Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ៖ សិស្ស-និស្សិត អាចចូលរួមជួយកងទ័ពតាមលទ្ធភាព និងបន្តសាមគ្គីភាពដើម្បីកងទ័ពជួរមុខ

បានផុស

នៅ

បណ្ឌិត ឈត ប៊ុនថង និងបណ្ឌិត ជេត ជាលី យល់ឃើញដូចគ្នាថា ការរួបរួមគ្នាជួយកងទ័ពពេលថៃឈ្លានពានកម្ពុជា របស់ប្រជាជនខ្មែរពេលនេះ គឺជារឿងមួយដែលល្អបំផុត និងបង្ហាញពីសាមគ្គីភាពមិនធ្លាប់មានក្នុងការជួយដល់កងទ័ពជួរមុខដែលបានពលីជីវិតច្បាំងទប់ទល់នឹងការឈ្លានពានរបស់សត្រូវនៅព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់មក កម្ពុជាថ្មី ថា សកម្មភាពដែលប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈរួមគ្នាជួយទៅកងទ័ពគ្រប់រូបភាព បង្ហាញពីការចេះសាមគ្គីភាព ជាធ្លុងមួយ មានក្តីស្រឡាញ់រវាងប្រជាជន និងកងទ័ព។ មួយវិញទៀត ក៏បង្ហាញពីការស្រឡាញ់ជាតិ ការឈឺចាប់ និងចេះឈឺឆ្អាលរឿងប្រទេសជាតិផងដែរ។

ចំពោះយុវជន សិស្ស និស្សិតកម្ពុជា លោកបណ្ឌិតថា អាចចូលរួមតាមសមត្ថភាព និងលទ្ធភាពដែលខ្លួនមាន ទន្ទឹមនោះ យុវជនក៏អាចផ្ញើសាររំលែកទុក្ខចំពោះវីរកងទ័ពកម្ពុជាដែលបានលះបង់ជីវិតក្នុងសមរភូមិ ឬទៅសួរសុខទុក្ខកងទ័ពដោយផ្ទាល់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ បន្ថែមពីនេះ លោកបណ្ឌិត ឈត ប៊ុនថង ប្រាប់ឱ្យយុវជនសង្កេតថា យុវជន សិស្ស​ និស្សិត បានរៀបសូត្រអ្វីខ្លះពីការឈ្លានពានដ៏ឃោឃៅរបស់ថៃមកកម្ពុជា ទាំងបទពិសោធសម្រាប់ការការពារខ្លួន ការពង្រឹង និងសាមគ្គីភាពរបស់កម្ពុជានាពេលអនាគត។ អ្នកជំនាញរូបនេះ និយាយថា៖ សូមបងប្អូនយើងនៅពេលនេះ ត្រូវចាំថាជាស្ថានភាពមួយដ៏លំបាក ជាស្ថានភាពមួយដែលផុយស្រួយដែលប្រទេសយើងជាប្រទេសតូច ហើយពេលនេះ ទាំងប្រធានអាស៊ាន ទាំងសហរដ្ឋអាមេរិក ចិន និងសហគមន៍អន្តរជាតិកំពុងតែអបអរសាទរលើបទឈប់បាញ់ ដែលប្រកាសកាលពីថ្ងៃទី២៨

ក្នុងស្ថានភាពស្ងប់ស្ងាត់នេះ លោកបណ្ឌិតបានរម្លឹកកុំឱ្យមានការធ្វេសប្រហែសចំពោះសត្រូវ ពោល គឺត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច។​ មួយវិញទៀត លោកថា ប្រជាពលរដ្ឋគួរប្រើប្រាស់បណ្តាញសង្គមដោយមានហេតុផល កុំបញ្ឆេះកំហឹងឱ្យគ្នានាំខូចប្រយោជន៍ធំ ព្រោះប្រមុខរាជរដ្ឋាភិបាលបានខិតខំខ្លាំងណាស់ក្នុងការដោះស្រាយស្វែងរកសន្តិភាពទាំងសងខាង។  

ចំណែក បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទ បានប្រាប់ កម្ពុជាថ្មី មិនខុសពីលោកបណ្ឌិត ឈត ប៊ុនថង ឡើយ។ បណ្ឌិត ជេត ជាលី ថា ស្ថិតក្នុងសម័យនេះ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កូនខ្មែររួបរួមសាមគ្គីគ្នាបានល្អខ្លាំងណាស់។

សម្រាប់យុវជន សិស្ស និស្សិត វិញ បណ្ឌិត ជេត ជាលី ថា អ្វីដែលយុវជនត្រូវធ្វើក្នុងស្ថានភាពនេះ គឺយុវជនត្រូវបន្តសាមគ្គីភាព និងបន្តស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះថា កម្ពុជាមានអ្នកដឹកនាំដែលពូកែ យកផលប្រយោជន៍ជាតិជាធំ។ លោកក៏បានសំណូមពរឱ្យមហាជន កុំជឿតាមសង្គ្រាមចិត្តសាស្ត្ររបស់បរទេស និងក្រុមប្រឆាំងដាច់ខាត។

លោកបណ្ឌិត​ ជេត ជាលី បានផ្តាំផ្ញើទៅកាន់ប្រជាជនខ្មែរថា៖ គ្មាននរណាបំផ្លាញខ្មែរបានទេ បើខ្មែរសាមគ្គីគ្នា។ គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរ។ សាងមិត្តបរទេស តែត្រូវខ្លាំងខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម