Connect with us

ព័ត៌មានជាតិ

ថៃលុបMoU2001! កម្ពុជា ផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយបង្ខំរបស់UN ខណៈអ្នកវិភាគមើលឃើញថាយន្តការនេះតុលាការអាចកាត់ក្ដីបានទោះថៃមិនទៅ

បានផុស

នៅ

កម្ពុជាផ្ដួចផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS ) ភ្លាមៗក្រោយ​សម្រេច​លុប​ជា​ឯកតោ​ភាគី​អនុស្សរណៈ​នៃការ​យោគយល់​ឆ្នាំ២០០១ (MoU-2001) នារសៀលថ្ងៃទី៥ ខែឧសភា នេះ ខណៈអ្នកជំនាញមើលឃើញថា នេះជាយន្តការមួយដែលកម្ពុជាអាចប្ដឹងឱ្យតុលាការអន្តរជាតិជួយកាត់ក្ដី ហើយតុលាការអាចកាត់ក្ដីតាមបណ្ដឹងរបស់កម្ពុជាបញ្ហាលើដែនសមុទ្រ ទោះបីជាថៃមិនទៅតុលាការក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីថ្លែងការណ៍រយៈពេលជាង៣នាទី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខទូតកម្ពុជា ចាត់ទុកការណ៍ដែលថៃលុបចោលអនុស្សរណៈឆ្នាំ២០០១ គឺជាការដើរចេញពីឆន្ទៈនយោបាយដែលសម្រេចឱ្យប្រទេសទាំងពីរ កំណត់នូវក្របខណ្ឌមួយក្នុងការដោះស្រាយបញ្ហាការទាមទារតំបន់ត្រួតស៊ីគ្នា និងបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។

ប្រមុខការទូតកម្ពុជា សង្កត់ធ្ងន់ថា៖«ជាការឆ្លើយតបទៅនឹងការបញ្ចប់ ឬលុបអនុស្សរណៈ  កម្ពុជាមិនមានជម្រើសអ្វីប្រសើរជាងការផ្ដើមគំនិតជំរុញនូវយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (Compulsory Conciliation)  ដែលបានសម្រេចនៅឆ្នាំ១៩៨២។»។

ប្រមុខការទូតកម្ពុជា អះអាងថា ការបញ្ចប់ ឬការដកខ្លួនរបស់ថៃចេញពីMoU2001 នេះ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជានៅលើដែនសមុទ្ររបស់ខ្លួនឡើយ ហើយការសម្រេចយកយន្តការផ្សះផ្សាដោយបង្ខំ ក្រោមUNCLOS បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងដោះស្រាយគ្រប់វិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។

អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត ជ័័យ តិច តាមរយៈបណ្ដាញសង្គមផ្លូវការ លើកឡើងថា យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិជាយន្តការមួយ ផ្ដល់ជម្រើសច្រើនឱ្យភាគីជម្លោះទាំងពីរដោះស្រាយបញ្ហា ពោលជម្រើសនៅដំណាក់កាលទី១ គឺការចរចាទ្វេភាគី ដើម្បីស្វែងរកកិច្ចព្រមព្រៀង ប៉ុន្តែបើគ្មានលទ្ធផល នឹងឈានដល់ដំណាក់កាលទី២ គឺជាការចរចាផ្សះផ្សាដោយមានការសម្របសម្រួលពីអន្តរជាតិ បើការចរចានេះបរាជ័យ នឹងឈានដល់ដំណាក់កាលការកាត់ក្ដីរបស់តុលាការអន្តរជាតិ ហើយដំណាក់កាលនេះទោះបីជាភាគីជម្លោះម្ខាងទៀតព្រមយកបញ្ហាទៅតុលារ ឬមិនព្រមទៅ ក៏តុលាការមានសិទ្ធិកាត់។

បណ្ឌិត ជ័យ តិច ពន្យល់ថា៖«បើកម្ពុជាប្រើច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិទៅតុលាការ គឺតុលាការអាចដំណើរការកាត់ក្ដីបញ្ហាវិវាទសមុទ្រនេះបានហើយ ទោះបីជាថៃអត់ទៅក៏ដោយ។ ឧទាហរណ៍ករណីសមុទ្រចិនខាងត្បូង ដែលហ្វីលីពីនប្ដឹងទៅតុលាការ ហើយចិនអត់ទៅ តែតុលាការនៅអាចកាត់ក្ដីបាន។ »។

អ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ មើលឃើញថា ការណ៍ដែលលុបចោល គឺមានន័យថាថៃចង់យកបញ្ហាវិវាទលើដែនសមុទ្រទៅកាន់ឆាកអន្តរជាតិ ដូច្នេះលោកជូនជាយោបល់ថា បើថៃចង់យកបញ្ហាព្រំដែនទឹក ឬបញ្ហាសមុទ្រទៅអន្តរជាតិទៅហើយ រដ្ឋាភិបាលកម្ពុជាគូរតែជូនថៃតាមសំណូមពរ និងត្រូវយកបញ្ហាវិវាទព្រំដែនគោកទៅជាដោះស្រាយបញ្ហានៅឆាកអន្តរជាតិជាកញ្ចប់តែម្ដង ដើម្បីបិទបញ្ចប់សង្គ្រាម ធ្វើឱ្យព្រំដែនកម្ពុជា ថៃ មានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងផ្ដល់ប្រយោជន៍ដល់ប្រជាជន៕

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម