Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

បានផុស

នៅ

កាកបាទ​ក្រហម​កម្ពុជា​បាន​ប្រគល់ថវិកា​ចំនួន​១លានដុល្លារ​អាមេរិក​ដល់​មូលនិធិគន្ធ​បុប្ផា​កម្ពុជា ជា​លើក​ទី​៩​ដែល​បាន​ផ្ដល់​ដល់​មូលនិធិ​មនុស្ស​ធម៌​សម្រាប់​ការ​ព្យាបាល​កុមារ​មួយ​នេះ​នៅ​កម្ពុជា​។ រដ្ឋមន្ត្រី​សុខាភិបាល​បាន​ចាត់​ទុក​ជំនួយ​នេះ​គឺ​ជា​គំរូ​​មនុស្ស​ធម៌មួយ​​ដើម្បី​អនាគត​កុមារ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​ប្រគល់​ថវិកា​នេះ​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កាក​បាទ​ក្រហម​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែ​ឧសភា នេះ​ដោយ​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ប្រគល់​ដោយ​ផ្ទាល់​ និង​បាន​ប្រកាស​ការ​គាំទ្រ​ឧបត្ថម្ភ​តាម​លទ្ធភាព​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​ផងដែរ​។ ជាមួយ​គ្នា​នេះ​សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ កោតសរសើរដល់ការរីកចម្រើននៃវិស័យសុខាភិបាល និងបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ ក៏ដូចជាគ្រូពេទ្យ និងបុគ្គលិកទាំងអស់ សូមបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យឱ្យបានល្អប្រសើរ។

រដ្ឋមន្ត្រី​សុខាភិបាល​លោក ឈាង រ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែឧបត្ថម្ភ គាំទ្រ និងជាថ្នាក់ដឹកនាំគំរូក្នុងការកៀរគរមូលនិធិ ធ្វើឱ្យមន្ទីរពេទ្យមានធនធានគ្រប់គ្រាន់សម្រាប់ពិនិត្យ និងព្យាបាលជំងឺជូនកុមារដោយឥតគិតថ្លៃ។


ដោយ​ឡែកក្នុង​ឱកាស​នោះ​​អគ្គនាយកមូលនិធិគន្ធបុប្ផាស្វីសលោកវេជ្ជបណ្ឌិត Denis Laurent ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ មូលនិធិគន្ធបុប្ផាស្វីស ផង​ដែរ​ថានឹងបន្តរួមចំណែកគាំទ្របន្ថែមទៀតនៅឆ្នាំ២០២៧ ខាងមុខ។

នេះ​ជា​ការ​ផ្ដល់​ជំនួយ​លើក​ទី​១៥​ហើយ​ដែល​កាកបាទ​ក្រហម​កម្ពុជា​បាន​ផ្ដល់​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផាកម្ពុជា​។ 

គួរឱ្យ​ដឹង​ផងដែរ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​មាន​៤​ទីតាំង​នៅ​កម្ពុជា​ ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​៣​ទីតាំង​ និង​ខេត្ត​សៀមរាប​មាន​១​ទីតាំង​ មន្ទីរពេទ្យ​នេះ​បាន​ពិនិត្យ​និង​ព្យាបាល​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​ជាង​៣៣​ឆ្នាំ​ហើយ​ ដែល​ចំណាយ​ថវិកា​ប្រមាណ​៤៥លានដុល្លារ​ក្នុង​មួយ​ឆ្នាំ។ មាន​កុមារ​ប្រមាណ​២៧,៥លាននាក់​បានមក​ទទួល​សេវាព្យាបាល​ពី​មន្ទីរពេទ្យ​មនុស្ស​ធម៌​មួយ​នេះ​៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម