Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមអន្តរជាតិនាំយកសំបុត្រសម្ងាត់សរសេរដោយយោធិនខ្មែរ១៨នាក់ជាប់ឃុំនៅថៃមកឱ្យក្រុមគ្រួសារនៅកម្ពុជា

បានផុស

នៅ

កាលពីសប្ដាហ៍មុន កាកបាទក្រហមអន្តរជាតិ  (ICRC) បានចុះសួរសុខទុក្ខយោធិនកម្ពុជាទាំង១៨រូបដែលកំពុងជាប់ឃុំខ្លួនពីសំណាក់យោធាថៃដោយខុសច្បាប់ និងបានប្រគល់សារដំណឹងសរសេរដោយគ្រួសារ ពីភរិយា និងកូនរបស់យោធិនទាំង១៨រូបនៅកម្ពុជា។ នៅក្នុងពេលដដែល កាកបាទក្រហមអន្តរជាតិ ក៏ទទួលបានសំបុត្រសម្ងាត់របស់យោធិនកម្ពុជាទាំង១៨រូប ដែលសរសេរតបត្រឡប់មកក្រុមគ្រួសារនៅកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំបុត្រសម្ងាត់ទាំងនេះត្រូវបានកាកបាទក្រហមអន្តរជាតិ នាំយកពីទីតាំងដែលថៃកំពុងឃុំខ្លួនយោធិនកម្ពុជា ​ មកប្រគល់ឱ្យកាកបាទក្រហមកម្ពុជា នៅក្នុងជំនួបរវាងលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោក ច័ជ ម៉ុនតានី ប្រធានកាកបាទក្រហមអន្តរជាតិប្រចាំតំបន់ដែលមានទីតាំងនៅប្រទេសថៃ កាលពីថ្ងៃទី០៨ ខែកញ្ញា ដើម្បីឱ្យកាកបាទក្រហមកម្ពុជា បន្តយកទៅប្រគល់ជូនគ្រួសាររបស់វីរយុទ្ធជនទាំង១៨រូបតទៅទៀត។  នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់កាកកាទក្រហមកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់កាកបាទក្រហមអន្តរជាតិ អះអាងថា ការសរសេរសំបុត្រឆ្លើយឆ្លងរវាងក្រុមគ្រួសារ ភរិយា កូន ជាមួយយោធិនទាំង១៨រូប ដែលកំពុងជាប់ឃុំខ្លួនដោយខុសច្បាប់ពីសំណាក់យោធាថៃ គឺស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។

អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា លោក យូ ឡាណា ឱ្យដឹងថា សំបុត្រសម្ងាត់ស្ដីពីសារដំណឹងគ្រួសារនេះ គឺមិនអាចមានមនុស្សណាម្នាក់អាចដឹងពីខ្លឹមសារនៅក្នុងលិខិតបានឡើយ ក្រៅតែពីសាមីខ្លួនអ្នកសរសេរ និងក្រុមគ្រួសារតែប៉ុណ្ណោះ​  សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ លោក បន្ថែមថា ចំពោះរូបភាពយោធិនទាំង១៨រូបដែលជាប់ឃុំខ្លួន​ គឺកាកបាទក្រហមកម្ពុជាមិនអាចបញ្ចេញរូបភាពឱ្យច្បាស់លាស់បានឡើយ ពីព្រោះគ្រប់យ៉ាងត្រូវស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សេចក្ដីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា អះអាងថា  ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ភាគីទាំងអស់ក្នុងជម្លោះប្រដាប់អាវុធអន្តរជាតិ មានកាតព្វកិច្ចធានាថា ចំណាប់ខ្មាំង និងគ្រួសាររបស់ពួកគេ នៅតែមានលទ្ធភាពរក្សាទំនាក់ទំនងដឹងពីសុខទុក្ខគ្នា។ សារកាកបាទក្រហមមានតួនាទីសំខាន់ក្នុងការរក្សាទំនាក់ទំនងគ្រួសារ ដោយសារកាកបាទក្រហមផ្តោតតែព័ត៌មានគ្រួសារប៉ុណ្ណោះ។

សូមរម្លឹកជាថ្មីថា ទាហានថៃបានប្រើល្បិចចាប់ខ្លួនទាហានកម្ពុជាជាង២០រូប ដោយខុសច្បាប់នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ពោល គឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ ចាប់តាំងពីពេលចាប់ឃុំខ្លួន ថៃបានបញ្ជូនយោធិនមកឱ្យកម្ពុជាវិញតែ៣រូបប៉ុណ្ណោះ ក្នុងនោះបញ្ជូនសាកសពយោធិនម្នាក់ ចំណែកយោធិនពីររូបទៀតបញ្ជូនវិញក្នុងសភាពរបួសរាងកាយធ្ងន់ធ្ងរដើរមិនរួច និងរងរបួសផ្នែកស្មារតី។ ក្រៅពីនេះ ថៃបន្តឃុំខ្លួនយោធិនកម្ពុជាចំនួន១៨រូបដោយខុសច្បាប់ ដែលគិតមកទល់ថ្ងៃទី០៩ ខែកញ្ញា នេះ  គឺរយៈពេល៤២ថ្ងៃហើយ។

ទោះបីរាជរដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងអំពាវនាវ ចរចា និងធ្វើការជាមួយភាគីថៃផ្ទាល់ ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនទាមទារឱ្យមានការដោះលែងយោធិនកម្ពុជាជាបន្ទាន់ដោយឥតលក្ខខណ្ឌយ៉ាងណាក៏ដោយ ក៏ភាគីថៃនៅតែបំពានច្បាប់អន្តរជាតិ មិនព្រមប្រគល់ឱ្យកម្ពុជាវិញនូវយោធិនទាំងអស់ឡើយ ប៉ុន្តែផ្ទុយទៅវិញ កាលពីថ្ងៃទី០៤ ខែកញ្ញា កន្លងទៅនេះ ភាគីថៃ បែជាដាក់លក្ខខណ្ឌថា ពួក​គេនឹង​ដោះលែងយោធិនទាំង១៨រូបមកវិញ  ​នៅពេល​ដែលការ​ចរចាររវាងថៃ​ និង​កម្ពុជា​ឈាន​ដល់​កិច្ច​ព្រមព្រៀងជាមួយ​គ្នា​សិន៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម