សន្តិសុខសង្គម
ថ្ងៃទី ២២ មិថុនា ចុះត្រួតពិនិត្យ ៦៤ ទីតាំង នៅភ្នំពេញ រកឃើញ ONLINE SCAMS ២ ករណី ឃាត់ខ្លួនជនសង្ស័យ ២ នាក់
ខណៈចុះត្រួតពិនិត្យ និង ផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និង សណ្ឋាគារ ចំនួន ៦៤ ទីតាំង នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ ម្សិលមិញ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញជនបរទេសស្នាក់នៅ ៣០៦ នាក់ និង រកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ ករណី ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ២ នាក់។



លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី ២៣ មិថុនា នេះថា ក្រោមការដឹកនាំ និង បញ្ជាផ្ទាល់របស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ ម្សិលមិញនេះ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១៤ ចុះត្រួតពិនិត្យ និង ផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និង សណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន ៦៤ ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៣០៦ នាក់ (ស្រី ៩០ នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ។



លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ក្នុងចំណោម ៦៤ ទីតាំងនេះ ក្រុមការងារ បានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ ករណី រួមមាន ៖ ១.នៅខុនដូរភ្នំពេញកាឡាក់ស៊ីហ្គាដេន អគារ B បន្ទប់លេខ ១៦០៤ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២ នាក់ (ប្រុស) ព្រមទាំងដកហូតសម្ភាររួមមាន ៖ ទូរស័ព្ទ ១ គ្រឿង និង Tablet ៤ គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពឆបោកក្លែងកិច្ចសន្យា ឬ ឆបោកប្រាក់កម្ចី។ ២.នៅអគារខុនដូរដដែល ក្នុងបន្ទប់លេខ ២៤០២ គ្មានមនុស្សសា្នក់នៅ និង ដកហូតសម្ភារ រួមមាន ៖ ទូរស័ព្ទ ១៣ គ្រឿង និង កុំព្យូទ័រយួរដៃ ១ គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកឧបករណ៍បម្រើឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។





លោកស្រី ដោ សម្ផស្ស បានបន្តថា ពាក់ព័ន្ធនឹងការងារចុះពិនិត្យនេះដែរ ក្រុមការងារខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំង LH Residence ស្ថិតនៅអគារលេខ ១៣ ផ្លូវលេខ ៩ ភូមិ ៥ សង្កាត់ទន្លេបាសាក់ ក្នុងអគារ A បន្ទប់លេខ ៦០៥ ជាន់ទី ៦ និង អគារ B បន្ទប់លេខ ៨០១ ជាន់ទី ៨ បានរកឃើញបទល្មើសចំនួន ១ ករណី ដោយបានដកហូតសម្ភារៈកុំព្យូទ័រ All in one ចំនួន ៥ គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកទិន្នន័យវេបសាយសម្រាប់ចែកចាយរូបភាព និង វីដេអូអាសអាភាសតាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្ន ជនសង្ស័យ និង សម្ភារទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។




លោកស្រី ដោ សម្ផស្ស ក៏បានរំលឹកផងដែរថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ម្សិលមិញនេះ លោក ឃួង ស្រេង ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ម្ចាស់ទីតាំង និង ប្រជាពលរដ្ឋទូទៅ សហការធ្វើយ៉ាងណាឱ្យការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាន់តែមានប្រសិទ្ធិភាព៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


