សន្តិសុខសង្គម
ពលរដ្ឋរស់នៅក្នុងភូមិម័ល សង្កាត់ដង្កោ ត្អូញត្អែរ រឿងរោងចក្រចំនួនពីរបញ្ចេញផ្សែងពុលប៉ះពាល់សុខភាព និងបំពុលបរិស្ថាន
ប្រជាពលរដ្ឋរស់នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសម្ដែងការត្អូញត្អែរចំពោះរោងចក្រចំនួនពីរ ដែលបានបញ្ចេញផ្សែងពុលបង្កផលប៉ះពាល់ដល់សុខភាព និងបំពុលបរិស្ថាន។

ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋទាំងអស់រស់នៅជុំវិញបរិវេណរោងចក្រ អលឡាក់គី និងក្រុម ហ៊ុន គុនបូស្តាយស៍ អីតែរឹល ឯ.ក ដែលមានទីតាំងនៅផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ក្បែរក្លិបហាត់ប្រាណ មីងហួរ) សូមស្នើសុំអាជ្ញាធរសង្កាត់ដង្កោចាត់វិធានការលើរោងចក្រទាំងពីរនេះ ដោយបញ្ឈប់សកម្មភាពបង្ហុយផ្សែងក្នុងបរិយាកាសទាប ហើរចូលផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ដូចជាផ្លូវដង្ហើម និងផ្ទះរោលផ្សែងខ្មៅជាដើម។ ប្រភពព័ត៌មានខ្លះបានឲ្យដឹងថា រោងចក្រនេះបានដុតក្រណាត់ដើម្បីយកចំហេះ ដោយបង្ហុយផ្សែងចេញតាមបំពុងមានកម្ពស់ទាប ម៉្លោះហើយខ្យល់បក់ធ្វើឲ្យផ្សែងធ្លាក់ចុះ មកក្រោមចូលផ្ទះប្រជាពលរដ្ឋរស់នៅក្បែរខាងនៃរោងចក្រមួយនេះ។


យោងតាមអនុក្រឹត្យលេខ៧២ អ.ន.ក្រ.ប.ក ចុះថ្ងៃទី១១ សីហាឆ្នាំ១៩៩៩ ស្តីពីដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រង់មាត្រា៦ បានចែងថា ម្ចាស់គំរោងត្រូវធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ចំពោះគំរោងដែលតម្រូវឱ្យមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដូចមានចែងក្នុងឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ។ ផ្អែកតាមអនុក្រឹត្យនេះ រោងចក្រដែលបង្ហុយផ្សែងពុលគប្បីមានការវាយតម្លៃឡើងវិញ ព្រោះការបង្ហុយផ្សែងនៅទីប្រជុំធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផង និងសុខភាពសធារណៈ ដែលរស់នៅជុំវិញរោងចក្រនេះផង។

មាត្រា១៦២ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ចែងថា បុគ្គលដែលបង្កបញ្ហាបំពុលបរិស្ថាន ត្រូវទទួលខុសត្រូវលើសំណងផលប៉ះពាល់ដល់សុខភាព និងអាយុជីវិត ឫការខូចខាតទ្រព្យសម្បត្តិ ដែលបណ្តាលមកពីឥទ្ធិលនៃបញ្ហាបំពុលបរិស្ថាន និងត្រូវទទួលខុសត្រូវលើសំណងការខូចខាតបរិស្ថាន និងការស្តាបំពុលបរិស្ថានស្របតាមបញ្ញត្តិនៃក្រមនេះ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា១៧៦ តម្រូវឱ្យម្ចាស់ទីតាំងផលិតកម្ម ធ្វើការគ្រប់គ្រងការបំពុលបរិស្ថានឱ្យបានត្រឹមត្រូវ។

ពាក់ព័ន្ធករណីបណ្ដឹងរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិម័លនេះ បើតាមប្រសាសន៍លោកស្រី សឿង សរី ចៅសង្កាត់ដង្កោ ធ្លាប់បញ្ជាក់ថា អាជ្ញាធរ និងមន្រ្តីបរិស្ថានធ្លាប់ចុះទៅជួបរោងចក្រដែរ ហើយភាគីរោងចក្រ ឡាក់គី ឯកភាពកែសម្រួលបំពង់បង្ហុយផ្សែង ប៉ុន្ដែភាពជាក់ស្ដែងមកដល់ពេលនេះ គឺនៅដដែល។ ឯរោងចក្រមួយទៀត កំពុងសិក្សា តែទាក់ទងទៅក៏ស្ងាត់៕





-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


