Connect with us

ព័ត៌មានជាតិ

ប្រមុខការពារជាតិ ទៀ សីហា  ហួសចិត្តចំពោះករណីជនកំសាកថៃ លួចដាល់កងទ័ពខ្មែរនៅប្រាសាទតាមាន់ធំ

បានផុស

នៅ

ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា  ហួសចិត្តនឹងករណីជនកំសាកពាក់ឯកសណ្ឋានយោធាថៃ ឆ្លៀតចាប់ រួចដាល់មកលើផ្ទៃមុខកងទ័ពកម្ពុជានៅប្រាសាទតាមាន់ធំ។ លោក ទៀ សីហា ក៏បង្ហាញការមិនពេញចិត្តចំពោះ ថៃ ដែលមិនបានសុំទោសមកកម្ពុជាជាផ្លូវការ ឬប្រព័ន្ធផ្សព្វផ្សាយថា ថៃសុំទោសចំពោះករណីប្រើហិង្សាលើកងទ័ពកម្ពុជា។  នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងដូច្នេះនៅក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងទ័ពមួកខៀវ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅអាហ្វ្រិកកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរម្លឹកថា កាលពីវេលាម៉ោងប្រមាណ១០៖២០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ជនជាតិថៃពីរនាក់ បានធ្វើប្រើអំពើហិង្សាមកលើកងទ័ពកម្ពុជាជាជនស្លូតត្រង់ ដែលកំពុងឈរជើងនៅទីតាំងប្រាសាទតាមាន់ធំ។ ភ្លាមៗ ក្រោយប្រើអំពើហិង្សា ជនបង្កហេតុព្យាយាមរត់គេចខ្លួនយ៉ាងរហ័ស ប៉ុន្តែមន្ត្រីថៃបានតាមដាននិងឃាត់ខ្លួនជនបង្កហេតុបាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់នៅក្នុងប្រទេសថៃ។ កងទ័ពជើងគោកថៃបញ្ជាក់ថា ជនដៃដល់ដែលលួចវដាល់កងទ័ពកម្ពុជា  មានឈ្មោះថា Sommai Srisukranan  ជាភ្ញៀវទេសចរប៉ុណ្ណោះ។ រូបគេជាអតីតយោធាស្ម័គ្រចិត្ត បច្ចុប្បន្នកាន់តំណែងជាប្រធានក្លឹបយោធាស្ម័គ្រចិត្តចិត្ត។

ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា អះអាងថា ក្រសួងការពារជាតិកម្ពុជា បាន និងកំពុងតាមដានជាប់ជានិច្ចចំពោះករណីនេះ មិនឱ្យរួចផុតដោយងាយៗឡើយ។

ក្រោយជនជាតិថៃ ដ៏កំសាកលួចដាល់កងទ័ពកម្ពុជា ត្រូវបានចាប់ខ្លួនដើម្បីបន្តចាត់ការតាមផ្លូវច្បាប់  នៅក្នុងប្រទេសថៃ គឺមានមេធាវីជាជនជាតិថៃ ចេញមុខការពារ និងធានាជួយផ្នែកច្បាប់លើជនកំសាក Sommai Srisukranan បើរូបគេទទួលទោសនិងគ្មានមេធាវី។

នាយឧត្ដមសេនីយ៍ ទៀ សីហា ក៏បានសម្ដែងការហួសចិត្តចំពោះមេធាវីដែលចេញមុខការពារជនខិលខូចដ៏កំសាកញី Sommai Srisukranan។ លោក ទៀ សីហា ចាត់ទុកថា មេធាវីដែលចេញមកការពារក្ដីនេះ ថាជាមនុស្សដែលចង់ល្បីតាមបណ្ដាញសង្គមធ្វើទង្វើរុញស្ថានភាពជម្លោះកម្ពុជា ថៃ ឱ្យកាន់តែអាក្រក់មើលមុខគ្នាលែងចំ ពិបាកដោះស្រាយស្ថានការណ៍។

តំបន់ប្រាសាទតាមាន់ធំ ជាទីតាំងមួយដែលមិនទាន់មានការសម្រេចដាច់ស្រេចថាជាតំបន់ស្ថិតក្រោមរបស់កម្ពុជាទាំងស្រុង ឬស្ថិតក្រោមការគ្រប់គ្រង់របស់ថៃឡើយ ប៉ុន្តែផ្អែកលើសិន្ធិសញ្ញាបារាំងសៀម១៩០៤-១៩០៧ តំបន់ប្រាសាទតាមាន់ធំ គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា។

ជាការកត់សម្គាល់ចូលមកដល់ឆ្នាំ២០២៥ បញ្ហាភាពជាម្ចាស់លើតំបន់ប្រាសាទតាមាន់ធំ  ត្រូវបានអ្នកជ្រុលនិយមថៃ យកធ្វើជាឧបករណ៍ដើម្បីកេងចំណេញប្រជាប្រិយភាពនយោបាយថៃ ដោះស្រាយជម្លោះផ្ទៃក្នុងថៃ ដែលករណីនេះ គឺប៉ះពាល់ដល់កម្ពុជា។

នៅខែមិថុនា ឆ្នាំ២០២៥ ក្រោយជម្លោះព្រំដែនកម្ពុជា ថៃផ្ទុះឡើង ព្រោះតែកងទ័ពថៃឈ្លានពានលប​លួចបាញ់សម្លាញ់កងទ័ពកម្ពុជា នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅក្នុងតំបន់មុំបីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រដ្ឋាភិបាលកម្ពុជា ក៏សម្រេចដាក់បញ្ចូលតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ចូលទៅក្នុងបណ្ដឹងប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ឱ្យជួយកាត់ក្ដីឱ្យដាច់ស្រេច ផ្ដល់យុត្តិធម៌មួយដែលមិនលម្អៀង និងមានភាពយូរអង្វែង បញ្ជៀសការផ្ទុះអាវុធរវាងកងទ័ព នៃប្រទេសទាំងពីរ។

យ៉ាងណាក៏ដោយ ក៏ថៃ នៅតែឆ្លៀតបង្កបញ្ហាដដែលជាដដែល នៅតំបន់ប្រាសាទតាមាន់ធំនេះ តួយ៉ាងនៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ទាហាន​ថៃ០៣​នាក់ ​បាន​ដឹក​នាំ​ក្រុម​អ្នក​ជិះកង់​​​ជន​ជាតិ​ថៃ​ប្រមាណ​១៥០​នាក់ ចូល​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់​ធំ ​ដោយមិន​បាន​ជូន​ដំណឹង​ដល់​ភាគី​កម្ពុជា​ជាមុន​ទាល់តែសោះ​។ បន្ទាប់មក នៅចុងខែមិថុនា អតីតរដ្ឋមន្ត្រីការពារជាតិថៃ ប្រគល់សិទ្ធិចង់ឱ្យ មេភូមិភាគពីរថៃ បិទមិនឱ្យពលរដ្ឋកម្ពុជា ចូលទស្សនាប្រាសាទតាមាន់ធំ។ ក្រោយមកទៀត នៅថ្ងៃទី០៥ ខែកក្កដា ភ្ញៀវទេសចរជនជាតិថៃ ក៏ប្រុងប្រើអំពើហិង្សាមកលើពលរដ្ឋស្លូតត្រង់របស់កម្ពុជា ព្រោះតែឃើញបង់ករក្រមា ដែលមានទង់ជាតិកម្ពុជា។ ថ្មីៗ មុននឹងមានករណី ប្រើអំពើហិង្សាលើកងទ័ពកម្ពុជា ថ្នាក់ដឹកនាំថៃ​ ក៏ចង់ធ្វើរបងព័ទ្ធយកប្រាសាទតាមាន់ធំ ដែលផែនទីបារាំងគូសបញ្ជាក់ថា ជាកម្មសិទ្ធិរបស់កម្ពុជាទៀតផង។

ថ្នាក់ដឹកនាំកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបន្ទាត់ក្រហម និងព្រមានថៃ ថាបើហ៊ានបិទប្រាសាទតាមាន់ធំមិនឱ្យពលរដ្ឋខ្មែរចូលទស្សនា និងហ៊ានធ្វើរបងព័ទ្ធរបងយកប្រាសាទតាមាន់ធំ នឹង«មានរឿងជាមួយកម្ពុជា»ជាមិនខានឡើយ។ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនប្រកាសចង់ធ្វើសង្គ្រាមឡើយ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចថាចំពោះសង្គ្រាមដែលចូលមកដល់៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម