Connect with us

ព័ត៌មានជាតិ

តុលាការខេត្តសៀមរាបចោទអ្នកសារព័ត៌មាន ២នាក់ ដែលថតទីតាំងសម្ងាត់យោធានៅសមរភូមិក្ដៅ ពីបទធ្វើឱ្យអន្តរាយដល់ការការពារជាតិ

បានផុស

នៅ

សមត្ថកិច្ចចាប់ខ្លួនអ្នកសារព័ត៌មានអនឡាញចំនួន២រូប ក្រោយជាប់សង្ស័យទាក់ទងទៅនឹងការប្រមូលព័ត៌មាន និងការថតរូប នៅក្នុងតំបន់ហាមឃាត់របស់យោធានៅសមរភូមិ ដែលព័ត៌មានទាំងអស់នេះអាចធ្វើឱ្យប៉ះពាល់ដល់ការការពារជាតិ ប្រព្រឹត្តនៅខេត្តឧត្ដរមានជ័យ ចន្លោះពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែកក្កដា។ អ្នកសារព័ត៌មានអនឡាញចំនួន២រូប គឺទី១ឈ្មោះ ភាព ភារ៉ា អ្នកសារព័ត៌មានអង្គភាពធីអេសភី៦៨ធីវីអនឡាញ និងទី២ ឈ្មោះ ផន សុភាព អ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ TV Online ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ចេញនៅថ្ងៃទី១០ ខែកញ្ញា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយបានស្ដាប់ចម្លើយសារភាព និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង ទើបអយ្យការសម្រេចចោទប្រកាន់ អ្នកសារព័ត៌មានអនឡាញឈ្មោះ ភាព ភារ៉ា និងអ្នកសារព័ត៌មានឈ្មោះ ផន សុភាព ទាក់ទងនឹងការប្រមូលព័ត៌មានដែលអាចធ្វើឱ្យអន្តរាយការការពារជាតិប្រព្រឹត្តនៅក្នុងខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរចុះថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៥ ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។

ប៉ុន្តែសំណុំរឿងនេះពុំទាន់ត្រូវបានជំនុំជម្រះនៅឡើយទេ ហើយបច្ចុប្បន្នកំពុងស្ថិតនៅដំណាក់កាលស៊ើបសួរ ដោយចៅក្រមស៊ើបសួរកំពុងស៊ើបអង្កេត ស្វែងរកព័ត៌មាន និងស្រាវជ្រាវ ភស្តុតាងក្នុងសំណុំរឿងនេះ។ បន្ទាប់ពីការស៊ើបសួរចប់សព្វគ្រប់ ចៅក្រមស៊ើបសួរនឹងសម្រេចថា តើជនត្រូវចោទ ពិតជាបានប្រព្រឹត្ត ឬមិនបានប្រព្រឹត្តដូចបទចោទប្រកាន់។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប។

អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈ«កម្ពុជាថ្មី» កាលពីថ្ងៃទី០៩ ខែកញ្ញា  បានក្រើនរម្លឹកអ្នកសារព័ត៌មានថា ក្នុងពេលរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ ដោយសន្តិភាពនិយម និងគោលការណ៍ច្បាប់, អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ក្នុងការរាយការណ៍ព័ត៌មានពិតអំពីបញ្ហាជម្លោះព្រំដែន និងព្រឹត្តិការណ៍ជុំវិញដែលកើតឡើង ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សំដៅធានាការផ្តល់ព័ត៌មានសុក្រឹតត្រឹមត្រូវជូនដល់សហគមន៍ជាតិ និងអន្តរជាតិ ដោយមិនបង្កមហន្តរាយដល់សន្តិសុខជាតិ។

 មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ក៏បានដាស់តឿនអ្នកសារព័ត៌មាន ឱ្យមានមនសិការ និងចូលរួមតម្កល់ លើកតម្កើងឧត្តមប្រយោជន៍របស់ជាតិជាធំ ពោលគឺត្រូវប្រតិបត្តិតាមក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ មិនត្រូវផ្សាយព័ត៌មាន ដែលបង្កមហន្តរាយដល់សន្តិសុខជាតិ ឬប៉ះពាល់ដល់ស្ថិរភាពនយោបាយ សង្គមឡើុយ ហើយត្រូវ មានកាតព្វកិច្ចប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ផ្សាយព័ត៌មានដោយយោងលើប្រភពច្បាស់លាស់ ផ្ទៀងផ្ទាត់ព័ត៌មាន ចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម