នឹងត្រូវបានលើកយកមកនិយាយ ដើម្បីឈានដល់ការដោះស្រាយបញ្ហាដោយសន្តិវិធី។

កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រាប់ទៅកាន់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ពីជំហរ ៤ចំណុចរបស់កម្ពុជាទាក់ទងនឹងបញ្ហាព្រំដែនជាមួយថៃ។ ខណៈអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ក៏បានទូរសព្ទទៅលោក Anwar ដូចគ្នានេះផងដែរ។

កិច្ចសន្ទនាតាមទូរសព្ទជាមួយលោក Anwar Ibrahim សម្តេចធិបតី បានបញ្ជាក់អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ គឺកម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។

ជុំវិញកិច្ចការព្រំដែន កម្ពុជាប្រកាន់ជំហរបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ។ លើកលែងតែបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី គឺកម្ពុជា បានសម្រេចចិត្តយកសំណុំរឿងនេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធី ឱ្យបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហានៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម