Connect with us

កីឡា

សហព័ន្ធ​គុន​ល្បុក្កតោ អាណត្តិ​ថ្មី ទទួល​បាន​ប្រធាន​ថ្មី ក្រោយលោក ច័ន្ទ សារុន វ័យកាន់តែ​ច្រើន

បានផុស

នៅ

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃគណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា បាន​ក្លាយ​ជា​ប្រធានសហព័ន្ធ​គុន​ល្បុក្កតោ​កម្ពុជា អាណត្តិ​ថ្មី ២០២៦-២០៣០ បន្ទាប់​ពី​ប្រធាន​អាណត្តិ​​ចាស់វ័យ​កាន់​តែ​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ច័ន្ទ សារុន សមាជិក​រដ្ឋសភា​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​អាណត្តិ​ចាស់ ២០២១-២០២៦ ​បាន​ដឹក​នាំ​សហព័ន្ធ​​ទទួល​បាន​សមិទ្ធផល​គួរ​ជាទី​មោទនភាព​តាម​រយៈ​ការ​ដាក់​ចូល​ក្នុង​បញ្ជី​​សម្បត្តិបេតិកភណ្ឌពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ឆ្នាំ ២០២២ និង​បាន​ចូល​ក្នុង​ធម្មនុញ្ញា​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​មេដាយ​ជា​ផ្លូវ​ការ​ក្នុងនាម​ជា​កីឡា​អត្តសញ្ញាណ​ខ្មែរ។ ទោះ​បី​ជា​យ៉ាង​ណា លោក​មាន​វ័យ​កាន់​តែ​ចាស់​ដែល​ធ្វើ​ឲ្យ​លោក​ពិបាក​ក្នុង​ការ​ដឹក​នាំ​បន្ត​ ដូច្នេះ​លោក​បាន​សម្រេច​មិន​បន្ត​ដឹក​នាំ​ទៀត​ទេ។

តាម​រយៈ​មហា​សន្និបាតបញ្ចប់​អាណត្តិ​ចាស់ និង​បន្ត​អាណត្តិ​ថ្មី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ ២០២៦ គណៈកម្មការ​ប្រតិបត្តិ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ​​អាណត្តិ​ចាស់ក្លាយ​ជា​ប្រធាន​អាណត្តិ​ថ្មី ហើយ​លោក អ៊ូ​ តារា ដែល​ជា​អគ្គលេខាធិការ​រង​បាន​ក្លាយ​ជា​អគ្គលេខាធិការ។

ជា​មួយ​គ្នានេះ លោក សឹង្ហ ទុំ, លោក សេង សុភ័ក្ត្រ, លោក សេង ប៊ុនសុង និង​លោក សាន អង្គររាជវ័ន្ត ជា​អនុប្រធាន ព្រម​ទាំង​មានអគ្គលេខាធិការ​រង​ ១នាក់ អគ្គហេរញ្ញិក ១នាក់ និងសមាជិក ៩​នាក់​ទៀត​នៃគណៈកម្មការ​ប្រតិបត្តិ​អាណត្តិ​ថ្មី។

ល្បុក្កតោ​ ជា​កីឡា​អត្តសញ្ញាណ​ជាតិ​ខ្មែរ​បាន​កំពុង​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជា​ពិសេស​បានក្លាយ​ជា​កីឡា​ប្រពៃណី​ដ៏​ពេញ​និយម​​សម្រាប់ការ​សម្តែង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​​ផ្លូវ​ការ​ នៅ​ក្នុង​ប្រទេស​កម្ពុជា និងតាម​បណ្តា​ប្រទេស​ផ្សេង​ៗ​នៅ​លើ​ពិភព​លោក៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម