Connect with us

ព័ត៌មានជាតិ

ការ​ឈ្លាន​ពាន​របស់​ថៃ នាំ​ឲ្យ​ខូចខាត​​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ខេត្ត​​ជាប់ព្រំដែន​កម្ពុជា​​​ប្រមាណ ១០ លាន​ដុល្លារ​

បានផុស

នៅ

លោក កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល​បាន​អះអាង​ថា ការ​ឈ្លាន​ពាន​របស់​ថៃ​បាន​នាំ​ឲ្យ​ខូច​ខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​​ថាមពល​តាម​បណ្តា​ខេត្តជាប់ព្រំដែន​​របស់កម្ពុជាគិត​ជាទឹកប្រាក់​​ប្រមាណ ១០ លាន​ដុល្លារ។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​មាន​ទាំង​របស់​​វិស័យ​ឯកជន និង​របស់​រដ្ឋ។

«រដ្ឋតាមរយៈអគ្គិសនីកម្ពុជា បាន​សងថ្លៃខូចខាតហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីទាំងអស់ ដែលរងការបំផ្លាញពីការឈ្លាន​ពាន។ ការខូចខាតត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៤ លានដុល្លារសម្រាប់ផ្នែកឯកជន និងលើសពី ៥ លានដុល្លារសម្រាប់អគ្គិសនីកម្ពុជា។ ការ​ខាតបង់​របស់​វិស័យ​ឯកជន ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​សង​​ទាំង​ស្រុង​»។ នេះបើតាមលោក កែវ រតនៈ។

លោក​រដ្ឋមន្រ្តី​មើល​ឃើញ​ថា បើ​សិន​មិន​បាន​ឈាន​ទៅ​ដល់​ការ​អនុវត្ត​បទ​ឈប់​បាញ់​នោះ​ទេ ការ​ខូច​ខាត​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ការ​អនុវត្ត​បទ​ឈប់បាញ់​បាន​ជួយ​បញ្ឈប់​ការ​បាត់បង់​អាយុ​ជីវិត​របស់​ជនស៊ីវិល និង​កងទ័ព ព្រម​ទាំង​ការ​ខូចខាត​​​ដល់​​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។

ប្រទេស​ថៃ​ត្រូវ​បានគេ​ចាត់ទុកថា​ជា​អ្នក​ឈ្លានពាន និង​មិនទាន់បានអនុវត្ត​បទ​ឈប់​បាញ់​ពេញ​លេញ​ឡើយ។ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល​បាន​គូស​បញ្ជាក់​ថា កម្ពុជា​ប្រកាន់​យក​គោលការណ៍​អត់ធ្មត់ ដោយ​សារ​កម្ពុជា​ជា​ប្រទេស​តូច និង​មិន​ទាន់​មាន​សមាមាត្រ​កម្លាំង​អាវុធ​ស្មើ​នឹង​ប្រទេស​ធំ​ឡើយ។

រាជរដ្ឋាភិបាលកម្ពុជា​​ផ្តល់​អាទិភាព​លើ​ការ​ប្រើប្រាស់​មធ្យោបាយ​ច្បាប់​អន្តរជាតិ​និង​ការទូត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដោយសន្តិវិធី។ គោលដៅ​ចម្បង​គឺកាត់បន្ថយ​ការបាត់បង់ជីវិត និង​ការពារ​សេដ្ឋកិច្ច​ជាតិ ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និង​ផ្លូវថ្នល់។

ក្នុង​អំឡុង​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ រាជរដ្ឋាភិបាល​បាន​ប្រើវិធានការ​ជា​ច្រើន​ដើម្បី​គាំទ្រ​ដល់កម្លាំង​ជួរមុខ​។ ​បើ​តាម​លោក​រដ្ឋមន្រ្តី ការជួយ​ជ្រោម​ជ្រែង​នៅ​សមរភូមិ​ក្រោយ ទោះ​បីជាមិនបាន​កាន់​អាវុធដោយ​​ផ្ទាល់ ប៉ុន្តែ​បុគ្គលិក​​អគ្គិសនីបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ជួរ​មុខ។ បុគ្គលិក​អគ្គិសនី​ត្រូវ​ពាក់​មួកដែក និង​រង់ចាំ​ជួសជុល​បណ្តាញ​ភ្លើង សូម្បី​តែ​ក្នុង​ពេល​មាន​គ្រោះ​ថ្នាក់​ពី​យន្តហោះ​ចម្បាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម