សន្តិសុខសង្គម
បក្ស LDP ប្រកាសបន្តជួបជុំដល់ដាច់ខែកញ្ញា ខណៈអាជ្ញាធរខេត្តសៀមរាបដាក់កំហិតឲ្យរំសាយនៅយប់នេះ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)របស់លោក ខឹម វាសនា ប្រចាំខេត្តសៀមរាប បានឲ្យដឹងថា ខ្លួនបានជូនដំណឹងដល់អាជ្ញាធរពីគម្រោងជួបជុំសមាជិកបក្សរបស់ខ្លួន នឹងត្រូវបន្តរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២។ លិខិតនេះ តំណាងគណបក្ស LDP ប្រចាំខេត្តសៀមរាប ដាក់ជូនទៅកាន់អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានលើកឡើងនៅក្នុងលិខិតនោះថា គណបក្ស បានប្រារព្ធកម្មវិធីជួបជុំសមាជិក ស្ថិតក្នុងបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំពោះការជួបជុំនេះ គណបក្ស បានសហការយ៉ាងជាប់លាប់ជាមួយអាជ្ញាធរមូលដ្ឋាន ហើយបានដាក់លិខិតជូនដំណឹងទៅរដ្ឋបាលឃុំត្បែង ដើម្បីជ្រាបជាដំណឹង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ និងបានអនុញ្ញាតឱ្យសមត្ថកិច្ចអាចចេញចូល ដើម្បីត្រួតពិនិត្យក្នុងបរិវេណទីតាំងជួបជុំរាល់ពេលវេលា។
សម្រាប់ការជួបជុំនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអះអាងថា បានរៀបចំរក្សាសណ្តាប់ធ្នាប់យ៉ាងមានរបៀបរៀបរយ ហើយរក្សាអនាម័យបានល្អ និងបានអនុវត្តតាមវិធានការចុងក្រោយរបស់ក្រសួងសុខាភិបាលអំពីការការពារពីការឆ្លងជំងឺកូវីដ១៩។ ចំពោះសំណង់នានាក្នុងបរិវេណចម្ការដែលជាកម្មសិទ្ធិស្របច្បាប់ គឺគ្រាន់តែជាសំណង់ស្រាលសម្រាប់សម្រាកក្នុងរយៈពេលខ្លី ពុំមែនជាសំណង់រឹងមាំឡើយ។ រីឯ រយៈពេលនៃការជួបជុំរបស់គណបក្សក្នុងបរិវេណចម្ការនេះ បានបញ្ជាក់ច្បាស់លាស់ក្នុងលិខិតជូនដំណឹងទៅរដ្ឋបាលឃុំតែងរួចរាល់ហើយ គឺនឹងបញ្ចប់នៅដំណាច់ខែកញ្ញា ឆ្នាំ២០២២។

លិខិតដដែលនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបញ្ជាក់ថា ខ្លួន គឺជាគណបក្សនយោបាយស្របច្បាប់ មានប្រកាសទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ ដូច្នេះ ការជួបជុំសមាជិករបស់គណបក្សដែលបានធ្វើមកនេះ ពុំមានអ្វីដែលផ្ទុយនឹង ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាឡើយ។
បើទោះបីជាមានលិខិតជូនដំណឹងនេះក្តី អាជ្ញាធរខេត្តសៀមរាប នៅមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយនោះទេ។ ប៉ុន្តែ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា រហូតមកដល់រសៀលថ្ងៃទី៣០ ខែសីហានេះ លោកនៅមិនទាន់ឃើញក្រុមប្រជាពលរដ្ឋដែលមកជួបជុំគ្នានោះ បានរុះរើ ដើម្បីរំសាយ ឬក៏មានបំណងចាកចេញពីកន្លែងជួបប្រជុំនៅឡើយទេ។ អាជ្ញាធរស្រុកបន្ទាយស្រី បានដាក់បញ្ជាយ៉ាងតឹងតែងនៅរសៀលថ្ងៃនេះ ដោយមិនអនុញ្ញាតឱ្យក្រុមអ្នកលក់ដូរចំណីអាហារ ឬក៏របស់របរប្រើប្រាស់ទាំងឡាយអាចចូលទៅលក់ ដែលជាហេតុអាចនាំឱ្យទ្រង់ទ្រាយនៃការជួបប្រជុំនោះ កាន់តែរីកធំ។

ចាប់តាំងតែពីទៀបភ្លឺថ្ងៃទី៣០ខែសីហា សមមត្ថកិច្ចចម្រុះដែលមានកម្លាំងនគរបាល កងរាជអាវុធហត្ថ និងទាហានផង បានរាយបណ្ដាក់នៅលើដងផ្លូវសំខាន់ៗចំនួន៥កន្លែង។ ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចនោះ គឺក្នុងគោលបំណងរារាំងអ្នកចំណូលថ្មីទាំងអស់ មិនឱ្យចូលទៅកាន់តំបន់ជួបប្រជុំបានទៀតទេ ប៉ុន្តែសម្រាប់អ្នកដែលចង់ចាកចេញ គឺសមត្ថកិច្ចអនុញ្ញាត។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ខែសីហា លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដី នឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកអំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចំការរបស់លោក នៅឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយនេះ ។ បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរបស់មេបក្សរូបនោះមក ក៏មានពលរដ្ឋជិត២ម៉ឺននាក់ បាននាំក្រុមគ្រួសារធ្វើដំណើរ ខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ ទៅកាន់តំបន់ជើងភ្នំគូលែន។ ចំណែក ពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់ប្រញាល់វិលត្រឡប់មកកម្ពុជា ដោយបោះបង់ការងាររបស់ខ្លួនដែរ។

កាលពីថ្ងៃទី២៩ខែសីហា អភិបាលខេត្តសៀមរាបលោក ទៀ សីហា បានសរសេរលិខិតមួយផ្ញើជូន លោក ខឹម វាសនាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយក្នុងលិខិតនោះបញ្ជាក់ថា ការជួបជុំនេះពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩។ ដូច្នេះ ដើម្បីកុំឱ្យការប្រមូលផ្តុំ ការជួបជុំ និងការ បោះតង់ស្នាក់នៅខាងលើធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ និងសុខុមាលភាពរបស់ក្មេង ចាស់ជរា ប្រជាពលរដ្ឋ រដ្ឋបាលខេត្តសៀមរាបសុំឱ្យបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរ។

បើទោះបីជាមានលិខិតព្រមានពីអាជ្ញាធរខេត្តសៀមរាបក៏ដោយ ក៏រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានការឆ្លើយតបពីលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយ៉ាងណានៅឡើយទេ។តាមព័ត៌មានចុងក្រោយឱ្យដឹងថា គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ មិនមានគម្រោងរំសាយការជួបប្រជុំនេះនៅឡើយទេ ដោយគេបានដាក់ពាក្យស្នើសុំទៅអាជ្ញាធរឃុំត្បែងរបស់ស្រុកបន្ទាយស្រី ដើម្បីសុំបន្តការជួបប្រជុំគ្នារហូតដល់ដាច់ខែកញ្ញាខាងមុខ៕
ដោយ៖ កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


