Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើវិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអែតឱ្យជំទាស់ការលក់យន្តហោះចម្បាំងឱ្យថៃ ហើយពិនិត្យមើលកិច្ចព្រមព្រៀងឡើងវិញ

បានផុស

នៅ

គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា បានស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអ៊ែត ឱ្យជំទាស់ដាច់ខាតនឹងកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលស៊ុតអែតលក់យន្ដហោះ​ចម្បាំង SAAB JAS 39 Gripen E/F ទៅឱ្យថៃ ក្នុងកាលៈទេសៈដែលថៃ កំពុងមានបញ្ហាព្រំដែនដ៏ចម្រូងចម្រាស់ជាមួយកម្ពុជា ហើយក្នុងសង្គ្រាមដែលថៃឈ្លានពាន បើកការបាញ់ប្រហារខុសច្បាប់កាលពីចុងខែកក្កដា កន្លងទៅ ថៃក៏បានល្មើសនឹងកិច្ចព្រមព្រៀង ដោយយកយន្តហោះចម្បាំងដែលទិញពីស៊ុយអែតកាលពីឆ្នាំ២០១១ យកបំពាក់គ្រាប់បែក ផ្សែងពុលគីមីវាយ បាញ់ទម្លាក់លើទីតាំងជនស៊ីវិល និងសម្លាប់ពលរដ្ឋស្លូតត្រង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី២៨ ខែសីហា បែបនេះ បន្ទាប់ពីកាលពីថ្ងៃទី២៥ ខែសីហា ស៊ុយអែត ចុះហត្ថលេខាលក់យន្តហោះចម្បាំងជំនាន់ថ្មី Gripen E/F ឱ្យទៅថៃចំនួន៤គ្រឿង ក្នុងតម្លៃជាង៥រយលានដុល្លារ ខណៈដែលកាលពីចុងខែកក្កដា ក្នុងសង្គ្រាម៥ថ្ងៃ ថៃបានប្រើប្រាស់ ​​យន្តហោះ​ចម្បាំង ​Gripen C/D ​​ដែល​ពួក​គេ​បាន​ទិញ​ពី​ស៊ុយអែត​​កាលឆ្នាំ​២០១១ រួមជាមួយយន្តហោះចម្បាំងF-16ទិញពីសហរដ្ឋអាមេរិក  បំពាក់គ្រាប់បែកចង្កោម គ្រាប់បែកទម្ងន់ធ្ងន់ដូចជាMK-82 MK-84 និងផ្សែងគីមីពុលវាយប្រហារលើកម្ពុជា កម្ទេចប្រាសាទព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោក សម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន។

គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា ស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអ៊ែត ជំរុញដល់រាជរដ្ឋាភិបាលស៊ុយអែត ឱ្យពិនិត្យមើលកិច្ចព្រមព្រៀងនេះឡើងវិញ ដោយផ្អែកលើការវាយតម្លៃពីហានិភ័យផ្នែកសិទ្ធិមនុស្ស ក៏ដូចជាត្រូវគាំទ្ររាល់យន្ដការដោះស្រាយវិវាទដោយសន្ដិវិធី ជាជាងបង្កើនភាពតានតឹងផ្នែកយោធា។

សំណើរបស់គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជាបែបនេះកើតឡើង បន្ទាប់ពីធ្លាប់បានកត់សម្គាល់ឃើញថា ស៊ុយអ៊ែត ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងជាគម្រូផ្នែកសិទ្ធិមនុស្ស និងសន្ដិភាពក្នុងពិភពលោក ប៉ុន្ដែ ថ្មីៗនេះការឈានទៅដល់កិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំងឱ្យប្រទេសថៃក្នុងកាលៈទេសៈដែលកំពុងមានបញ្ហាព្រំដែនជាមួយកម្ពុជានាពេលនេះ ដែលគឺជាកាយវិការមួយមិនសមស្រប និងអាចបង្កឱ្យមានហានិភ័យនិងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើងចំពោះប្រជាពលរដ្ឋស្លូតត្រង់ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ព្រមទាំងផ្ទុយនឹងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម