Connect with us

សន្តិសុខសង្គម

កូនប្រុសមន្ត្រីអាវុធហត្ថខេត្តសៀមរាប បានយកអាវុធខ្លីឪពុកទៅបាញ់សម្លាប់ខ្លួនឯង នៅបន្ទប់ទឹក

បានផុស

នៅ

កូនប្រុស​របស់​មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាប ម្នាក់​បាន​យក​អាវុធខ្លី​របស់​ឪពុក​ទៅសម្ងំ​ក្នុង​បន្ទប់ទឹក​រួច​បាញ់សម្លាប់​ខ្លួនឯង​យ៉ាង​អាណោចអាធ័ម។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​១៥:០០​នាទី កាលពីថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ​២ ០២១ ត្រង់​ចំ​ណុ​ចផ្ទះ​ជនរងគ្រោះ ស្ថិត​ក្រុមទី​ ១២ ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​ព័ត៌មាន​ពី​គ្រួសារ​សព កម្លាំង​នគរបាល​បច្ចេកទេស វិទ្យាសាស្ត្រ កម្លាំង​អធិការនគរបាល​ក្រុង​សៀមរាប កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្លក្រាម និង​គ្រូពេទ្យ បាន​ចុះ​ដល់​កន្លែងកើតហេតុ បាន​ពិនិត្យ និង​ស្រាវ​ជាវ ជា​លទ្ធផល​បឋម​ដូចខាងក្រោម​៖​ ជនរងគ្រោះ​ឈ្មោះ វឿន ស៊ីតនី​ណា​ថា​ន់ ភេទ​ប្រុស អាយុ ១៣​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ទីតាំង​កន្លែងកើតហេតុ​ខាងលើ​។ ​អាវុធ​ខ្លីម៉ាក SIG SAUER លេ​ខៈ​2711U-S បង់​២ ផលិត​នៅ​ប្រទេស​អាមេរិក គ្រាប់​សរុប​ចំនួន ៩​គ្រាប់ បាញ់​អស់ ១​គ្រាប់ នៅសល់​ជាក់ស្តែង​ចំនួន ៨​គ្រាប់​)​។​ សមត្ថកិច្ច​បន្តថា តាម​ការ​ស្ដាប់​បំភ្លឺ​របស់​ឈ្មោះ លីម ស្រី​ឡា ភេទ​ស្រី អាយុ ៣៥​ ឆ្នាំ (​ត្រូវជា​ម្ដាយចុង​របស់​សព​) បាន​រៀបរាប់​បំភ្លឺថា នៅ​អំឡុង​ឆ្នាំ​២០០៨ រូប​ខ្លួន​បាន​រៀបការ​មួយ​ឈ្មោះ អ៊ុយ ច​យ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ហើយ​បានមក​រស់នៅ​ផ្ទះ​ចំណុចកើតហេតុ​ខាងលើ ហើយ​មានកូន​ប្រុស​ម្នាក់​ឈ្មោះ វឿន ចាន់​រ៉ា​វុ​ទ្ធ ។ នៅ​ឆ្នាំ​២០១២ ប្ដី​របស់ខ្លួន បាន​យក​កូនដើម​របស់គាត់​ឈ្មោះ វឿន ស៊ីតនី​ណា​ថា​ន់ មក​រស់នៅ​ផ្ទះ​ជាមួយ​ពួកខ្លួន ដោយ​ពួកខ្លួន​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​ដូច​កូនបង្កើត ហើយ​ពេល​រស់នៅ​ជាមួយគ្នា​រូប​ខ្លួន និង​ប្ដី មិនដែល​បាន​ប្រើប្រាស់​ហិង្សាទៅលើ​កូន​នោះទេ គ្រាន់តែ​ពេលខ្លះ មានការ​ស្ដីបន្ទោស ព្រោះ​រូបគាត់​ជា​មនុស្ស​មាន​ចរឹក​រឹងរូស។

​នៅ​ឆ្នាំ​ ២០២១ ឈ្មោះ វឿន ស៊ីតនី​ណា​ថា​ន់ ចាប់ផ្ដើម​មាន​អាកា​រៈ​ប្លែកៗ មិន​និយាយ​ស្ដីរក​អ្នកណា មិន​ចេញ​ក្រៅ​ផ្ទះ ចូលចិត្ត​សម្ងំ​នោះ​តែ​ក្នុង​បន្ទប់​លេង​តែ​ហ្គេម។ នៅ​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ​ ២០២១ វេលា​ម៉ោង​១២:៣០​នាទី ប្ដី​របស់ខ្លួន​ឈ្មោះ អ៊ុយ ច​យ បាន​ជិះ​រថយន្ត​មកដល់​ផ្ទះ ហើយ​បាន​ដើរ​ចូលទៅ​ហូបបាយ និងបាន​និយាយ​ជាមួយ​កូន​គាត់ ដោយ​គាត់​បាន​ប្រាប់ថា​ ឲ្យ​គេ​ទៅ​កាត់សក់ និង​យក​អាវ​ទៅ​ប៉ាក់​ឈ្មោះ​។ ក្រោយពេល​និយាយ​គ្នា​រួច​រូបគេ​បាន​ទាញយក​សោ​រថយន្ត ប៉ុន្តែ​ត្រូវបាន​ប្ដី​របស់ខ្លួន ស្រែក​សួរថា​យក​សោ​ទៅធ្វើ​អ្វី ហើយ​ឈ្មោះ វឿន ស៊ីតនី​ណា​ថា​ន់ បានដាក់​សោរ​ចុះ​ហើយ​បាន​ដើរចូល​ទៅក្នុង​បន្ទប់​គេ​បាត់​។ ​លុះដល់​វេលា​ម៉ោង​១៥:០០​នាទី ថ្ងៃ​ដដែល កូនប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ វឿន ចាន់​រ៉ា​យុទ្ធ បាន​ត្រលប់​មកពី​រៀន​ក៏បាន​ឃើញ​ស្រោម​អាវុធ​របស់​ប្ដី​ខ្លួន នៅលើ​តុ ហើយ​រូបគេ​បាន​យកទៅ​ឲ្យ​ប្ដី​ខ្លួន​មើល ពេលនោះ​រូបគាត់ និង​ប្តី​បាន​ស្ទុះ​ទៅ​មើល​ក្នុង​បន្ទប់ដេក​របស់​ឈ្មោះ វឿន ស៊ីតនី​ណា​ថា​ន់ ប៉ុន្តែ​មិនឃើញ ហើយក៏​នាំគ្នា​ទៅ​មើល​ក្នុង​រថយន្ត ស្រាប់តែ​បាត់​អាវុធ ទើប​គាត់​បាន​ចេញមក​ខាងក្រៅ​ឃើញ​ទ្វារ​បន្ទប់ទឹក​បិទ​ហើយ​ចាក់សោពី​ខាងក្នុង ហើយ​ក៏បាន​គោះទ្វារ ប៉ុន្តែ​មិនមាន​អ្នកណា​បើក ទើប​ប្តី​គាត់​បានសម្រេច​ចិត្ត​ធាក់​ទ្វារ​បន្ទប់ទឹក​នោះ​រហូតដល់​របើក ហើយ​បានឃើញ​កូនប្រុស​ឈ្មោះ វឿន ស៊ីតនី​ណា​ថា​ន់ បាន​ដេក​ផ្កាប់មុខ ដោយមាន​ឈាម​ហូរ​ស្រោច​លើ​កា​រូ និង​ឃើញ​អាវុធខ្លី​នៅជាប់​នឹង​ខ្លួន ដោយពេល​នោះ​ប្ដី​របស់គាត់​បាន​ទាញ​លើក​កូន​ដើម្បី​ជួយសង្គ្រោះ ប៉ុន្តែ​កូន​បាន​ស្លាប់បាត់​ហើយ​។​ ទើប​ប្តី​គាត់​ក៏បាន​លើកយក​អាវុធ​នោះមក​កាន់ រួច​បានដាក់ចុះ​ទៅវិញ បន្ទាប់មក​ប្ដី​របស់ខ្លួន​ក៏បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ដើម្បី​មក​ពិនិត្យ ពេល​សមត្ថកិច្ច​ចុះមក​ពិនិត្យ ដោយ​លើក​បង្វិល​ផ្ងារ​សព និង​ជូត​ឈាម​សម្អាត ដើម្បី​ពិនិត្យ​ស្លាកស្នាម ទើប​ឃើញថា​ មាត់​របស់​សព​មាន​បិទ​ស្កុត​ពណ៌​ខ្មៅ​។

​សមត្ថកិច្ច​បន្ថែមថា តាម​ការ​ស្ដាប់​បំភ្លឺ​របស់​ឈ្មោះ ច័ន្ទ លក្ខិណា ភេទ​ស្រី អាយុ ៤០​ឆ្នាំ (​ម្តាយបង្កើត​ជនរងគ្រោះ​) បាន​ឲ្យ​ដឹងថា​នៅ​អំឡុង​ឆ្នាំ​២០១៦ ខ្លួន​បាន​លែងលះ​ជាមួយ​ប្តី​ឈ្មោះ អ៊ុយ ច​យ ក្រោយមក​អតីត​ប្តី​បាន​យក​កូន​ឈ្មោះ វឿន ស៊ីតនី​ណា​ថា​ន់ ទៅ​រស់នៅ​ជាមួយ ក្នុង​ការរួម​រស់នៅ​ជាមួយ​ឪពុក គឺ​ពុំ​ដែលមាន​បញ្ហា​អ្វី​នោះទេ ហើយ​កូនប្រុស​ម្នាក់នេះ គឺជា​មនុស្ស​ប្រើតែ​ដៃ​ឆ្វេង​ក្នុងការ​សរសេរ ឬ​កាន់​វត្ថុ​ផ្សេងៗ​។ ចាប់ពី​អំឡុង​ឆ្នាំ​២០១៩ មក​កូនប្រុស​ខ្លួន​ឈ្មោះ វឿន ស៊ីតនី​ណា​ថា​ន់ មាន​អាការ​:​ប្លែកៗ មិនសូវ​និយាយស្តី​ជាមួយ​នរណា ចូលចិត្ត​នៅ​ម្នាក់ឯង​។ ជាក់ស្តែង​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៦:៤០​នាទី កូនស្រី​ឈ្មោះ វឿន ស៊ីត​និ​ត​ថន បាន​ទូរស័ព្ទ​ប្រាប់ថា អូន​សិទ្ធ​ស្លាប់​ហើយ ពេលឮ​ដូច​នោះ​ខ្លួន​បាន​ជិះ​ម៉ូតូឌុប​ទៅរក​កូន​នៅផ្ទះ​អតីត​ប្តី​ឈ្មោះ អ៊ុយ ច​យ ហើយ​បានឃើញ​កូន​ស្លាប់​នៅក្នុង​បន្ទប់ទឹក​ក្រៅ​ផ្ទះ ដោយមាន​ឈាម​ហូរ​ប្រឡាក់​ខ្លួន ហើយ​គ្មាន​សំលៀកបំពាក់ ដោយ​បាញ់សម្លាប់​ខ្លួនឯង​នឹង​កាំភ្លើងខ្លី​របស់​អតីត​ប្តី​។​

តាម​ការ​ស្តាប់​ឈ្មោះ វឿន ច័ន្ទ​បរ​មី ភេទ​ស្រី អាយុ ២៣ ​ឆ្នាំ និង​ឈ្មោះ វឿន ស៊ីត​និ​ត​ថន ភេទ​ស្រី អាយុ ២១​ឆ្នាំ (​អ្នក​ទាំងពីរ​ត្រូវជា​បងស្រី​បង្កើត​របស់​ជនរងគ្រោះ​) បាន​បំភ្លឺ​ស្រដៀង​គ្នា​ថា​៖ ក្រោយពេល​ម្តាយ​បាន​លែងលះ​ជាមួយនិង​ឪពុក​ឈ្មោះ អ៊ុយ ច​យ ប្អូនប្រុស​របស់​ឈ្មោះ វឿន ស៊ីតនី​ណា​ថា​ន់ (​ជនរងគ្រោះ​) បាន​ទៅ​រស់នៅ​ជាមួយ​ឪពុក​តាំងពី​នៅ​តូច​មក​ម្ល៉េះ ហើយ​ជនរងគ្រោះ​ជាម​នុស្ស​ស្ងប់ស្ងាត់ ចូលចិត្ត​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក មិន​ងាយ​ជួប​គេឯង​នោះទេ សូម្បីតែ​បងប្អូន និង​ម្តាយបង្កើត​ចង់​ជួប​ហូប​អាហារ​ជុំគ្នា ក៏​គេ​មិន​ងាយ​ចេញទៅ​ជួប​ដែរ ក្នុងនោះ​ថ្មីៗ​នេះ​គេ​បាន​និយាយ​ប្លែកៗ​មកកាន់​ពួកខ្លួន​ទាំងពីរ​ថា ប្អូន​អត់​នៅទេ តិច​ទៀត​ប្អូន​ទៅវិញ​ហើយ ពេលនោះ​ពួកខ្លួន​ក៏បាន​សួរថា ទៅណា​? គេ​តប​ថា គេ​ទៅ​ស្លាប់ ហើយ​គេ​និយាយ​ពាក្យ​នេះ​ជា​ច្រើ​ង​លើក​ផងដែរ ស្រាប់តែ​នៅ​ល្ងាច​មិញ​នេះ​ឪពុក​ខ្លួន​ឈ្មោះ អ៊ុយ ច​យ បាន​ទូរស័ព្ទ​ប្រាប់ថា អា​អូន​បាន​បាញ់សម្លាប់​ខ្លួនឯង​ក្នុង​បន្ទប់ទឹក​បាត់​ហើយ​។​

សមត្ថកិច្ច​បញ្ជាក់​ថា តាម​ការ​ស្តាប់​ចម្លើយ​របស់​ឈ្មោះ អ៊ុយ ច​យ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ និង​ជា​ម្ចាស់ផ្ទះ​កន្លែងកើតហេតុ​ខាងលើ បាន​ឲ្យ​ដឹងថា សព​ត្រូវជា​កូនបង្កើត​របស់ខ្លួន ដោយ​នៅវេលា​ម៉ោង​ប្រហែល ១៥:០០​នាទី ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ កូនប្រុស​របស់ខ្លួន​ឈ្មោះ វឿន ច័ន្ទ​រ៉ា​យុទ្ធ ភេទ​ប្រុស អាយុ​១៣ឆ្នាំ បាន​កាន់​ស្រោម​កាំភ្លើង​មក​សួរ​ខ្លួន​ថា ប៉ា​ម៉េច​បាន​ស្រោម​កាំភ្លើង​ប៉ា​ឯង​មក​នៅលើ​កៅអី​ក្នុង​បន្ទប់​របស់ខ្ញុំ ភ្លាមនោះ​គាត់​បាន​កាន់​ស្រោម​កាំភ្លើង​រួច​រត់​មករក​កាំភ្លើង​ក្នុង​ឡាន​តែ​ពុំ​ឃើញ ហើយ​បាត់​កូនប្រុស​របស់ខ្លួន​ឈ្មោះ វឿន ស៊ីតនី​ណា​ថា​ន់ ក៏​មិនឃើញ​នៅក្នុង​បន្ទប់ ខ្លួន​ក៏​ឆោឡោ​រត់រ​កកូន​នៅ​បន្ទប់ទឹក​ក្រៅ​ផ្ទះ ដោយ​ឃើញ​ទ្វារ​បន្ទប់ទឹក​ចាក់សោរ​ពី​ខាងក្នុង ហៅ​ពុំមាន​នរណា​បើក ក៏​សម្រេចចិត្ត​ធាក់​ទ្វារ​នោះ របើក ក៏បាន​ឃើញ​កូន​ខ្លួន ដេកស្លាប់​ផ្កាប់មុខ និង​មាន​ឈាម​ពេញ​បន្ទប់ទឹក ដោយ​សព​អាក្រាត​កាយ រីឯ​កាំភ្លើងខ្លី​របស់ខ្លួន​នៅក្បែ​ខ្លួន​សព​ផ្នែក​ខាងស្តាំ ចំពោះ​អាវុធ​ខ្លីម៉ាក SIG SAUER ផលិត​នៅ​ប្រទេស អាមេរិក ជា​កម្ម​សិទ្ធ​របស់ខ្លួន ចំណែក​ប័ណ្ណ​សម្គាល់​អាវុធ​មិនមាន កំពុង​ដាក់សំណើរ។ គាត់​បានបញ្ជាក់​ផងដែរ​ថា នៅ​មុនពេល​កើតហេតុ កូនប្រុស​របស់គាត់​តែងតែ​សម្ងំ​ស្ងៀមស្ងាត់​នៅក្នុង​បន្ទប់ដេក​របស់គេ និង​បាន​និយាយ​ជា​ញឹកញាប់​ថា អូន​ទៅហើយ ដោយ​មិន​នឹកស្មានថា ​គេ​គិត​ចង់​ធ្វើអត្តឃាត​បែប​និង​ទេ​។​

បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​កន្លែងកើតហេតុ​ និងធ្វើ​កោសល្យវិច័យ​រួច​ក៏បាន​ប្រគល់​សព​ទៅ​គ្រួសារ​ជនរងគ្រោះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម