ព័ត៌មានជាតិ
អ្នកវិភាគរំពឹងពីប្រសិទ្ធភាពរបស់ក្រុមការងារួមកម្ពុជា-កូរ៉េ ក្នុងការបង្ក្រាបបទល្មើសអនឡាញ
ក្រុមការងាររួមរវាងប៉ូលិសជាតិកម្ពុជា និងប៉ូលិសជាតិកូរ៉េ ត្រូវបានបង្កើតឡើងជាផ្លូវការដើម្បីជំរុញសន្ទុះការងារឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រុមការងារថ្មីនេះ ត្រូវបានអ្នកវិភាគ មើលឃើញថា ជាការបោះជំហានទៅមុខដោយទំនុកចិត្ត និងភាពប្រាកដនិយមរវាងកម្ពុជា និងកូរ៉េ លើកិច្ចសហប្រតិបត្តិការសន្តិសុខ ពិសេសបទល្មើសអនឡាញដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថា ការបង្កើតក្រុមការងាររួមរវាងកម្ពុជា និងកូរ៉េ ក្នុងការបង្រ្កាបបទល្មើសអនឡាញបានបង្ហាញពីប្រសិទ្ធភាព តាមរយៈយន្តការសំខាន់ៗជាច្រើន។
លោក បានរៀបរាប់ប្រាប់កម្ពុជាថ្មី នៅថ្ងៃពុធនេះ ថា ក្រុមការងារនេះនឹងអនុញ្ញាតឱ្យមានការចែករំលែកព័ត៌មានសម្ងាត់យ៉ាងឆាប់រហ័ស និងការវាយឆ្មក់ ដោយមានការសម្របសម្រួល និងអនុញ្ញាតឱ្យភាគីទាំងពីរអាចតាមដានចាប់ខ្លួន ព្រមទាំងធ្វើមាតុភូមិនិវត្តន៍ជនសង្ស័យបោកប្រាស់តាមអ៊ីនធឺណិតបានយ៉ាងឆាប់រហ័ស។

សម្រាប់លោក ថុង ម៉េងដាវីត ក្រុមការងារនេះ ក៏អាចបើកការស៊ើបអង្កេតរួមគ្នា និងកិច្ចសហប្រតិបត្តិការកោសល្យវិច្ច័យ ពង្រឹងការប្រមូលភស្តុតាង និងធានាការកាត់ទោសប្រកបដោយជោគជ័យ និងស្របតាមនីតិវិធីច្បាប់ជាតិ និងអន្តរជាតិ។ ខណៈការផ្លាស់ប្តូរព័ត៌មានស្តីពីបញ្ជីខ្មៅ និងទិន្នន័យហិរញ្ញវត្ថុ ក៏អាចជួយកំណត់អត្តសញ្ញាណមេខ្លោង និងបង្កកទ្រព្យសម្បត្តិខុសច្បាប់។ នេះជាការមើលឃើញបន្ថែមរបស់អ្នកវិភាគរូបនេះ។
លោក បន្ថែមថា ក្រុមការងារខាងលើ ក៏ពង្រឹងផងដែរនូវកិច្ចការពារជនរងគ្រោះ ការបង្រ្កាបការផ្សាយពាណិជ្ជកម្មការងារក្លែងបន្លំ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ដែលទាំងអស់នេះលោកចាត់ទុកថា ជាវិធានការដែលបានជួយពង្រឹងយ៉ាងខ្លាំងនូវសកម្មភាពឆ្លងដែន ប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត និងបណ្តាញជួញដូរមនុស្ស។

ស្របទស្សនៈគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកតាមដានព្រឹត្តិការណ៍សង្គម ថា ការបង្កើតក្រុមការងាររវាងស្ថាប័នសមត្ថកិច្ចកម្ពុជា និងកូរ៉េពេលនេះ គឺជាចំណុចវិវត្តជាវិជ្ជមាន ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការបែបនេះ លោក មើលឃើញថា ជាការផ្ដល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក តាមរយៈការបំប៉នសមត្ថភាព ចែករំលែកព័ត៌មាន និងផ្លាស់ប្ដូរបទពិសោធរវាងមន្ត្រីជំនាញពាក់ព័ន្ធនឹងប្រតិបត្តិការស៊ើបអង្កេត និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង ថា ក៏ជាផ្នែកមួយនៃការបង្កើននូវភាពទុកចិត្តរវាងគ្នា ខណៈដែលកន្លងទៅតែងមានការសាចទឹកដាក់គ្នា ដោយការដាក់បន្ទុកទៅលើភាគីម្ខាងៗ។ ក្នុងន័យនេះ លោកបានលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា យកគំរូក្រុមការងារនេះ ធ្វើជាមួយប្រទេសដទៃផ្សេងទៀត ដែលមានជនជាតិរបស់ខ្លួនជាប់ពាក់ព័ន្ធជាមួយអំពើឆបោកតាមអនឡាញក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសជាសកលមួយនេះ។

គួរឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ ក្នុងការបង្កើតក្រុមការងាររួមមួយដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា រាប់ទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាប់ពាក់ព័ន្ធនឹងជនជាតិកូរ៉េនៅកម្ពុជា ត្រូវចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក Yoo Jae Seong អគ្គស្នងការស្ដីទីនគរបាលជាតិកូរ៉េ កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការិយាល័យក្រុមការងាររួមកម្ពុជា-កូរ៉េ នៅក្នុងនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


