Connect with us

ព័ត៌មានជាតិ

កម្ពុជាព្រមតាមសំណើថៃប្រជុំ GBC នៅម៉ាឡេស៊ី តែកម្ពុជាស្នើឱ្យប្រធានអាស៊ាន អាមេរិក ចិន ជាអ្នកសង្កេតការណ៍

បានផុស

នៅ

កម្ពុជាបានឯកភាពតាមសំណើរបស់ថៃក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅក្នុង ប្រទេសម៉ាឡេស៊ី។ ប៉ុនែ្តកម្ពុជាស្នើឱ្យមានអ្នកសង្កេតការណ៍អន្តរជាតិពីប្រធានអាស៊ាន គឺម៉ាឡេស៊ី និងតំណាងដោយសហរដ្ឋអាមេរិក និងប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឯកភាពរបស់កម្ពុជាដូច្នេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ លោក ណាត់ថាក់ផុន ណាកផានិច ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៥ ទាក់ទងនឹងសំណើក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅក្នុងទីតាំងអព្យាក្រឹត ដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងកំឡុងថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

ស្របតាមសំណើរបស់ថៃ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១ ខែសីហានេះ ថា កម្ពុជាក៏ស្នើសុំឱ្យម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ចូលរួមក្នុងកិច្ចប្រជុំ GBC ក្នុងនាមជាសង្កេតការណ៍។

ការស្នើឱ្យមានអ្នកសង្កេតការណ៍អន្តរជាតិនេះ លោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ជាតួអង្គសំខាន់ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ដូច្នេះ កម្ពុជាសូមស្នើឱ្យមានតំណាងមកពីប្រទេសទាំងបីខាងលើ ចូលរួមជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅនេះ។

គួររំលឹកថា ក្នុងកិច្ចប្រជុំពិសេសរវាងនាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃ នៅប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ហើយមានការចូលរួមពីតំណាងសហរដ្ឋអាមេរិក និងតំណាងចិន ក្រៅពីឯកភាពលើបទឈប់បាញ់បន្ទាន់ ដោយឥតលក្ខខណ្ឌ តាំងពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា គឺភាគីកម្ពុជា និងថៃ ក៏បានឯកភាពឱ្យរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ផងដែរ ដែលជាការព្រមព្រៀង គឺគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ តែពេលនេះ ភាគីថៃ ក៏បានស្នើផ្លាស់ប្ដូរទីតាំងនៃកិច្ចប្រជុំនេះ ទៅប្រទេសម៉ាឡេស៊ីវិញ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម