ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចមួយក្រុម ដឹកនាំដោយលោក សាយ ហាក់ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយនៅសណ្ឋាគារភ្នំពេញ ដើម្បីពិភាក្សាជ្រើសរើសប្រធានគណបក្សថ្មីជំនួសសម្តេចក្រុមព្រះ ដែលបានសោយទិវង្គត កាលពីថ្មីៗនេះ ហើយអង្គប្រជុំក៏បានសម្រេចយាងសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី មកដឹកនាំគណបក្ស ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំគណបក្សមួយក្រុមទៀតច្រានចោល។
បើតាមលោក ផាន់ សិទ្ធិ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចក្រុមខាងលោក សាយ ហាក់ បានប្រាប់អ្នកសារព័ត៌មានថា នារសៀលនេះ ពិតជាមានកិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិចមែន ដែលកិច្ចប្រជុំនោះ ធ្វើឡើងដើម្បីយាងសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី មកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
ទាក់ទងបញ្ហានេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចក្រុមខាងព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានប្រាប់កម្ពុជាថ្មីនៅល្ងាចថ្ងៃទី២៣ ខែធ្នូ នេះថា ប្រជុំនៅសណ្ឋាគារភ្នំពេញនោះ គឺជាការរៀបចំដោយក្រុមមួយ ដែលបាត់បង់សមាជិកភាពពីគណបក្សទៅហើយ គណបក្សមិនអាចទទួលស្គាល់ទេ។ លោកថា “ខាងយើងបដិសេធចោលទាំងស្រុងមិនទទួលយកទេ។ កិច្ចប្រជុំនេះយើងដឹងហើយ គាត់បាត់បង់សមាជិកភាពពីគណបក្ស អ្នកមួយចំនួនទៀតត្រូវបានគណបក្សបណ្តេញចេញ ហើយគាត់បានលាលែងដោយខ្លួនឯង ចឹងកិច្ចប្រជុំនៅថ្ងៃនេះ គឺខុសច្បាប់ទាំងស្រុង ហើយអ្វីដែលពួកគាត់ចង់យាងព្រះអង្គ នរោត្តម អារុណរស្មី មកដឹកនាំនោះ វាខុសលក្ខន្តិកៈដែលបានចែង។ ក្នុងហ្នឹងដែរ យើងធ្លាប់បានដឹងហើយថា សម្តេចក្រុមព្រះ លោកប្រទានសិទ្ធិថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដើម្បីដឹកនាំបន្តពីព្រះអង្គ ហើយយើងបានធ្វើនីតិវិធី និងបានតែងតាំងកន្លងមក”។
ឆ្លើយតបសំណួរថា តើគណបក្សហ៊្វុនស៊ិនប៉ិចមានវិធានការយ៉ាងណា ដើម្បីបញ្ចប់ការចែកជាក្រុមបក្សតទៅទៀត ? លោក ញឿន រ៉ាដែន បានបញ្ជាក់ថា គណបក្សបានរៀបចំបណ្ដឹង និងចាត់ចែងទៅតាមច្បាប់ ដាក់ទៅសមត្ថកិច្ចរួចហើយ ហើយគណបក្សក៏កំពុងតែព្យាយាមបញ្ចប់នូវរឿងរ៉ាវទាំងអស់នេះ។ ក្រោយពីសម្ដេចក្រុមព្រះជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យគណបក្សចេះតែជួបបញ្ហាផ្ទៃក្នុងបែបនេះ តែមកដល់ពេលនេះលោកក៏មានលិខិតស្នាមច្បាស់លាស់ដែរ ហើយគណបក្សនឹងរៀបចំសមាជមួយខែមករាខាងមុខដើម្បីបញ្ចប់បញ្ហាទាំងអស់នេះ។
គួររំលឹកថា ការបែកបាក់នៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច បានកើតឡើងជាបន្តបន្ទាប់ តាំងពីគណបក្សនេះឈ្នះឆ្នោតនៅក្នុងឆ្នាំ១៩៩៣ ក្រោយមកត្រូវបានហែកជាចំរៀកៗដោយសារតែបញ្ហាផ្ទៃក្នុង រហូតគ្មានអាសនៈនៅក្នុងរដ្ឋសភា។ ដោយឡែកសមាជិក សមាជិកា ក៏ដូចជាថ្នាក់ដឹកនាំជាច្រើន ដែលមានលោក សម រង្ស៊ី ជាដើម បានដើរចេញ ធ្វើឲ្យគណបក្សនេះចុះខ្សោយជាលំដាប់ ហើយចុងក្រោយនេះ បន្ទាប់ពីសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ បានទទួលគ្រោះថ្នាក់ចរាចរ ផ្ទៃក្នុងគណបក្សក៏បានរង្គោះរង្គើបន្ថែមទៀត ដោយថ្នាក់ដឹកនាំបានចែកជាពីរក្រុមផ្សេងគ្នា ហាក់ដូចជាពស់ក្បាលពីរទៅហើយ។ គេកំពុងតាមដានមើលវាសនា ក៏ដូចជាអនាគតគណបក្សរាជានិយមមួយនេះ នឹងទៅជាយ៉ាងណា៕
ដោយ ៖ កោះកែវ