សុខភាព
មន្ត្រីជាន់ខ្ពស់ណែនាំឱ្យពលរដ្ឋរងគ្រោះដោយទឹកជំនន់ បង្កើនការប្រុងប្រយ័ត្នជំងឺគ្រុនឈាម
មន្ត្រីជាន់ខ្ពស់ នៃកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានណែនាំដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ពិសេសនៅពេលទឹកស្រកទៅវិញ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធាន កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល មានប្រសាសន៍នៅរសៀលថ្ងៃទី០៩ ខែតុលានេះថា ចាប់ពីសប្តាហ៍ទី៣២ រហូតមកដល់ពេលនេះ ស្ថានភាពជំងឺគ្រុនឈាមហាក់មានការថយចុះជាបន្តបន្ទាប់នៅទូទាំងប្រទេស។ ប៉ុន្តែប្រជាពលរដ្ឋកុំធ្វេសប្រហែស ត្រូវបន្តអនុវត្តវិធានការការពារជំងឺគ្រុនឈាម ព្រោះ ភ្លៀងនៅបន្តធ្លាក់នៅឡើយ ពិសេសបណ្តាខេត្តដែលទទួលរងនូវទឹកលិចដោយសារទឹកជំនន់ទន្លេមេគង្គ ឬជំនន់ទឹកភ្លៀង ពេលទឹកចាប់ផ្តើមស្រកទៅវិញនឹងមានដក់ទឹកក្លាយជាប្រភពបង្កជាដង្កូវទឹកមូសខ្លា អាចកើតជំងឺគ្រុនឈាម។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋត្រូវបន្តរស់នៅស្អាត និងអនាម័យ ដោយធ្វើការលប់បំបាត់នូវសំបកកំប៉ុង សំបកដូង សំបកកង់ឡាន និងម៉ូតូ ព្រមទាំងឆ្នាំងចាស់ៗទុកចោលនៅក្រៅផ្ទះ ព្រោះ វត្ថុទាំងនេះអាចដាក់ទឹកបាន ដែលអាចកកើតទៅជាដង្កូវទឹក ហើយវិវត្តទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងអាចចម្លងទៅមនុស្ស ធ្វើឱ្យអត្រាឆ្លងកាន់តែច្រើនថែមទៀតនៅគ្រប់ពេល ដោយសារស្ថិតនៅក្នុងរដូវវស្សានៅឡើយ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថា មានជំងឺគ្រុនឈាម ដូចជាមានអាការៈក្តៅខ្លួនចាប់ពី ៣៩ ទៅដល់ ៤០ អង្សា និងមានរោគសញ្ញាផ្សេងៗទៀត ដូចជាមុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះជាបន្ទាន់ ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។

លោក គឹម កុលមុនី អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមដើមខែតុលានេះមានខេត្តចំនួន៧ រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តកណ្តាល រងគ្រោះដោយសារជំនន់ទឹកភ្លៀង បានបណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ២៨ ៧១៦ គ្រួសារ លិចផ្ទះ ១៥ ៣៩៣ ខ្នង ជម្លៀសប្រជាពលរដ្ឋ ១ ៨១០ គ្រួសារ សំណាំស្រូវ ២១ ៨៥០ ហិកតា និងដំណាំរួមផ្សំ ៤ ១៧២ ហិកតា។

គួរបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២៣នេះ មានករណីជំងឺគ្រុនឈាមសរុប ២១ ៥៦៨ ករណី និងស្លាប់ចំនួន ៣៨ ករណី មានការកើនឡើងប្រមាណជិត ៣ ដង បើប្រៀបធៀបឆ្នាំ២០២២ ដែលមានចំនួន ៧៥,៩៧ ករណី និងស្លាប់ ១៤ ករណី ហើយរាជធានីខេត្តដែលមានការចម្លងជំងឺខ្ពស់មានដូចជា ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និង ខេត្តប៉ៃលិន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


