សន្តិសុខសង្គម
កាកបាទក្រហមកម្ពុជា ផ្តល់អំណោយដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៦៤គ្រួសារ នៅខេត្តស្វាយរៀង
កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានចាត់ក្រុមការងារនៃទីស្នាក់ការកណ្តាលរួមជាមួយសាខា នាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកា ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ដែលរងផលប៉ះពាល់ផ្ទះទាំងស្រុង និងមធ្យម ចំនួន ២៦៤ គ្រួសារ មកពី៥ឃុំក្នុងស្រុករមាសហែក និង៥សង្កាត់នៃក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីចែកអំណោយនេះមាន៣ទីតាំងផ្សេងគ្នាក្នុងនោះ៖ ស្រុករមាសហែក មាន២ទីតាំង (ទីតាំងទី១-ឃុំសម្បត្តិមានជ័យ សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ៤៤គ្រួសារ, ទីតាំង២-ឃុំត្រពាំងស្តៅ សម្រាប់ប្រជាពលរដ្ឋ ១៤០គ្រួសារ) និងទីតាំងទី៣ ក្រុងស្វាយរៀង សម្រាប់ប្រជាពលរដ្ឋ ៨០ គ្រួសារ ។ ពិធីសំណេះសំណាលនិងចែកអំណាយមនុស្សធម៌នេះ ធ្វើឡើងក្រោមវត្តមានលោកស្រី មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រួមជាមួយ សមាជិក សមាជិកា គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា មន្ត្រីថ្នាក់កណ្តាល មន្ត្រីប្រតិបត្តិសាខា-អនុសាខាក្រុងស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូប។

បើតាមរបាយការ៍ពីអាជ្ញាធរ បានបញ្ជាក់ថា កាលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៦ ខេត្តស្វាយរៀង មានភ្លៀង១មេធំលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឱ្យរងផលប៉ះពាល់ទៅលើលំនៅដ្ឋានប្រជាពលរដ្ឋសរុប ៤០៧ គ្រួសារ ស្មើនឹង ៤០៧ ខ្នងផ្ទះ ក្នុងក្រុង/ស្រុក ចំនួន ៥ រួមមាន ក្រុងស្វាយរៀង ១៥១ គ្រួសារ, ស្រុករមាសហែក ១៩៨គ្រួសារ, ស្រុករំដួល ៤គ្រួសារ ស្រុកកំពង់រោទិ៍ ៤៩ គ្រួសារ, ស្រុកស្វាយទាប ៥ គ្រួសា រ។ បន្ទាប់ពីនាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក អាណិតស្រឡាញ់ និងសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបង្កផលប៉ះពាល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋអស់ជាច្រើនខ្នងរួចមក ។ លោកស្រី នាយិការង មានប្រសាសន៍ថា អំណោយដែលចែកជូនបងប្អូននាឱកាសនេះ បានមកពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសទិវា ៨ ឧសភា ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងគ្រានេះ ។ ជាមួយគ្នានេះលោកស្រី បានគូសបញ្ជាក់ថា ៖ បន្ទាប់ពីក្រុមការងារចុះពិនិត្យស្ថានភាពពីផលប៉ះពាល់ដោយផ្ទាល់ទៅដល់ខ្នងផ្ទះបានសង្កេតឃើញថា លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋមិនរឹងមាំស្របទៅនិងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងអនាគតនោះទេ ដូចនេះសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពរៀបចំផ្ទះឡើងវិញត្រូវសាងសង់សំណង់ឱ្យបានរឹងមាំល្អ និងមានភាពធន់នឹងអាកាសធាតុទាំងខ្យល់និងក្តៅ ។ ជាមួយគ្នានេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់នារដូវភ្លៀងនេះ ចំពោះគ្រោះមហន្តរាយដោយធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ដូចជា ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ជាដើម ។

ទន្ទឹមនឹងនេះលោកស្រីក៏បានពាំនាំនូវសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អដើម្បីជៀសផុតពីជំងឺដង្កាត់នានា ដោយរស់នៅត្រូវមានអនាម័យ ស្អាតជានិច្ច គេងក្នុងមុងជាប់ជាប្រចាំដើម្បីបង្ការផ្សេងៗ ។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស , ត្រីខ ១យួរ, ប្រេងឆា ២ដប, ទឹកសុីអុីវ ១យួរ, ទឹកត្រី ១យួរ, ទឹកបរិសុទ្ធ ២កេស, ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា) ។ បន្ថែមលើនេះគ្រួសាររងផលប៉ពាល់មធ្យមទទួលបានថវិកា ២០ម៉ឺនរៀល និងគ្រួសាររងផលប៉ះពាល់ធ្ងន់ធ្ងរទទួលបានថវិកា ៥០ ម៉ឺនរៀល ។ ដោយឡែក៥គ្រួសារដែលរលំផ្ទះទាំងស្រុងទទួលបានថវិកាចំនួន ៥លានរៀល ក្នុងមួយគ្រួសារផងដែរ៕
ដោយ: ភក្ដី





-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


