Connect with us

កីឡា

កម្ពុជា បញ្ចប់​ភារកិច្ច​ក្នុង​កីឡា​ឆ្នេរខ្សាច់​អាស៊ី លើក​ទី​៦ ដោយ​ទទួល​បាន​មេដាយ ២ គ្រឿង

បានផុស

នៅ

កីឡា​ទាំង ៤ ប្រភេទ​របស់​កម្ពុជា បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​កាល​ពី​​ថ្ងៃ​ទី​២៨​ ខែ​មេសា ឆ្នាំ ២០២៦ ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី លើក​ទី​៦ នៅ​ប្រទេស​ចិន ដោយ​ទទួល​​បាន​មេដាយ​ចំនួន ២ គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា បាន​បញ្ជូន​កីឡា​ចំនួន ៤ ប្រភេទ គឺ កីឡាទ្រីយ៉ាថ្លុង ​ជឺជីតស៊ូ បាល់ទាត់​លើ​តុ និង​​កីឡា​ចំបាប់ ដែល​ស្មើ​នឹង​កីឡាករ កីឡាការិនី ១៨ នាក់​ចូល​រួម​ប្រកួត។ ជា​លទ្ធផល កីឡាទ្រីយ៉ាថ្លុង ទទួល​បាន​មេដាយ​ប្រាក់ ១ គ្រឿង ដោយ​កីឡាការិនីកូន​កាត់​ខ្មែរ-បារាំង ម៉ហ្គត មរកត និង​មេដាយ​សំរិទ្ធ ១ គ្រឿង​រក​បាន​ដោយ​កីឡា​បាល់ទាត់​លើ​តុគឺ កីឡាការិនី ម៉ី ស្រីមាស និង យ៉ន សោភ័ណ្ឌ​រស្មី។

ចំណែក​កីឡា​ជឺជីតស៊ូ​​ធ្វើ​មិន​បាន​ល្អ​ទេ​ដោយ​មាន​កីឡាករ សៅ សុភារ៉ា បាន​ឈ្នះ​កីឡាករ​ថៃ ក្នុង​ជុំ ៣២ នាក់​ដំបូង ប៉ុន្តែ​ចាញ់​​ត្រឹម​វគ្គ​១៦​នាក់​ចុង​ក្រោយ។ ចំណែក​​កីឡាករ ៣ នាក់​ផ្សេង​ទៀត​បាន​ចាញ់​ត្រឹម​វគ្គ ៣២ នាក់​ដំបូង។

ចំពោះ​កីឡា​ចំបាប់​វិញ កីឡាករ ឈឿន ឆេង បាន​ឈ្នះ ១ ប្រកួត និង​ចាញ់ ២ ប្រកួត​​នៅ​វគ្គ​​ក្នុង​ពូល ​ប៉ុន្តែ​មិន​បាន​ឡើង​ទៅ​វគ្គ​បន្ត​ទេ។ កីឡាករ ហេង រដ្ឋា, កីឡាករ ហេង វុទ្ធី, កីឡាការិនី ឌិត សំណាង​, កីឡាការិនី ឈឿន ស្រីឡែន និង​កីឡាការិនី ជា កញ្ញា សុទ្ធ​តែ​ចាញ់​ទាំង ៣ ប្រកួត​នៅ​វគ្គ​ពូល​ដូច​គ្នា។

ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់អាស៊ី លើក​ទី​៦ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ ២០២៦ បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​មេសា។

គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​មេសា​នេះ កម្ពុជា ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១៦ ក្នុង​តារាង​មេដាយ ប៉ុន្តែ​នឹង​មាន​ការ​ប្រែ​ប្រួល​បន្ថែម​ទៀត​ដោយសារ​ការ​ប្រកួត​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី៣០ ខែ​មេសា។

ព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ទ្វីបអាស៊ី លើកទី៦ បាន​ចាប់​ផ្តើម​បើក​ជា​ផ្លូវ​ការ​កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ និង​បិទ​បញ្ចប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុង Sanya ប្រទេសចិន។ កីឡា​មាន​ចំនួន ១៤ ប្រភេទ ស្មើ​នឹង​ ៦១ វិញ្ញាសា ដែល​មាន​ប្រទេស​ ៤៥ មកពីទូទាំងអាស៊ីចូល​រួម​ប្រកួត៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម