ព័ត៌មានជាតិ
កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា ១ លានដុល្លារអាមេរិក ជូន មូលនិធិគន្ធបុប្ផាកម្ពុជា
កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាសប្បុរសធម៌ ចំនួន ១ លានដុល្លារអាមេរិក ជូន មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តទ្រទ្រង់ដល់សកម្មភាពការពិនិត្យ និង ព្យាបាលអាយុជីវិតកុមារ និង ស្ត្រីមានផ្ទៃពោះកម្ពុជា។

ពិធីប្រគល់ និង ទទួលថវិកានេះ បានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា។

នាឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកោតសរសើរថ្នាក់ដឹកនាំមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានខិតខំកៀរគរថវិកា ដើម្បីទ្រទ្រង់សកម្មភាពមន្ទីពេទ្យគន្ធបុប្ផា ពិសេសក្រុមគ្រូពេទ្យ និង បុគ្គលិកទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការផ្តល់សេវាជូនកុមារ និង ស្ត្រីមានផ្ទៃពោះរាប់សែននាក់ នៅទូទាំងប្រទេស។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យអាទិភាពមួយដែលកាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់ចូលរួមជាមួយរាជរដ្ឋាភិបាល និង មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានាឲ្យមន្ទីរពេទ្យនេះអាចមានលទ្ធភាពបន្តបេសកកម្មក្នុងការជួយពិនិត្យព្យាបាលជំងឺជូនស្ត្រីមានផ្ទៃពោះ និង កុមារកម្ពុជា បានជាបន្តទៀត។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តទៀតថា នេះជាលើកទី ១៥ ហើយ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ចាប់តាំងពីឆ្នាំ ២០១២ មក។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង ក្រុមគ្រួសារ ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយគាំទ្រវិស័យសុខាភិបាលនៅកម្ពុជា ពិសេសការរីកចម្រើនរបស់មន្ទីរពេទ្យកាល់ម៉ែត និង មន្ទីរពេទ្យគន្ធបុប្ផា មិនអាចកាត់ផ្តាច់បានពីការជួយជ្រោមជ្រែងពី សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារបានឡើយ។
ចំណែក លោក ដែននីស ឡូរ៉ង់ Denis Laurent អគ្គនាយកមូលនិធិគន្ធបុប្ផា បានលើកឡើងថា បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផាទាំងភ្នំពេញ និង ជ័យវរ័ន្មទី ៧ ខេត្តសៀមរាប មានគ្រែសរុប ២ ១៦១ គ្រែ ក្នុងនោះ ផ្នែកសម្ភពមាន ២២៦ គ្រែ និង មានបុគ្គលិកសរុបប្រមាណ ២ ៧៦១ នាក់។ ក្នុងឆ្នាំ ២០២៥ មន្ទីរពេទ្យ បានចំណាយថវិកាប្រមាណជាង ៤៦ លានដុល្លារអាមេរិក ខណៈរយៈពេល ៥ ខែ ឆ្នាំ ២០២៦ នេះ មន្ទីរពេទ្យ បានចំណាយថវិកាជាង ១៦ លានដុល្លារអាមេរិក ដើម្បីផ្តល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃដល់ទារក កុមារ និង ស្ត្រីមានផ្ទៃពោះ ក្នុងនោះ ពិនិត្យជំងឺក្រៅជាង ៣៨ ម៉ឺននាក់ ក្នុងនោះ សម្រាកព្យាបាលជាង ៨ ម៉ឺននាក់។
បន្ទាប់ពីធ្វើពិធីចុះហត្ថលេខា និង ធ្វើពិធីប្រគល់ថវិកាចំនួន ១ លានដុល្លារអាមេរិក រួចមក ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់បន្តជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដែលតំណាងដោយ លោក ដែននីស ឡូរ៉ង់៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


