Connect with us

សន្តិសុខសង្គម

កម្លាំងចម្រុះខេត្តសៀមរាប បន្តចុះបង្ក្រាបសិប្បកម្មឈើខុសច្បាប់ ៧ កន្លែង និងឡដុតធ្យូង ១ កន្លែង ក្នុងស្រុកបន្ទាយស្រី និងស្រុកវ៉ារិន

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ៤ ខែ​មីនា ឆ្នាំ ២០២៦ ថ្មីៗ នេះ លោក អ៊ឹង គឹមលាង អភិបាល​រង​ខេត្ត​សៀមរាប បាន​បន្ត​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​សិប្បកម្ម​ឈើ​ខុស​ច្បាប់ ៧ កន្លែង និង​ឡ​ដុត​ធ្យូង ១ កន្លែង ក្នុង​ភូមិសាស្ត្រ​ស្រុក​បន្ទាយស្រី និង​ស្រុក​វ៉ារិន ដោយ​ម្ចាស់​អាជីវកម្ម​ណា​នៅតែ​បន្ត​សកម្មភាព​ល្មើស​ច្បាប់​តទៅទៀត នឹង​ត្រូវ​ប្រឈមមុខ​នឹង​ចំណាត់​ការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន គ្មាន​ការ​លើកលែង​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹង គឹមលាង បាន​បញ្ជាក់​ថា កន្លងមក អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ បាន​ចុះ​ណែនាំ និង​បញ្ឈប់​មិន​ឲ្យ​មាន និង​មិន​ឲ្យ​ធ្វើ​សិប្បកម្ម​កែច្នៃ​ខុសច្បាប់​បន្ត​ទៀត ប៉ុន្តែ​ទីតាំង​ខាងលើ​ពួកគាត់​នៅតែ​បន្ដ​ធ្វើ​សិប្បកម្ម​កែច្នៃ​នេះ​ដោយ​ខុសច្បាប់​ដដែល។ ដូច្នេះ ក្នុង​នាម​ មន្ត្រី​ជំនាញ ក្រុម​ការងារ​ពាក់ព័ន្ធ​នឹង​ធ្វើការ​អនុវត្ត​តាម​ផ្លូវ​ច្បាប់ ដោយ​រឹបអូស​ម៉ាស៊ីន​កែច្នៃ និង​ឈើ​ខុសច្បាប់​ទាំងនេះ​ជា​ដាច់​ខាត។

លោក​ក៏បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​សហគមន៍​ឡ​ធ្យូង​គំរូ​មួយ​នៅ​ភូមិ​កំព្រហ្ម ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី ដែល​សហគមន៍​នេះ នឹង​តម្រូវ​ឲ្យ​ប្រើប្រាស់​តែ​ប្រភេទ​ឈើ​ក្នុង​ស្រុក​មិន​ប៉ះពាល់​ដល់​ព្រៃឈើ​ធម្មជាតិ ឬ​ព្រៃ​សហគមន៍ ដូចជា ដើម​ស្វាយចន្ទី ឫស្សី និង​ត្រឡោក​ដូង​ជាដើម។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ចម្រុះ បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង​លើ​ទីតាំង​សរុប​ចំនួន ៨ មាន​សិប្បកម្ម​ឈើ ៧ កន្លែង និង​ឡ​ដុត​ធ្យូង ១ កន្លែង។ ក្នុង​នោះ ក្រុម​ការងារ​ចម្រុះ បាន​សម្រេច​ដកហូត​នូវ​ឧបករណ៍​បម្រើ​ឲ្យ​សកម្មភាព​កែច្នៃ​ឈើ​ជា​ច្រើន​រួមមាន ៖ ម៉ាស៊ីន​តាប ៤ គ្រឿង , ម៉ាស៊ីន​វាល ៣ គ្រឿង , ម៉ាស៊ីន​ច្រៀក ៤ គ្រឿង , ម៉ាស៊ីនភ្លើង ៤ គ្រឿង , ម៉ាស៊ីន​ខ្យល់ , ម៉ាស៊ីន​កាត់​ឈើ និង​ឧបករណ៍​ក្រឡឹង​មួយ​ចំនួន​ទៀត។ ជាមួយ​គ្នា​នោះ ក្រុមការងារ ក៏បាន​ដកហូត​ឈើ​ប្រណិត និង​ឈើ​លេខ ១ ចំនួន ២ ទីតាំង ជា​ប្រភេទ​ឈើ​កំណាត់​សម្រាប់​ដុត​ធ្យូង ព្រមទាំង​សសរ​ឈើ​មួយ​ចំនួន​ដែល​ម្ចាស់​បាន​រត់គេច​ខ្លួន​បាត់។

ក្រៅពី​ការ​ដកហូត អាជ្ញាធរ​ខេត្ត​សៀមរាប បាន​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​អាជីវកម្ម​កែច្នៃ​ផល​អនុផល​ព្រៃឈើ​ជា​បន្ទាន់។ ដោយឡែក​ចំពោះ​ករណី​ឡ​ធ្យូង​ក្នុង​ដែន​អភិរក្ស ស្ថិត​នៅ​ភូមិ​ពើង​ឆ័ត្រ អាជ្ញាធរ បាន​ចុះ​ផ្សព្វផ្សាយ និង​ធ្វើ​កិច្ច​សន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​ផង​ដែរ៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម