ព័ត៌មានជាតិ
អ្នកវិភាគជំរុញឱ្យគណៈកម្មការដោះស្រាយបញ្ហាផ្ទះបណ្ដែតទឹកតាមទន្លេ ត្រូវតែអនុវត្តវិធានការឱ្យបានម៉ឺងម៉ាត់
ក្រុមអ្នកវិភាគ ជំរុញ និងលើកទឹកចិត្តដល់គណៈកម្មការចំពោះកិច្ច ដែលទើបត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល ត្រូវខិតខំប្រឹងប្រែងដោះស្រាយបញ្ហាផ្ទះបណ្ដែតទឹកនៅតាមបឹងទន្លេសាបឱ្យមានប្រសិទ្ធភាព ដោយត្រូវអនុវត្តវិធានការឱ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាធានាថា គ្មានផ្ទះអណ្ដែតលើផ្ទៃទឹកបន្តទៀត។

យោងសេចក្ដីសម្រេចចុះកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ស្ថិតក្នុងភូមិសាស្ត្រខេត្តទាំង៥ ជុំវិញបឹងទន្លេសាបដែលគណៈកម្មការចំពោះកិច្ចនេះ គឺមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ជាប្រធាន អមដោយមានសមាសភាពមកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការបង្កើតនូវគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាផ្ទះបណ្ដែតទឹក គឺជារឿងមួយល្អ ចាំបាច់ ហើយត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាពបំផុត។ បណ្ឌិត គិន ភា ប្រាប់កម្ពុជាថ្មី ថា គណៈកម្មការចម្រុះនេះ ជារឿងមួយដែលល្អ គឺល្អ ត្រង់ថា ជាការងារចាំបាច់មួយក្នុងការដោះស្រាយបញ្ហាផ្ទះបណ្ដែតទឹក ជាពិសេសគឺក្រុមជនអនាធិបតេយ្យ រាប់ទាំងជនបរទេសដែលមកតាំងទីលំនៅលើផ្ទៃទន្លេ ទាំងទន្លេសាប ទាំងទន្លេមេគង្គ។
លោកបណ្ឌិត បន្តលើកឡើងដូច្នេះថា«យើងមិនគួរបន្តឱ្យមានការបន្តរស់នៅដោយអនាធិបតេយ្យបណ្ដែតលើផ្ទៃទឹករសាត់ទៅមក ពីមួយកន្លែងទៅមួយកន្លែង ហើយបង្កើតភាពកខ្វក់ផ្នែកបរិស្ថាន ធ្វើឱ្យខូចដល់អនាម័យ និងគុណភាពទឹករបស់យើងទៀតឡើយ ពីព្រោះទឹកទាំងអស់ហ្នឹង សុទ្ធតែជាទឹកដែលយើងប្រើប្រាស់ យើងអាស្រ័យ ទទួលទានជារៀងរាល់ថ្ងៃ»។

ដោយឡែក អ្នកវិភាគនយោបាយ លោកបណ្ឌិត អេង កុកថាយ លើកឡើងថា គណៈកម្មការចំពោះកិច្ចនេះ ជាចំណាត់ការមួយដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាលដែលឆ្លុះបញ្ចាំងពីការគិតគូរដល់ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និងគ្រប់ទីកន្លែង ដើម្បីជួយឱ្យជីវភាពរបស់ពួកគាត់កាន់តែមានភាពល្អប្រសើរ ហើយមួយផ្នែកទៀតនោះ គឺដើម្បីការពារសណ្ដាប់ធ្នាប់ និងសន្តិសុខនៅតាមសហគមន៍តាមដងទន្លេ។
ពាក់ព័ន្ធនឹងការរៀបចំផែនការក្នុងការបម្លាស់ទីប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទះបណ្តែតទឹកឱ្យមករស់នៅលើដីគោកវិញនោះ លោកបណ្ឌិត អេង កុកថាយ បានបង្ហាញការគាំទ្រ និងចាត់ទុកថា គឺជាចំណុចមួយដែលល្អប្រសើរ តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ច។ លោកថា ការបម្លាស់ទីមកលើគោក នឹងធានាបាននូវជីវភាពរបស់ពួកគាត់ ហើយជួយកាត់បន្ថយការបំពុលបរិស្ថាន ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប។

សម្រាប់លោកបណ្ឌិត ជ័យ តិច អ្នកតាមដានសង្គម យល់ឃើញថា ការបង្កើតគណៈកម្មការថ្នាក់ជាតិមួយនេះ គឺបន្ទាប់ពីកន្លងមក បញ្ហាផ្ទះបណ្ដែតទឹកនេះ បានប្រគល់ភារកិច្ចឱ្យអាជ្ញាធរខេត្តដោះស្រាយ តែហាក់ដូចជាមិនសូវមានប្រសិទ្ធភាព និងឆ្លើយតបនៅឡើយ ពោលគឺផ្ទះបណ្ដែតទឹកនៅពាសពេញផ្ទៃទន្លេយ៉ាងអនាធិបតេយ្យដដដែលដែលបានធ្វើឱ្យប៉ះពាល់ដល់សោភណ្ឌភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសន្តិសុខ រួមទាំងការបំពុលបរិស្ថានទឹកទន្លេ។
ក្នុងន័យនេះ លោកបណ្ឌិត ជ័យ តិច បានលើកទឹកចិត្តដល់គណៈកម្មការចំពោះកិច្ចក្នុងការដោះស្រាយបញ្ហាផ្ទះបណ្ដែតទឹក ត្រូវតែមានកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្អិតរមួតក្នុងការដាក់ចេញវិធានការ ក៏ដូចជាការត្រួតពិនិត្យ ជាពិសេសចាត់វិធានការឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាធានាថា គ្មានផ្ទះអណ្ដែតលើផ្ទៃទឹកបន្តទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


