Connect with us

ព័ត៌មានជាតិ

មន្រ្តីក្រើនរំលឹកឪពុកម្តាយចៀសវាងព្យាបាលជំងឺគ្រុនឈាមខ្លួនឯងប្រឈមគ្រោះថ្នាក់ដល់ជីវិត

បានផុស

នៅ

ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសឪពុកម្តាយ និងអាណាព្យាបាល ត្រូវស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា នៅពេលកូនៗ​របស់ពួកគេក្តៅខ្លួនខ្លាំងសង្ស័យមានជំងឺគ្រុនឈាម ចៀសវាងសាកល្បងព្យាបាលនៅផ្ទះប្រឈមគ្រោះថ្នាក់ដល់អាយុវជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការក្រើនរំលឹកនេះ ខណៈឆ្នាំ២០២៥ គឺជាឆ្នាំនៃវដ្តជំងឺគ្រុនឈាមដែលអាចកើតមានច្រើន។ លោក​បាន​បញ្ជាក់​ថា កុមារ​គួរ​ត្រូវ​យក​ទៅ​មន្ទីរពេទ្យដែល​នៅ​ជិត​បំផុត​ក្នុង​រយៈពេល ៤៨ ម៉ោង ដើម្បី​ពិនិត្យ និង​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៦ កញ្ញានេះថា ទោះបីជាស្ថានភាពជំងឺគ្រុនឈាមកំពុងធ្លាក់ចុះវិញមែន ប៉ុន្តែនិន្នាការនៃការថយចុះនៅមានកម្រិតទាប ដែលទាមទារគ្រប់គ្នា សហគមន៍ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋគ្រប់រូប ត្រូវព្រងឹងកិច្ចអន្តរាគមន៍អនុវត្ត អនាម័យបរិស្ថាន លុបបំបាត់ប្រភពសម្ភារដក់ទឹកមិនប្រើប្រាស់ សំបកកង់យានជំនិះ លុបបំបាត់ដង្កូវទឹកតាមគេហដ្ឋានរៀងៗខ្លួនជាប្រចាំ។ ជាមួយគ្នានេះ លោកណែនាំឱ្យស្វែងរកសេវាថែទាំសុខភាពបន្ទាប់ពីក្តៅខ្លួនខ្លាំងភ្លាមៗមិនលើសពី២ថ្ងៃ ពិសេសទៅប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតមិនឱ្យយឺតពេល ព្រោះថាបើយឺតពេលមួយថ្ងៃ ជាកត្តាជំរុញការវិវត្តជំងឺធ្ងន់ធ្ងរអាចយារយីដល់អាយុជីវិត។

ស្ថានភាពជំងឺគ្រុនឈាមនៅកម្ពុជាកំពុងមានការថយចុះបណ្តើរៗ ដោយក្រសួងសុខាភិបាលអាចបង្ការបានប្រមាណ ៤៣% នៃករណីជំងឺគ្រុនឈាម ស្មើនឹងប្រហែល ២៥៧ នាក់ក្នុងមួយថ្ងៃ ឬជិត ៣ ម៉ឺននាក់ក្នុងមួយឆ្នាំៗមិនឱ្យកើតជំងឺគ្រុនឈាម។

តាមរបាយការណ៍អង្គការសុខភាពពិភពលោក ឆ្នាំ២០២៥នេះ មិនមែនតែកម្ពុជាទេដែលមានកំណើនជំងឺគ្រុនឈាម ពោលនៅតាមបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកក៏មានកំណើនជំងឺគ្រុនឈាមយ៉ាងខ្លាំងដែរ ព្រោះពាក់ព័ន្ធនឹងជុំឬវដ្តនៃជំងឺ និងកត្តាអាកាសធាតុភ្លៀងធ្លាក់ច្រើន ក៏ដូចជាកត្តាបំលាស់ទីរបស់ប្រជាជនពីមួយប្រទេសទៅមួយប្រទេសផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម