Connect with us

ព័ត៌មានជាតិ

អតីតពលករខ្មែរត្រលប់មកពីថៃប្រមាណ ៣០ម៉ឺននាក់ ទទួលបានឱកាសការងារក្នុងស្រុកទាំង​ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ

បានផុស

នៅ

គិតត្រឹមចុងខែកញ្ញានេះ អតីតពលករខ្មែរត្រលប់មកពីប្រទេសថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលឱកាសការងារក្នុងស្រុក ទាំងការងារនៅក្នុងរោងចក្រ សហគ្រាសក្នុងប្រព័ន្ធ និងការងារនៅក្រៅប្រព័ន្ធ។ នេះបើតាមការឱ្យដឹងពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពេលអញ្ជើញបើកសិក្ខាសាលា ស្ដីពី អាទិភាពជំនាញ និងផលិតភាពសម្រាប់អនាគតកម្ពុជា នៅសណ្ឋាគារ​រ៉ាហ្វល ឡឺរ៉ូយ៉ាល់ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ចាប់ពីថ្ងៃទី៨ ខែមិថុនា រហូតមកដល់ចុងខែកញ្ញានេះ អតីតពលករខ្មែរត្រលប់មកពីថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលឱកាសការងារតាមរយៈយន្ដការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិស័យឯកជន និងភាគីពាក់ព័ន្ធនានា។

លោក ហេង សួរ មានប្រសាសន៍ថា «ទោះបីជាអ្វីដែលយើងបានផ្ដល់ជូននេះ មិនបាន១០០ភាគរយ ក៏ប៉ុន្តែការពង្រីកទីផ្សារការងារក្នុងរយៈពេលដ៏ខ្លី រហូតយើងទទួលបាននូវលទ្ធផលជាង ២៤ម៉ឺននាក់មកពីថៃ បានការងារធ្វើនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ មានន័យថា សុទ្ធតែជាអ្នកដែលបានធ្វើការនៅតាមរោងចក្រ ឬមួយក៏សហគ្រាសធំៗ»។

ក្រៅពីនេះ ក៏មានអតីតពលករខ្មែរត្រលប់មកពីប្រទេសថៃប្រមាណ ៦ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋានជាដើម ដែលជាការងារស្ថិតនៅក្រៅប្រព័ន្ធ។ ដូច្នេះសរុបទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺអតីតពលករខ្មែរត្រលប់មកពីប្រទេសថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលការងារក្នុងស្រុក។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានថ្លែងអំណរគុណដល់វិស័យឯកជន ព្រមទាំងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលកន្លងមកនេះ បានចូលរួមយ៉ាងសកម្មជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្ដល់នូវឱកាសការងារយ៉ាងច្រើន ដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម